យ៉ូស្វេ 5:1-15

យ៉ូស្វេ 5:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គេ​បាន​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត ហើយ​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ ដោយ​ព្រោះ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល។ នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​យក​ថ្ម​ធ្វើ​ជា​កាំបិត រួច​កាត់​ស្បែក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​ថ្មី​ម្ដង​ទៀត»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​ធ្វើ​កាំបិត​ពី​ថ្ម ហើយ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​គីបៀថ-ហារ៉ា‌ឡុត ។ លោក​យ៉ូស្វេ​បាន​ធ្វើ​ពិ​ធី​កាត់​ស្បែក​ឲ្យ​ពួក​គេ ដោយព្រោះ​មូល​ហេតុ​ដូច្នេះ ប្រុសៗ​ជា​អ្នក​ចម្បាំង​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ប្រជា‌ជន​ទាំង​អស់​ដែល​ចេញ​មក សុទ្ធ​តែ​បានទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្ដែ ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវនៅ​ទី​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីព្ទ មិន​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​អ្នក​ចម្បាំង​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ​ស្លាប់​អស់ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថា​នឹង​ឲ្យ​មក​យើង​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។ ដូច្នេះ កូន​ចៅ​របស់​ពួក​គេ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ឡើង​ជំនួស​គេ​វិញ ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ ព្រោះ​គេ​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​តាម​ផ្លូវ​សោះ។ កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ជាតិ​សាសន៍​ទាំង​មូល​រួច​ហើយ គេ​ក៏​នៅ​តាម​កន្លែង​របស់​គេ​ក្នុង​ជំរំ រហូត​ដល់​គេ​បានជា​សះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នោះ ក្នុង​វាល​ទំនាប​ក្រុង​យេរីខូរ។ នៅ​ថ្ងៃ​ក្រោយ​បុណ្យ​រំលង គឺ​នៅ​ថ្ងៃ​នោះ​ឯង ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​ស្រូវលីង។ ចាប់​តាំង​ពី​ថ្ងៃដែល​ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះមក នំ​ម៉ាណា​លែង​ធ្លាក់​មក​ទៀត​ហើយ។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​មាន​នំ​ម៉ាណា​ទៀត ហើយ​នៅ​ឆ្នាំ​នោះ គេ​បរិ‌ភោគ​ផល​របស់​ស្រុក​កាណាន​វិញ។ កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?» អ្នក​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទើប​នឹង​មក​ដល់»។ លោក​យ៉ូស្វេ​ក៏​ក្រាប​ថ្វាយ​បង្គំ ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់?» មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​របស់​អ្នក​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​ជា​កន្លែង​បរិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

ចែក​រំលែក
អាន យ៉ូស្វេ 5

យ៉ូស្វេ 5:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ដល់​គេ​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យលស់​ព្រលឹង នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​អ្នក​យក​ថ្ម​មក​ដាប់​ធ្វើ​ជា​កាំបិត រួច​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី​ម្ដង​ទៀត»។ លោក​យ៉ូស្វេ​ក៏​យក​ថ្ម​មក​ធ្វើ​ជា​កាំបិត ហើយ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​លើ​ភ្នំ​ហារ៉ា‌ឡុត។ រីឯ​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជា‌ជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចម្បាំង​បាន​ស្លាប់​តាម​វាល​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្តែ ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កើត​ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កើត​តាម​ផ្លូវ​ក្នុង​វាល​រហោ‌ស្ថាន​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចម្បាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់‌អហង្ការ​ថា មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស ថា​នឹង​ប្រទាន​មក​ឲ្យ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។ ព្រះ‌អម្ចាស់​បាន​នាំ​កូន​ចៅ​របស់​ពួក​គេ​ឲ្យ​ចូល​ស្រុក​ជំនួស​ពួក​គេ​វិញ។ លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​អ្នក​ទាំង​នេះ ព្រោះ​តាម​ផ្លូវ ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ។ កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ប្រជា‌ជាតិ​ទាំង​មូល​ហើយ ពួក​គេ​ក៏​នៅ​ក្នុង​ជំរំ​រហូត​ដល់​ជា​សះ‌ស្បើយ​ទាំង​អស់​គ្នា។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក សេចក្ដី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្ដី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីល‌កាល់” រហូត​ដល់​សព្វ​ថ្ងៃ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ចម្លង* នៅ​ល្ងាច​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។ ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​ចម្លង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគ‌ផល​របស់​ស្រុក​នោះ។ ចាប់​តាំង​ពី​ថ្ងៃ​ពួក​គេ​បរិភោគ​ភោគ‌ផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បរិភោគ​ភោគ‌ផល​នៃ​ស្រុក​កាណាន។ ពេល​ដែល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស្វេ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។ មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ​ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

ចែក​រំលែក
អាន យ៉ូស្វេ 5

យ៉ូស្វេ 5:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នឹង​ស្តេច​សាសន៍​កាណាន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដូច្នេះ នោះ​គេ​មាន​ចិត្ត​រលត់​ទៅ គ្មាន​វិញ្ញាណ​នៅ​សល់​ក្នុង​គេ​ទៀត​ឡើយ ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល។ នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​យក​ថ្ម​ធ្វើ​ជា​កាំបិត រួច​កាត់​ស្បែក​ពួក​កូន​ចៅ​អ៊ីស្រាអែល​១​លើក​ទៀត នោះ​យ៉ូស្វេ​ក៏​ធ្វើ​កាំបិត​ពី​ថ្ម ហើយ​កាត់​ស្បែក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ត្រង់​ភ្នំ​ហារ៉ា‌ឡុត យ៉ូស្វេ​បាន​កាត់​ស្បែក​គេ ដោយ​ព្រោះ​ហេតុ​នេះ គឺ​មនុស្ស​ប្រុសៗ​ជា​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​ពេល​ក្រោយ​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ដ្បិត​ប្រុសៗ​ទាំង​អស់​ដែល​ចេញ​មក គេ​បាន​កាត់​ស្បែក​គ្រប់​គ្នា​ហើយ តែ​ពួក​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវ នៅ​ទី​រហោ‌ស្ថាន ក្រោយ​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​ទាន់​បាន​កាត់​ស្បែក​នៅ​ឡើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ ដូច្នេះ កាល​គេ​បាន​កាត់​ស្បែក​ប្រុសៗ​ទាំង​អស់​រួច​ហើយ នោះ​ក៏​នៅ​នឹង​កន្លែង​គេ ក្នុង​ទី​ដំឡើង​ត្រសាល​នោះ​ដរាប​ដល់​សះ​ជា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​បាន​ប្រមៀលសេចក្ដី​ដំនៀល​របស់​ស្រុក​អេស៊ីព្ទ​ពី​ឯង​ចេញ គឺ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល​នោះ ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​១៤​ខែ​នោះ ត្រង់​វាល​ក្រុង​យេរីខូរ ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ នឹង​គ្រាប់​លីង រួច​ក្រោយ​ដែល​គេ​បរិភោគ​ផល​របស់​ស្រុក​នោះ ដល់​ថ្ងៃ​ស្អែក​ឡើង លែង​មាន​នំ​ម៉ាន៉ា​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​ដែល​មាន​នំ​ម៉ាន៉ា​ទៀត​ឡើយ គឺ​ក្នុង​ឆ្នាំ​នោះ​ឯង គេ​បាន​បរិភោគ​ផល​របស់​ស្រុក​កាណាន​វិញ។ រីឯ​ក្នុង​គ្រា​ដែល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ នោះ​គាប់‌ជួន​ជា​លោក​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច លោក​ក៏​ចូល​ទៅ​សួរ​ថា តើ​លោក​កាន់​ខាង​យើង​ខ្ញុំ ឬ​ខាង​ពួក​ខ្មាំង​សត្រូវ របស់​យើង​ខ្ញុំ អ្នក​នោះ​ឆ្លើយ​តប​ថា ទេ អញ​បាន​មក​ធ្វើ​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​យ៉ូស្វេ​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ‌បង្គំ សួរ​ថា តើ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ចង់​មាន​បន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​ថា ចូរ​ដោះ​ស្បែក​ជើង​ចេញ​ទៅ ដ្បិត​កន្លែង​ដែល​ឈរ​នៅ​នោះ ជា​កន្លែង​បរិសុទ្ធ រួច​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ។

ចែក​រំលែក
អាន យ៉ូស្វេ 5