យ៉ូស្វេ 4:6-15
យ៉ូស្វេ 4:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីឲ្យបានជាទីសម្គាល់នៅក្នុងចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា "តើថ្មទាំងនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។ ប្រជាជនអ៊ីស្រាអែលក៏ធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបានបង្គាប់ គឺគេយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេ។ ពួកគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់នៅត្រង់កន្លែងដែលគេស្នាក់នៅ។ លោកយ៉ូស្វេដាក់ថ្មដប់ពីរដុំនៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងរបស់ពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញាបានឈរ ហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃ។ ពួកសង្ឃដែលសែងហិប នាំគ្នាឈរនៅកណ្ដាលទន្លេយ័រដាន់ រហូតដល់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកយ៉ូស្វេប្រាប់ប្រជាជនបានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ។ ប្រជាជននាំគ្នាឆ្លងយ៉ាងប្រញាប់ប្រញាល់។ កាលប្រជាជនទាំងអស់បានឆ្លងផុតហើយ ហិបនៃព្រះយេហូវ៉ា និងពួកសង្ឃក៏ឆ្លងទៅនៅខាងមុខប្រជាជន។ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានឆ្លងទៅនៅខាងមុខប្រជាជនអ៊ីស្រាអែលទាំងប្រដាប់អាវុធ ដូចលោកម៉ូសេបានបង្គាប់។ ពួកគេមានចំនួនប្រហែលបួនម៉ឺននាក់ទាំងប្រដាប់អាវុធ ឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលទំនាបក្រុងយេរីខូរ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានលើកតម្កើងលោកយ៉ូស្វេ នៅចំពោះភ្នែកពួកអ៊ីស្រាអែលទាំងអស់ ហើយគេគោរពកោតខ្លាចលោក ដូចគេបានគោរពកោតខ្លាចលោកម៉ូសេដែរ អស់មួយជីវិតរបស់លោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖
យ៉ូស្វេ 4:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?” អ្នករាល់គ្នាត្រូវប្រាប់គេថា “ព្រះអម្ចាស់បានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់ នៅខាងមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺនៅពេលគេសែងហិបនោះឆ្លងទន្លេយ័រដាន់ ព្រះអង្គបានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់។ ថ្មទាំងនេះជាទីរំឭកសម្រាប់ជនជាតិអ៊ីស្រាអែលរហូតតទៅ”»។ ជនជាតិអ៊ីស្រាអែលបានធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដូចព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូស្វេ។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។ លោកយ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។ ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។ នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស្វេ នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖
យ៉ូស្វេ 4:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច នោះឯងរាល់គ្នានឹងប្រាប់ថា នេះដោយព្រោះទឹកទន្លេយ័រដាន់បានត្រូវកាត់ផ្តាច់ នៅខាងមុខហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គឺកាលហឹបនោះបានឆ្លងទន្លេយ័រដាន់ នោះទឹកទន្លេបានត្រូវកាត់ផ្តាច់ចេញ ដូច្នេះថ្មទាំងនេះនឹងបានសំរាប់ជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់យ៉ូស្វេ គេយកថ្ម១២ដុំពីកណ្តាលទន្លេយ័រដាន់ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងលោក ហើយគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់ត្រង់កន្លែងដែលគេស្នាក់នៅ។ យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ ឯពួកសង្ឃជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់ កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា នឹងពួកសង្ឃក៏ឆ្លងទៅនៅចំពោះមុខគេ ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា