យ៉ូស្វេ 4:10-24
យ៉ូស្វេ 4:10-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសង្ឃដែលសែងហិប នាំគ្នាឈរនៅកណ្ដាលទន្លេយ័រដាន់ រហូតដល់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកយ៉ូស្វេប្រាប់ប្រជាជនបានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ។ ប្រជាជននាំគ្នាឆ្លងយ៉ាងប្រញាប់ប្រញាល់។ កាលប្រជាជនទាំងអស់បានឆ្លងផុតហើយ ហិបនៃព្រះយេហូវ៉ា និងពួកសង្ឃក៏ឆ្លងទៅនៅខាងមុខប្រជាជន។ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានឆ្លងទៅនៅខាងមុខប្រជាជនអ៊ីស្រាអែលទាំងប្រដាប់អាវុធ ដូចលោកម៉ូសេបានបង្គាប់។ ពួកគេមានចំនួនប្រហែលបួនម៉ឺននាក់ទាំងប្រដាប់អាវុធ ឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលទំនាបក្រុងយេរីខូរ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានលើកតម្កើងលោកយ៉ូស្វេ នៅចំពោះភ្នែកពួកអ៊ីស្រាអែលទាំងអស់ ហើយគេគោរពកោតខ្លាចលោក ដូចគេបានគោរពកោតខ្លាចលោកម៉ូសេដែរ អស់មួយជីវិតរបស់លោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ ដូច្នេះ លោកយ៉ូស្វេក៏បង្គាប់ពួកសង្ឃថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!» កាលពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានឡើងពីកណ្ដាលទន្លេយ័រដាន់មក ហើយដាក់បាតជើងជាន់នៅលើដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរទម្លាក់មកតាមកន្លែងធម្មតាវិញ គឺលិចមាត់ច្រាំងទាំងអស់ដូចពីមុន។ ប្រជាជនបានឡើងពីទន្លេយ័រដាន់មក នៅថ្ងៃទីដប់នៃខែទីមួយ ហើយគេក៏បោះជំរំនៅត្រង់គីលកាល នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូរ។ រីឯថ្មទាំងដប់ពីរដុំ ដែលគេបានយកចេញពីកណ្ដាលទន្លេយ័រដាន់មក លោកយ៉ូស្វេបានដាក់បញ្ឈរនៅគីលកាល លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅអ្នករាល់គ្នាសួរឪពុកថា "តើថ្មទាំងនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវប្រាប់កូនចៅឲ្យដឹងថា "ពួកអ៊ីស្រាអែលបានដើរឆ្លងទន្លេយ័រដាន់នេះលើដីស្ងួត"។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួតនៅមុខអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាបានឆ្លងផុត ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យសមុទ្រក្រហម រីងស្ងួតនៅមុខយើង រហូតទាល់តែយើងបានឆ្លងផុតដែរ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងពូកែ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ»។
យ៉ូស្វេ 4:10-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។ នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស្វេ នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរបង្គាប់ក្រុមបូជាចារ្យដែលសែងហិបនៃសន្ធិសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ លោកយ៉ូស្វេក៏បង្គាប់ទៅក្រុមបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!»។ ពេលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។ រីឯថ្មទាំងដប់ពីរដុំ ដែលគេយកពីទន្លេយ័រដាន់មក លោកយ៉ូស្វេបានបញ្ឈរនៅគីលកាល់។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រាដែលប្រជាជនអ៊ីស្រាអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើង រហូតទាល់តែយើងឆ្លងផុតដែរ។ ព្រះអម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីដឹងថា ព្រះអម្ចាស់មានឫទ្ធានុភាពដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ»។
យ៉ូស្វេ 4:10-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសង្ឃជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់ កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា នឹងពួកសង្ឃក៏ឆ្លងទៅនៅចំពោះមុខគេ ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា ចូរបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីបន្ទាល់ ឲ្យឡើងពីទន្លេយ័រដាន់មក នោះយ៉ូស្វេក៏បង្គាប់ដល់ពួកសង្ឃថា ចូរនាំគ្នាឡើងមក កាលពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានឡើងពីកណ្តាលទន្លេយ័រដាន់មក ដាក់បាតជើងជាន់នៅលើដីគោកហើយ នោះទឹកទន្លេយ័រដាន់ក៏ហូរទំលាក់មកតាមកន្លែងធម្មតាវិញ ព្រមទាំងលិចមាត់ច្រាំងទាំងអស់ ដូចពីកាលមុន។ រីឯកាលពួកបណ្តាជនបានឡើងពីទន្លេយ័រដាន់មក នោះគឺជាថ្ងៃ១០ខែចេត្រ គេក៏ដំឡើងត្រសាលនៅត្រង់គីលកាល ក្បែរព្រំក្រុងយេរីខូរខាងកើត ចំណែកថ្មទាំង១២ដុំនោះ ដែលគេបានចេញពីកណ្តាលទន្លេយ័រដាន់ នោះយ៉ូស្វេក៏នាំយកចេញមកដាក់បង្គរត្រង់គីលកាល រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច នោះត្រូវប្រាប់ឲ្យដឹងថា គឺពួកអ៊ីស្រាអែលយើង បានឆ្លងទន្លេយ័រដាន់នេះ នៅដីស្ងួត ពីព្រោះព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមក ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យសមុទ្រក្រហម រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមកដែរ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានព្រះចេស្តា ប្រយោជន៍ឲ្យឯងរាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាបតទៅ។