យ៉ូស្វេ 4:10-15
យ៉ូស្វេ 4:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសង្ឃដែលសែងហិប នាំគ្នាឈរនៅកណ្ដាលទន្លេយ័រដាន់ រហូតដល់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកយ៉ូស្វេប្រាប់ប្រជាជនបានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ។ ប្រជាជននាំគ្នាឆ្លងយ៉ាងប្រញាប់ប្រញាល់។ កាលប្រជាជនទាំងអស់បានឆ្លងផុតហើយ ហិបនៃព្រះយេហូវ៉ា និងពួកសង្ឃក៏ឆ្លងទៅនៅខាងមុខប្រជាជន។ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានឆ្លងទៅនៅខាងមុខប្រជាជនអ៊ីស្រាអែលទាំងប្រដាប់អាវុធ ដូចលោកម៉ូសេបានបង្គាប់។ ពួកគេមានចំនួនប្រហែលបួនម៉ឺននាក់ទាំងប្រដាប់អាវុធ ឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលទំនាបក្រុងយេរីខូរ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានលើកតម្កើងលោកយ៉ូស្វេ នៅចំពោះភ្នែកពួកអ៊ីស្រាអែលទាំងអស់ ហើយគេគោរពកោតខ្លាចលោក ដូចគេបានគោរពកោតខ្លាចលោកម៉ូសេដែរ អស់មួយជីវិតរបស់លោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖
យ៉ូស្វេ 4:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។ នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស្វេ នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖
យ៉ូស្វេ 4:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសង្ឃជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់ កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា នឹងពួកសង្ឃក៏ឆ្លងទៅនៅចំពោះមុខគេ ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា