យ៉ូស្វេ 3:9-17
យ៉ូស្វេ 3:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «ចូរមកណេះ ហើយស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។ មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។ ដូច្នេះ ចូររើសយកមនុស្សដប់ពីរនាក់ ពីកុលសម្ព័ន្ធអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ កាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវកាត់ផ្តាច់លែងហូរ ហើយទឹកដែលហូរចុះពីលើមក នឹងបង្គរឡើងជាគំនរ»។ ដូច្នេះ ពេលប្រជាជនចេញពីជំរំ ដើម្បីឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញានៅខាងមុខប្រជាជន ហើយពេលអស់អ្នកដែលសែងហិបបានមកដល់ទន្លេយ័រដាន់ភ្លាម ពួកសង្ឃក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ ពេញក្នុងរដូវចម្រូត) នោះស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ឡើងជាគំនរពីចម្ងាយ ត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ចំណែកឯទឹកដែលហូរចុះទៅសមុទ្រអារ៉ាបា គឺសមុទ្រអំបិល ក៏ហូររីងអស់ទៅ។ ពេលនោះ ប្រជាជនក៏នាំគ្នាឆ្លងនៅទល់មុខក្រុងយេរីខូរ។ កាលសាសន៍អ៊ីស្រាអែលទាំងអស់កំពុងដើរឆ្លងនៅលើដីស្ងួត ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតទាល់តែសាសន៍អ៊ីស្រាអែលទាំងអស់បានឆ្លងផុតទន្លេយ័រដាន់។
យ៉ូស្វេ 3:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។ លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ។ ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែង»។ នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បម្រុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ ពេលនោះ ជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្ដុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្ដុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
យ៉ូស្វេ 3:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង រួចលោកប្រាប់ថា ឯងរាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី នឹងសាសន៍យេប៊ូសចេញពីមុខឯងរាល់គ្នាទៅជាមិនខាន គឺដោយហឹបនៃសេចក្ដីសញ្ញាផងព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់ ដូច្នេះចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ រួចកាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហឹបផងព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ហើយ នោះទឹកទន្លេនឹងត្រូវកាត់ផ្តាច់ គឺជាទឹកដែលហូរចុះពីលើនឹងកល់នៅនឹងជាគំនរ។ ដូច្នេះកាលពួកបណ្តាជនបានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្ដីសញ្ញាទៅខាងមុខផង ហើយពួកសង្ឃដែលសែងហឹបបានមកដល់ទន្លេយ័រដាន់ ក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ដ្បិតទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ នៅពេញរដូវចំរូត) នោះទឹកដែលហូរចុះពីលើមក ក៏ឈប់នៅនឹង ឡើងជាគំនរពីទីចំងាយត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ហើយផ្នែកទឹកដែលហូរចុះទៅខាងសមុទ្រស្រុកវាល គឺជាសមុទ្រអំបិល នោះក៏ហូររីងអស់ទៅ រួចពួកបណ្តាជនគេឆ្លងដំរង់ចំទៅឯក្រុងយេរីខូរ ឯពួកសង្ឃដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គេក៏ឈរនឹង នៅដីស្ងួតនាបាតទន្លេយ័រដាន់ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ឆ្លងទៅនៅដីស្ងួតដែរ ទាល់តែពួកគេទាំងអស់បានឆ្លងផុតពីទន្លេទៅ។