យ៉ូស្វេ 3:14-17
យ៉ូស្វេ 3:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ពេលប្រជាជនចេញពីជំរំ ដើម្បីឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញានៅខាងមុខប្រជាជន ហើយពេលអស់អ្នកដែលសែងហិបបានមកដល់ទន្លេយ័រដាន់ភ្លាម ពួកសង្ឃក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ ពេញក្នុងរដូវចម្រូត) នោះស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ឡើងជាគំនរពីចម្ងាយ ត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ចំណែកឯទឹកដែលហូរចុះទៅសមុទ្រអារ៉ាបា គឺសមុទ្រអំបិល ក៏ហូររីងអស់ទៅ។ ពេលនោះ ប្រជាជនក៏នាំគ្នាឆ្លងនៅទល់មុខក្រុងយេរីខូរ។ កាលសាសន៍អ៊ីស្រាអែលទាំងអស់កំពុងដើរឆ្លងនៅលើដីស្ងួត ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតទាល់តែសាសន៍អ៊ីស្រាអែលទាំងអស់បានឆ្លងផុតទន្លេយ័រដាន់។
យ៉ូស្វេ 3:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បម្រុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ ពេលនោះ ជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្ដុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្ដុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
យ៉ូស្វេ 3:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះកាលពួកបណ្តាជនបានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្ដីសញ្ញាទៅខាងមុខផង ហើយពួកសង្ឃដែលសែងហឹបបានមកដល់ទន្លេយ័រដាន់ ក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ដ្បិតទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ នៅពេញរដូវចំរូត) នោះទឹកដែលហូរចុះពីលើមក ក៏ឈប់នៅនឹង ឡើងជាគំនរពីទីចំងាយត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ហើយផ្នែកទឹកដែលហូរចុះទៅខាងសមុទ្រស្រុកវាល គឺជាសមុទ្រអំបិល នោះក៏ហូររីងអស់ទៅ រួចពួកបណ្តាជនគេឆ្លងដំរង់ចំទៅឯក្រុងយេរីខូរ ឯពួកសង្ឃដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គេក៏ឈរនឹង នៅដីស្ងួតនាបាតទន្លេយ័រដាន់ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ឆ្លងទៅនៅដីស្ងួតដែរ ទាល់តែពួកគេទាំងអស់បានឆ្លងផុតពីទន្លេទៅ។