យ៉ូស្វេ 3:11-17

យ៉ូស្វេ 3:11-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់នៃ​ផែន‌ដី​ទាំង​មូល នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់។ ដូច្នេះ ចូរ​រើស​យក​មនុស្ស​ដប់ពីរ​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​កុល‌សម្ព័ន្ធ​នីមួយៗត្រូវ​រើស​យក​ម្នាក់។ កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​យ័រ​ដាន់​នឹង​ត្រូវ​កាត់​ផ្តាច់​លែង​ហូរ ហើយ​ទឹក​ដែល​ហូរ​ចុះ​ពី​លើមក នឹង​បង្គរ​ឡើង​ជា​គំនរ»។ ដូច្នេះ ពេល​ប្រជា‌ជន​ចេញ​ពី​ជំរំ ដើម្បី​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​ខាង​មុខ​ប្រជា‌ជន ហើយ​ពេល​អស់​អ្នក​ដែល​សែង​ហិប​បាន​មក​ដល់​ទន្លេ​យ័រដាន់​ភ្លាម ពួក​សង្ឃ​ក៏​ដាក់​ជើង​ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ (ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ទាំង​អស់ ពេញ​ក្នុង​រដូវ​ចម្រូត) នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។ កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​កំពុង​ដើរ​ឆ្លង​នៅ​លើ​ដី​ស្ងួត ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ទាល់​តែ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឆ្លង​ផុត​ទន្លេ​យ័រ​ដាន់។

ចែក​រំលែក
អាន យ៉ូស្វេ 3

យ៉ូស្វេ 3:11-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ។ ពេល​ណា​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។ នៅ​គ្រា​ដែល​ប្រជា‌ជន​ចាក​ចេញ​ពី​ជំរំ បម្រុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។ ពេល​នោះ ជា​រដូវ​ចម្រូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្ដុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ ជា​ក្រុង​មួយ​នៅ​ជិត​សារ‌ថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល ត្រូវ​កាត់​ផ្ដាច់។ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។ នៅ​ពេល​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដើរ​កាត់​បាត​ទន្លេ​យ័រដាន់ ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ដល់​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។

ចែក​រំលែក
អាន យ៉ូស្វេ 3

យ៉ូស្វេ 3:11-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​ដោយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​នាំ​មុខ​ឯង​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ដូច្នេះ​ចូរ​រើស​យក​មនុស្ស​១២​នាក់ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទៅ គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ រួច​កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហឹប​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ទឹក​ទន្លេ​នឹង​ត្រូវ​កាត់​ផ្តាច់ គឺ​ជា​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​នឹង​កល់​នៅ​នឹង​ជា​គំនរ។ ដូច្នេះ​កាល​ពួក​បណ្តាជន​បាន​ចេញ​ពី​ត្រសាល​គេ ដើម្បី​នឹង​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ទៅ​ខាង​មុខ​ផង ហើយ​ពួក​សង្ឃ​ដែល​សែង​ហឹប​បាន​មក​ដល់​ទន្លេ​យ័រដាន់ ក៏​ដាក់​ជើង​ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ (ដ្បិត​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ទាំង​អស់ នៅ​ពេញ​រដូវ​ចំរូត) នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចំងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តាជន​គេ​ឆ្លង​ដំរង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូរ ឯ​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គេ​ក៏​ឈរ​នឹង នៅ​ដី​ស្ងួត​នា​បាត​ទន្លេ​យ័រដាន់ ហើយ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ឆ្លង​ទៅ​នៅ​ដី​ស្ងួត​ដែរ ទាល់​តែ​ពួក​គេ​ទាំង​អស់​បាន​ឆ្លង​ផុត​ពី​ទន្លេ​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 3