យ៉ូស្វេ 3:10-13
យ៉ូស្វេ 3:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។ មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។ ដូច្នេះ ចូររើសយកមនុស្សដប់ពីរនាក់ ពីកុលសម្ព័ន្ធអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ កាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវកាត់ផ្តាច់លែងហូរ ហើយទឹកដែលហូរចុះពីលើមក នឹងបង្គរឡើងជាគំនរ»។
យ៉ូស្វេ 3:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ។ ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែង»។
យ៉ូស្វេ 3:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចលោកប្រាប់ថា ឯងរាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី នឹងសាសន៍យេប៊ូសចេញពីមុខឯងរាល់គ្នាទៅជាមិនខាន គឺដោយហឹបនៃសេចក្ដីសញ្ញាផងព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់ ដូច្នេះចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ រួចកាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហឹបផងព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ហើយ នោះទឹកទន្លេនឹងត្រូវកាត់ផ្តាច់ គឺជាទឹកដែលហូរចុះពីលើនឹងកល់នៅនឹងជាគំនរ។