យ៉ូស្វេ 24:22-24
យ៉ូស្វេ 24:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។ លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ»។
យ៉ូស្វេ 24:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។
យ៉ូស្វេ 24:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន លោកតបថា ដូច្នេះ ចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង