យ៉ូស្វេ 24:19-28
យ៉ូស្វេ 24:19-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។ ប្រសិនបើអ្នករាល់គ្នាលះចោលព្រះយេហូវ៉ា ហើយទៅគោរពប្រតិបត្តិដល់ព្រះដទៃ ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ទោះបើព្រះអង្គបានធ្វើល្អដល់អ្នករាល់គ្នាហើយក៏ដោយ»។ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ!» លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។ លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ លោកយ៉ូស្វេក៏តាំងសេចក្ដីសញ្ញាជាមួយប្រជាជននៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឲ្យគេកាន់តាម នៅស៊ីគែម។ លោកយ៉ូស្វេក៏ចារសេចក្ដីទាំងនេះចុះនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅទីនោះ នៅក្រោមដើមម៉ៃសាក់ ជិតទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។ ដូច្នេះ លោកយ៉ូស្វេក៏ឲ្យប្រជាជនត្រឡប់ទៅទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។
យ៉ូស្វេ 24:19-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។ នៅថ្ងៃនោះ លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។ លោកយ៉ូស្វេចារសេចក្ដីទាំងនេះទុកនៅក្នុងគម្ពីរនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។ បន្ទាប់មក លោកយ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។
យ៉ូស្វេ 24:19-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេក៏ប្រកែកឡើងថា ឯងរាល់គ្នាពុំអាចនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាបានទេ ដ្បិតទ្រង់ជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ទ្រង់មិនអត់ទោសការដែលឯងរាល់គ្នាប្រព្រឹត្តរំលង ឬអំពើបាបរបស់ឯងឡើយ បើសិនជាឯងរាល់គ្នាលះចោលព្រះយេហូវ៉ា នឹងទៅគោរពប្រតិបត្តិដល់ព្រះដទៃ នោះទ្រង់នឹងប្រែទៅជាធ្វើអាក្រក់ដល់ឯងរាល់គ្នាវិញ ហើយនឹងបំផ្លាញឯងទៅ ក្រោយដែលទ្រង់បានធ្វើល្អដល់ឯងហើយផង តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន លោកតបថា ដូច្នេះ ចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង ដូច្នេះលោកក៏តាំងសេចក្ដីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ នឹងបញ្ញត្តឲ្យគេ នៅត្រង់ស៊ីគែម យ៉ូស្វេក៏កត់អស់ទាំងពាក្យទាំងនេះចុះក្នុងគម្ពីរក្រឹត្យវិន័យរបស់ផងព្រះ រួចយកថ្មយ៉ាងធំមកបញ្ឈរនៅទីនោះ ត្រង់ក្រោមដើមម៉ៃសាក់ដែលនៅជិតទីបរិសុទ្ធផងព្រះយេហូវ៉ា ដោយប្រាប់គេថា មើល ថ្មនេះនឹងបានជាទីបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះ បានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលមកយើងរាល់គ្នា ដូច្នេះ ត្រូវទុកជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នា ក្រែងធ្វើជាមិនស្គាល់ព្រះនៃឯងវិញ នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។