យ៉ូស្វេ 23:4-16
យ៉ូស្វេ 23:4-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ ខ្ញុំបានចែកអស់ទាំងទឹកដីរបស់សាសន៍នានាដែលនៅសេសសល់ឲ្យអ្នករាល់គ្នា ទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន រួមទាំងទឹកដីរបស់សាសន៍នានា ដែលខ្ញុំបានវាយបំផ្លាញចេញ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់សមុទ្រធំនៅទិសខាងលិច។ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នឹងច្រានគេចេញពីមុខអ្នករាល់គ្នា ហើយបណ្តេញគេឲ្យផុតពីភ្នែករបស់អ្នក អ្នករាល់គ្នានឹងចាប់យកស្រុកគេ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យានឹងអ្នក»។ ដូច្នេះ ចូរសម្រេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលបានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ មិនត្រូវបែរចេញពីសេចក្ដីទាំងនោះ ដោយងាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ ដើម្បីកុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា កុំដំណាលពីឈ្មោះព្រះរបស់គេ កុំយកឈ្មោះព្រះទាំងនោះមកស្បថ កុំគោរពប្រតិបត្តិ ហើយកុំក្រាបថ្វាយបង្គំដល់ព្រះទាំងនោះឡើយ គឺត្រូវនៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាបានប្រព្រឹត្តរហូតមកដល់ថ្ងៃនេះ។ ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំៗ ហើយពូកែ ចេញពីមុខអ្នករាល់គ្នា គ្មានអ្នកណាអាចឈរនៅមុខអ្នករាល់គ្នាបានឡើយ រហូតមកដល់ថ្ងៃនេះ។ មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដេញតាមមនុស្សមួយពាន់នាក់ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គច្បាំងជំនួសអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។ ដូច្នេះ ចូរប្រយ័ត្នខ្លួនឲ្យអស់ពីចិត្ត ដើម្បីស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ប៉ុន្ដែ បើអ្នករាល់គ្នាបែរចេញ ទៅភ្ជាប់ខ្លួនជាមួយសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ហើយរៀបការជាមួយគេ គឺអ្នករាល់គ្នាចូលទៅរកគេ ហើយគេចូលមករកអ្នករាល់គ្នា ត្រូវដឹងឲ្យប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងមិនបណ្តេញសាសន៍ទាំងនេះចេញពីមុខអ្នករាល់គ្នាទៀតឡើយ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់អ្នករាល់គ្នា ក៏ជារំពាត់នៅខ្នង និងជាបន្លានៅក្នុងភ្នែករបស់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសបាត់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ។ មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។ ប៉ុន្តែ គ្រប់ទាំងសេចក្ដីល្អបានសម្រេចដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានសន្យាយ៉ាងណា ព្រះយេហូវ៉ាក៏នឹងនាំអស់ទាំងសេចក្ដីអាក្រក់ មកលើអ្នករាល់គ្នាយ៉ាងនោះដែរ រហូតទាល់តែព្រះអង្គបានបំផ្លាញអ្នករាល់គ្នាចេញពីស្រុកដ៏ល្អនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។
យ៉ូស្វេ 23:4-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ដែលខ្ញុំដណ្ដើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើត រហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងបណ្ដេញពួកគេចេញឲ្យឆ្ងាយពីអ្នករាល់គ្នា ហើយយកទឹកដីរបស់ពួកគេមកប្រគល់ឲ្យអ្នករាល់គ្នាកាន់កាប់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា»។ ចូរមានកម្លាំងខ្លាំងក្លាឡើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ*របស់លោកម៉ូសេ ដោយមិនប្រាសចាកទៅខាងស្ដាំ ឬទៅខាងឆ្វេងឡើយ។ មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តរហូតមកដល់សព្វថ្ងៃ ព្រះអម្ចាស់នឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លា មកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃ គ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាឡើយ។ មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានា ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ ចូរចងចាំឲ្យច្បាស់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលែងបណ្ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំពាត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យ។ «ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា ព្រះបន្ទូលទាំងប៉ុន្មានស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។ ព្រះបន្ទូលស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសន្យា សុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា ព្រះបន្ទូលដែលព្រះអង្គព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។ ប្រសិនបើអ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបម្រើ និងថ្វាយបង្គំព្រះដទៃ នោះព្រះអម្ចាស់នឹងពិរោធចំពោះអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា»។
យ៉ូស្វេ 23:4-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ នឹងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនឹងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯងបានសន្យាហើយ ដូច្នេះ ចូរសំរេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ ដើម្បីកុំឲ្យឯងបែរចេញពីសេចក្ដីទាំងនោះ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ គឺត្រូវឲ្យតោងជាប់នឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាវិញ ដូចជាបានធ្វើដរាបដល់សព្វថ្ងៃនេះ ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំ ហើយពូកែពីមុខឯងរាល់គ្នាចេញ ហើយគ្មានអ្នកណាបានអាចនឹងឈរនៅមុខឯងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ពួកឯងរាល់គ្នាតែ១នាក់បានដេញតាម១ពាន់នាក់ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលច្បាំងជំនួសឯង ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ ដូច្នេះចូរប្រយ័តខ្លួនឲ្យអស់ពីចិត្ត ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង តែបើសិនជាឯងវិលទៅវិញ ទៅភ្ជាប់ញាតិពន្ធនឹងសំណល់នៃសាសន៍ទាំងនេះ ដែលនៅជាមួយនឹងឯងរាល់គ្នានៅឡើយ ព្រមទាំងយកគ្នាជាប្ដីប្រពន្ធ ក៏ចូលទៅឯគេ ហើយគេមកឯឯងដែរ នោះត្រូវដឹងជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងមិនបណ្តេញសាសន៍ទាំងនេះពីមុខឯងទៀតទេ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់ឯងរាល់គ្នា ហើយជារំពាត់នៅចង្កេះ នឹងជាបន្លានៅក្នុងភ្នែកឯងវិញ ទាល់តែឯងរាល់គ្នាវិនាសបាត់ពីស្រុកល្អនេះទៅ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមក។ មើល នៅថ្ងៃនេះ អញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ ប៉ុន្តែដែលគ្រប់ទាំងសេចក្ដីល្អបានសំរេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង បានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើឯងរាល់គ្នាយ៉ាងនោះដែរ ទាល់តែទ្រង់បានបំផ្លាញពួកឯងពីស្រុកល្អនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកនោះចេញទៅ គឺបើឯងរាល់គ្នារំលងសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។