យ៉ូស្វេ 23:14-16
យ៉ូស្វេ 23:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។ ប៉ុន្តែ គ្រប់ទាំងសេចក្ដីល្អបានសម្រេចដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានសន្យាយ៉ាងណា ព្រះយេហូវ៉ាក៏នឹងនាំអស់ទាំងសេចក្ដីអាក្រក់ មកលើអ្នករាល់គ្នាយ៉ាងនោះដែរ រហូតទាល់តែព្រះអង្គបានបំផ្លាញអ្នករាល់គ្នាចេញពីស្រុកដ៏ល្អនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។
យ៉ូស្វេ 23:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា ព្រះបន្ទូលទាំងប៉ុន្មានស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។ ព្រះបន្ទូលស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសន្យា សុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា ព្រះបន្ទូលដែលព្រះអង្គព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។ ប្រសិនបើអ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបម្រើ និងថ្វាយបង្គំព្រះដទៃ នោះព្រះអម្ចាស់នឹងពិរោធចំពោះអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា»។
យ៉ូស្វេ 23:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល នៅថ្ងៃនេះ អញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ ប៉ុន្តែដែលគ្រប់ទាំងសេចក្ដីល្អបានសំរេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង បានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើឯងរាល់គ្នាយ៉ាងនោះដែរ ទាល់តែទ្រង់បានបំផ្លាញពួកឯងពីស្រុកល្អនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកនោះចេញទៅ គឺបើឯងរាល់គ្នារំលងសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។