យ៉ូស្វេ 22:1-9

យ៉ូស្វេ 22:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​យ៉ូស្វេកោះ​ហៅ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ដែរ។ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ អ្នក​រាល់​គ្នា​មិន​បាន​បោះ​បង់​ចោល​បង​ប្អូន​របស់​ខ្លួន រហូតមក​ដល់​ថ្ងៃ​នេះ គឺ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​ស្រាក​ស្រាន្ត ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ​ហើយ។ ដូច្នេះ ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់អ្នក​រាល់​គ្នា ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ។ ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​ឲ្យ​អស់​ពី​ចិត្ត គឺត្រូវ​ប្រព្រឹត្ត​តាមបទ​បញ្ជា និង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដើម្បី​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ ត្រូវ​នៅ​ជាប់នឹង​ព្រះ‌អង្គ ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​ឲ្យ​អស់​ពី​ចិត្ត និង​អស់​ពី​ព្រលឹង​របស់​អ្នក »។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ពរពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចេញ​ទៅ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ស្រុក​បាសាន តែ​កុល‌សម្ព័ន្ធនេះ​មួយ​ចំហៀង​ទៀត លោក​យ៉ូស្វេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ក្បែរ​បង​ប្អូនរបស់​គេ នៅ​ខាង​លិច​ទន្លេ​យ័រដាន់។ ពេល​លោក​យ៉ូស្វេ​ឲ្យ​គេ​ត្រឡប់​ទៅ​ជំរំ​របស់​ពួក​គេ​វិញ លោក​បាន​ឲ្យ​ពរពួក​គេ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​លំនៅ​របស់​អ្នករាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក និង​សម្លៀក​បំពាក់​យ៉ាង​ច្រើន​ទៅ​ជាមួយ​ផង។ ចូរ​ចែក​ជ័យ‌ភណ្ឌដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដល់​ពួក​បង​ប្អូនរបស់​អ្នក​រាល់​គ្នា​ចុះ»។ ដូច្នេះ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូរ ក្នុង​ស្រុក​កាណាន វិល​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន យ៉ូស្វេ 22

យ៉ូស្វេ 22:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​យ៉ូស្វេ​កោះ​ហៅ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​មក​ពី​ខាង​កើត។ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​គោរព​តាម​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​គោរព​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​បោះ‌បង់​ចោល​បងប្អូន​រួម​ឈាម​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​គេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ពោល​គឺ​ទឹក​ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន គឺ​ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា និង​ក្រឹត្យ‌វិន័យ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ប្រគល់​ឲ្យ: គឺ​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​មាគ៌ា​របស់​ព្រះអង្គ ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ត្រូវ​ជាប់​ចិត្ត​ជា​មួយ​ព្រះអង្គ ត្រូវ​គោរព​បម្រើ​ព្រះអង្គ​ឲ្យ​អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត»។ លោក​យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។ លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុល‌សម្ព័ន្ធ​នានា​ជា​បងប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស្វេ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​ឲ្យ​ពរ​ពួក​គេ​ផង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀក‌បំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយ‌ភណ្ឌ​ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន យ៉ូស្វេ 22

យ៉ូស្វេ 22:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ​ក៏​ហៅ​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​មក មាន​ប្រសាសន៍​ថា ឯង​រាល់​គ្នា​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​ហើយ ក៏​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដែរ ឯង​រាល់​គ្នា​មិន​បាន​ចោល​បង​ប្អូន​ឯង ជា​យូរ​មក​ហើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​បង​ប្អូន​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​គេ ដូច្នេះ ចូរ​វិល​ទៅ​ឯ​ត្រសាល​របស់​ឯង​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កេរ្តិ៍‌អាករ​របស់​ឯង ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​ឯង ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ ប៉ុន្តែ​ត្រូវ​ប្រយ័ត​ឲ្យ​អស់​ពី​ចិត្ត នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​នឹង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​តោង​ទ្រង់​ជាប់ ហើយ​បំរើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។ រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ​នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា សូម​ឲ្យ​ឯង​រាល់​គ្នា​បាន​វិល​ទៅ​ឯ​លំនៅ​ឯង​ចុះ ដោយ​នាំ​យក​របស់​ទ្រព្យ​ជា​ច្រើន នឹង​ហ្វូង​សត្វ​យ៉ាង​សន្ធឹក ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក នឹង​សំលៀក‌បំពាក់​ជា​ច្រើន​ផង ចូរ​ចែក​របឹប​របស់​ពួក​ខ្មាំង​សត្រូវ​ដល់​ពួក​បង​ប្អូន​ឯង​ចុះ ដូច្នេះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។

ចែក​រំលែក
អាន យ៉ូស្វេ 22