យ៉ូស្វេ 21:43-45
យ៉ូស្វេ 21:43-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះយេហូវ៉ាបានប្រទានស្រុកនោះទាំងអស់ដល់ពួកអ៊ីស្រាអែល ដូចព្រះអង្គបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ។ គេបានចាប់យកស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។ ព្រះយេហូវ៉ាប្រទានឲ្យគេបានស្រាកស្រាន្តនៅគ្រប់ទិស ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ គ្មានខ្មាំងសត្រូវណាម្នាក់អាចឈរនៅមុខគេបានឡើយ ព្រោះព្រះយេហូវ៉ាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្ដាប់ដៃរបស់គេ។ អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានសន្យាជាមួយពួកវង្សអ៊ីស្រាអែល សុទ្ធតែបានសម្រេចទាំងអស់ ឥតមានខ្វះណាមួយឡើយ។
យ៉ូស្វេ 21:43-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។ ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ហេតុនេះ ព្រះបន្ទូលដ៏ប្រសើរដែលព្រះអម្ចាស់សន្យាជាមួយប្រជាជនអ៊ីស្រាអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។
យ៉ូស្វេ 21:43-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឯស្រុកទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់ពួកឰយុកោ នោះទ្រង់បានប្រទានដល់ពួកអ៊ីស្រាអែលទាំងអស់ ហើយគេក៏បានចាប់យក ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះផង រួចព្រះយេហូវ៉ាក៏ប្រោសឲ្យគេមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ តាមគ្រប់ទាំងសេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោគេ គ្មានពួកខ្មាំងសត្រូវណាមួយអាចឈរនៅមុខគេបានឡើយ ពីព្រោះព្រះយេហូវ៉ាបានប្រគល់ទាំងអស់មកក្នុងកណ្តាប់ដៃគេហើយ ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ពួកវង្សអ៊ីស្រាអែល នោះបានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។