យ៉ូស្វេ 20:1-9
យ៉ូស្វេ 20:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរប្រាប់ពួកកូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវតាំងឲ្យមានទីក្រុងជម្រក ដូចយើងបានបង្គាប់អ្នកតាមរយៈម៉ូសេចុះ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនា ឬដោយមិនដឹងខ្លួន បានរត់ទៅជ្រកកោននៅទីនោះ។ ទីក្រុងទាំងនោះនឹងបានជាទីជ្រកកោនដល់អ្នករាល់គ្នា ដើម្បីឲ្យរួចផុតពីអ្នកដែលសងសឹកនឹងឈាម។ អ្នកនោះត្រូវរត់ទៅទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំងនោះ ហើយឈរនៅមាត់ទ្វារក្រុងប្រកាសប្រាប់ពីរឿងរ៉ាវរបស់ខ្លួនដល់ពួកចាស់ទុំនៅក្រុងនោះ រួចគេនឹងយកគាត់ចូលក្នុងក្រុង ហើយផ្ដល់កន្លែងមួយឲ្យស្នាក់នៅជាមួយពួកគេ។ ប្រសិនបើអ្នកសងសឹកនឹងឈាមដេញតាមគាត់ ពួកចាស់ទុំមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកនោះឡើយ ព្រោះគាត់បានសម្លាប់អ្នកជិតខាងខ្លួនដោយមិនដឹងខ្លួន ក៏មិនបានស្អប់អ្នកនោះពីមុនមកដែរ។ គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់មានការជំនុំជម្រះនៅចំពោះមុខក្រុមជំនុំ និងរហូតដល់សម្ដេចសង្ឃនៅគ្រានោះស្លាប់ ទើបអ្នកដែលបានសម្លាប់គេអាចវិលត្រឡប់មកផ្ទះរបស់ខ្លួន គឺជាក្រុងដែលគាត់បានរត់ចេញមកនោះវិញបាន"»។ ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។ នៅត្រើយនាយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ គេជ្រើសរើសយកក្រុងបេស៊ើរ ក្នុងទីរហោស្ថាននៅលើតំបន់ខ្ពង់រាប ពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសាន ពីកុលសម្ព័ន្ធម៉ាណាសេ។ នេះហើយជាទីក្រុងជម្រកដែលបានតាំងឡើងសម្រាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្សដោយអចេតនា អាចរត់ទៅជ្រកកោននៅទីនោះ កុំឲ្យគេស្លាប់ដោយដៃរបស់អ្នកដែលសងសឹកនឹងឈាម រហូតទាល់តែមានការជំនុំជម្រះនៅមុខក្រុមជំនុំ។
យ៉ូស្វេ 20:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យជ្រើសរើសក្រុងជម្រក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសងសឹក។ អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជម្រក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធាចារ្យនឹងអនុញ្ញាតឲ្យគាត់ចូលក្នុងក្រុង ព្រមទាំងផ្ដល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។ ប្រសិនបើជាអ្នកដែលត្រូវសងសឹកមកតាមគាត់ ពួកព្រឹទ្ធាចារ្យគ្មានសិទ្ធិនឹងប្រគល់អ្នកដែលសម្លាប់គេទៅឲ្យអ្នកនោះទេ ដ្បិតគាត់បានសម្លាប់បងប្អូនរួមជាតិរបស់ខ្លួន ដោយអចេតនា ហើយគ្មានចិត្តសម្អប់មកពីមុនឡើយ។ គាត់ត្រូវស្នាក់នៅក្រុងនោះរហូតដល់សហគមន៍ជំនុំជម្រះ ហើយរហូតដល់លោកមហាបូជាចារ្យ*ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណភាពផុតទៅ។ ក្រោយមក ទើបអ្នកដែលបានសម្លាប់គេនោះអាចវិលត្រឡប់ទៅនៅស្រុកភូមិរបស់ខ្លួន គឺកន្លែងដែលគាត់រត់ចេញមក»។ ជនជាតិអ៊ីស្រាអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែមនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាន នៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។ គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេ អាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។
យ៉ូស្វេ 20:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់យ៉ូស្វេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែលអញបានប្រាប់ឯងដោយសារម៉ូសេចុះ ដើម្បីឲ្យអ្នកណា ដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ ហើយឈរនៅមាត់ទ្វារក្រុង ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំក្រុងនោះស្តាប់ រួចគេនឹងទទួលអ្នកនោះមកក្នុងក្រុង ព្រមទាំងឲ្យមានកន្លែងនៅជាមួយផង បើអ្នកសងសឹកនឹងឈាមដេញតាមមក នោះពួកចាស់ទុំនៃក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសំឡាប់គេ ទៅក្នុងកណ្តាប់ដៃរបស់អ្នកនោះឡើយ ពីព្រោះបានវាយអ្នកជិតខាងខ្លួនដោយឥតដឹងទេ ក៏មិនបានស្អប់គេពីដើមមកដែរ រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះខ្លួន គឺដល់សំដេចសង្ឃដែលមាននៅគ្រានោះបានសុគតទៅ នោះទើបអ្នកដែលបានសំឡាប់គេនឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។ ដូច្នេះគេក៏តាំងក្រុងកេដេស ក្នុងស្រុកភ្នំ របស់ខែត្រណែបថាលី នៅស្រុកកាលីឡេ១ ក្រុងស៊ីគែម នៅស្រុកភ្នំខែត្រអេប្រាអិម១ ក្រុងគារយ៉ាត់-អើបា គឺក្រុងហេប្រុននៅស្រុកភ្នំខែត្រយូដា១ ហើយខាងនាយទន្លេយ័រដាន់ គឺខាងកើតក្រុងយេរីខូរ គេក៏តាំងក្រុងបេស៊ើរ ក្នុងទីរហោស្ថាន នៅស្រុកវាល ខែត្រពូជអំបូររូបេន១ នឹងក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ក្នុងខែត្រពូជអំបូរកាឌ់១ ហើយនឹងក្រុងកូឡាន នៅស្រុកបាសាន ក្នុងខែត្រនៃពូជអំបូរម៉ាន៉ាសេ១ នេះហើយជាទីក្រុងទាំងអំបាលម៉ាន ដែលបានតាំងឡើងសំរាប់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងគេ ដើម្បីឲ្យអ្នកណាដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ឥតស្លាប់ដោយដៃនៃអ្នកដែលសងសឹកនឹងឈាម ទាល់តែបានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះហើយ។