យ៉ូស្វេ 20:1-6
យ៉ូស្វេ 20:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរប្រាប់ពួកកូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវតាំងឲ្យមានទីក្រុងជម្រក ដូចយើងបានបង្គាប់អ្នកតាមរយៈម៉ូសេចុះ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនា ឬដោយមិនដឹងខ្លួន បានរត់ទៅជ្រកកោននៅទីនោះ។ ទីក្រុងទាំងនោះនឹងបានជាទីជ្រកកោនដល់អ្នករាល់គ្នា ដើម្បីឲ្យរួចផុតពីអ្នកដែលសងសឹកនឹងឈាម។ អ្នកនោះត្រូវរត់ទៅទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំងនោះ ហើយឈរនៅមាត់ទ្វារក្រុងប្រកាសប្រាប់ពីរឿងរ៉ាវរបស់ខ្លួនដល់ពួកចាស់ទុំនៅក្រុងនោះ រួចគេនឹងយកគាត់ចូលក្នុងក្រុង ហើយផ្ដល់កន្លែងមួយឲ្យស្នាក់នៅជាមួយពួកគេ។ ប្រសិនបើអ្នកសងសឹកនឹងឈាមដេញតាមគាត់ ពួកចាស់ទុំមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកនោះឡើយ ព្រោះគាត់បានសម្លាប់អ្នកជិតខាងខ្លួនដោយមិនដឹងខ្លួន ក៏មិនបានស្អប់អ្នកនោះពីមុនមកដែរ។ គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់មានការជំនុំជម្រះនៅចំពោះមុខក្រុមជំនុំ និងរហូតដល់សម្ដេចសង្ឃនៅគ្រានោះស្លាប់ ទើបអ្នកដែលបានសម្លាប់គេអាចវិលត្រឡប់មកផ្ទះរបស់ខ្លួន គឺជាក្រុងដែលគាត់បានរត់ចេញមកនោះវិញបាន"»។
យ៉ូស្វេ 20:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យជ្រើសរើសក្រុងជម្រក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសងសឹក។ អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជម្រក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធាចារ្យនឹងអនុញ្ញាតឲ្យគាត់ចូលក្នុងក្រុង ព្រមទាំងផ្ដល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។ ប្រសិនបើជាអ្នកដែលត្រូវសងសឹកមកតាមគាត់ ពួកព្រឹទ្ធាចារ្យគ្មានសិទ្ធិនឹងប្រគល់អ្នកដែលសម្លាប់គេទៅឲ្យអ្នកនោះទេ ដ្បិតគាត់បានសម្លាប់បងប្អូនរួមជាតិរបស់ខ្លួន ដោយអចេតនា ហើយគ្មានចិត្តសម្អប់មកពីមុនឡើយ។ គាត់ត្រូវស្នាក់នៅក្រុងនោះរហូតដល់សហគមន៍ជំនុំជម្រះ ហើយរហូតដល់លោកមហាបូជាចារ្យ*ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណភាពផុតទៅ។ ក្រោយមក ទើបអ្នកដែលបានសម្លាប់គេនោះអាចវិលត្រឡប់ទៅនៅស្រុកភូមិរបស់ខ្លួន គឺកន្លែងដែលគាត់រត់ចេញមក»។
យ៉ូស្វេ 20:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់យ៉ូស្វេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែលអញបានប្រាប់ឯងដោយសារម៉ូសេចុះ ដើម្បីឲ្យអ្នកណា ដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ ហើយឈរនៅមាត់ទ្វារក្រុង ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំក្រុងនោះស្តាប់ រួចគេនឹងទទួលអ្នកនោះមកក្នុងក្រុង ព្រមទាំងឲ្យមានកន្លែងនៅជាមួយផង បើអ្នកសងសឹកនឹងឈាមដេញតាមមក នោះពួកចាស់ទុំនៃក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសំឡាប់គេ ទៅក្នុងកណ្តាប់ដៃរបស់អ្នកនោះឡើយ ពីព្រោះបានវាយអ្នកជិតខាងខ្លួនដោយឥតដឹងទេ ក៏មិនបានស្អប់គេពីដើមមកដែរ រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះខ្លួន គឺដល់សំដេចសង្ឃដែលមាននៅគ្រានោះបានសុគតទៅ នោះទើបអ្នកដែលបានសំឡាប់គេនឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។