យ៉ូស្វេ 2:21-24
យ៉ូស្វេ 2:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាងឆ្លើយថា៖ «ដូច្នេះ សូមឲ្យសម្រេចតាមពាក្យរបស់លោកចុះ»។ បន្ទាប់មក នាងសុំឲ្យគេចេញទៅ រួចគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែក្រហមនៅជាប់នឹងបង្អួច។ អ្នកទាំងពីរក៏ចេញទៅឯស្រុកភ្នំ ហើយស្នាក់នៅទីនោះអស់បីថ្ងៃ រហូតទាល់តែពួកអ្នកដេញតាមបានវិលត្រឡប់មកវិញ ក្រោយពេលដែលពួកគេបានស្វែងរកសព្វតាមផ្លូវ ហើយរកមិនឃើញសោះ។ បន្ទាប់មក អ្នកទាំងពីរបានវិលត្រឡប់ គឺគេចុះពីស្រុកភ្នំ ឆ្លងទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនុន ហើយរៀបរាប់ប្រាប់ពីគ្រប់ទាំងហេតុការណ៍ ដែលបានកើតឡើងដល់ពួកគេ។ គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
យ៉ូស្វេ 2:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។ បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។ បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនូនវិញ ហើយជម្រាបលោកនូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។ បុរសទាំងពីរជម្រាបលោកយ៉ូស្វេថា៖ «ព្រះអម្ចាស់ពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុកក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។
យ៉ូស្វេ 2:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងឆ្លើយតបថា សូមសំរេចដូចជាពាក្យអ្នកចុះ ដូច្នេះនាងក៏ឲ្យគេទៅ ហើយគេចេញបាត់ទៅ រួចនាងចងខ្សែក្រហមនោះនៅជាប់នឹងបង្អួច។ អ្នកទាំង២ក៏ចេញទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់៣ថ្ងៃ កំពុងដែលពួកអ្នកដេញតាម បានពិនិត្យរកគ្រប់សព្វតាមផ្លូវឥតមានឃើញសោះ ហើយបានត្រឡប់វិលទៅវិញ នោះទើបអ្នកទាំង២បែរចុះពីភ្នំឆ្លងទៅដល់យ៉ូស្វេ ជាកូននុន ទៅរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការដែលបានកើតមកដល់គេ គេជំរាបយ៉ូស្វេថា ព្រះយេហូវ៉ាទ្រង់បានប្រគល់ស្រុកនោះទាំងមូល មកក្នុងកណ្តាប់ដៃយើងហើយ ពួកអ្នកស្រុកនោះទាំងប៉ុន្មាន គេកំពុងតែរលាយចេញពីមុខយើងរាល់គ្នាទៅ។