យ៉ូស្វេ 2:2-21
យ៉ូស្វេ 2:2-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានគេទូលដល់ស្តេចក្រុងយេរីខូរថា៖ «មើល៍ នៅយប់នេះ មានពួកអ៊ីស្រាអែលខ្លះបានចូលមក ដើម្បីសង្កេតមើលស្រុកនេះ»។ ពេលនោះ ស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅជួបនាងរ៉ាហាប ប្រាប់ថា៖ «ចូរនាំមនុស្សដែលបានចូលមកឯនាង គឺអ្នកដែលចូលមកក្នុងផ្ទះនាងចេញមក ដ្បិតគេបានមកសង្កេតមើលស្រុកនេះទាំងមូល»។ ប៉ុន្ដែ ស្ត្រីនោះបាននាំបុរសពីរនាក់នោះទៅលាក់ទុក រួចប្រាប់ថា៖ «មានមនុស្សមកឯនាងខ្ញុំមែន តែនាងខ្ញុំមិនបានដឹងថាគេមកពីណាទេ។ លុះជិតដល់ពេលបិទទ្វារក្រុងនៅពេលព្រលប់ បុរសនោះបានចេញទៅបាត់។ នាងខ្ញុំមិនដឹងថាបុរសនោះទៅទីណាទេ។ សូមដេញតាមគេឲ្យលឿនទៅ ដ្បិតអស់លោកនឹងដេញតាមគេទាន់មិនខាន»។ ប៉ុន្ដែ នាងបាននាំអ្នកទាំងពីរឡើងទៅលើដំបូលផ្ទះ ហើយលាក់នៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូល។ ដូច្នេះ បុរសទាំងនោះក៏ដេញតាមអ្នកទាំងពីរ តាមផ្លូវទៅកាន់ទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង។ កាលពួកអ្នកដេញតាមបានចេញទៅផុតហើយ នោះគេក៏បិទទ្វារក្រុង។ កាលអ្នកទាំងពីរមិនទាន់ដេកនៅឡើយ នាងក៏ឡើងទៅជួបគេនៅលើដំបូល ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។ ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។ កាលយើងខ្ញុំបានឮភ្លាម ចិត្តយើងខ្ញុំបានរលាយអស់ ហើយនៅក្នុងខ្លួនមនុស្សម្នាក់ៗគ្មានព្រលឹងទេ ដោយព្រោះតែពួកលោក ដ្បិតព្រះយេហូវ៉ាជាព្រះរបស់ពួកលោក ព្រះអង្គជាព្រះគង់នៅស្ថានសួគ៌ខាងលើ ហើយក៏គង់នៅលើផែនដីខាងក្រោមដែរ។ ដូច្នេះ សូមស្បថឲ្យនាងខ្ញុំឥឡូវ ដោយយកព្រះយេហូវ៉ាជាសាក្សីថា ពួកលោកនឹងអាណិតមេត្តាដល់ក្រុមគ្រួសារឪពុកនាងខ្ញុំ ដូចនាងខ្ញុំបានអាណិតមេត្តាដល់ពួកលោកដែរ ហើយសូមទុកសញ្ញាមួយឲ្យប្រាកដដល់នាងខ្ញុំផង ថាពួកលោកនឹងទុកជីវិតឲ្យឪពុកម្តាយរបស់នាងខ្ញុំ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ ហើយជួយជីវិតយើងខ្ញុំឲ្យរួចពីស្លាប់ផង»។ បុរសទាំងពីរឆ្លើយទៅនាងថា៖ «យើងយកជីវិតរបស់យើងធានាជីវិតរបស់នាង ប្រសិនបើនាងមិនយករឿងយើងទៅនិយាយ ហើយកាលណាព្រះយេហូវ៉ាប្រគល់ស្រុកនេះមកយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាង ដោយសប្បុរសស្មោះត្រង់»។ បន្ទាប់មក នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួច ដ្បិតផ្ទះរបស់នាងសង់នៅលើកំផែងទីក្រុង ហើយនាងរស់នៅចំពីលើកំផែងនោះ។ នាងនិយាយទៅកាន់អ្នកទាំងពីរថា៖ «សូមទៅឯស្រុកភ្នំទៅ ក្រែងពួកអ្នកដេញតាមជួបប្រទះនឹងពួកលោក។ សូមពួននៅទីនោះបីថ្ងៃ រហូតដល់ពួកអ្នកដេញតាមត្រឡប់មកវិញ រួចសឹមពួកលោកបន្តដំណើរទៅទៀត»។ អ្នកទាំងពីរនិយាយទៅនាងថា៖ «យើងនឹងបានរួចពីពាក្យសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ។ មើល៍ កាលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែក្រហមនេះជាប់នឹងបង្អួច ដែលនាងបានសម្រូតយើងចុះមកនោះ ហើយនាងត្រូវប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសាររបស់ឪពុកនាងទាំងអស់ មកជួបជុំនៅក្នុងផ្ទះរបស់នាង។ ប្រសិនបើមានអ្នកណាម្នាក់ចេញពីទ្វារផ្ទះរបស់នាង ទៅតាមដងផ្លូវ នោះឈាមរបស់គេនឹងធ្លាក់លើក្បាលរបស់គេ ឯយើងគ្មានទោសទេ។ ប៉ុន្ដែ ប្រសិនបើមានដៃណាដាក់លើអ្នកណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង នោះឈាមរបស់គេនឹងធ្លាក់មកលើក្បាលយើងវិញ។ ប៉ុន្ដែ ប្រសិនបើនាងនិយាយរឿងរបស់យើងនេះប្រាប់គេ យើងនឹងរួចពីសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ»។ នាងឆ្លើយថា៖ «ដូច្នេះ សូមឲ្យសម្រេចតាមពាក្យរបស់លោកចុះ»។ បន្ទាប់មក នាងសុំឲ្យគេចេញទៅ រួចគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែក្រហមនៅជាប់នឹងបង្អួច។
យ៉ូស្វេ 2:2-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគេទូលស្ដេចក្រុងយេរីខូថា៖ «យប់នេះ មានពួកអ៊ីស្រាអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។ ស្ដេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមឲ្យលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។ តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅ គេក៏បិទទ្វារទីក្រុង។ នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលស់ព្រលឹងនៅចំពោះមុខពួកលោក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយព្រះអង្គក៏គង់នៅផែនដីខាងក្រោមនេះដែរ។ ឥឡូវនេះ សូមលោកទាំងពីរស្បថឲ្យនាងខ្ញុំ ដោយយកព្រះអម្ចាស់ជាសាក្សីថា នាងខ្ញុំបានជួយលោកទាំងពីរដោយសប្បុរសយ៉ាងណា សូមលោកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្ដុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្ដង។ នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។ ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ! ប៉ុន្តែ បើនាងយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។ នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។
យ៉ូស្វេ 2:2-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណៈនោះ មានគេទូលដល់ស្តេចក្រុងយេរីខូរថា មើល នៅយប់នេះ មានមនុស្សសាសន៍អ៊ីស្រាអែលខ្លះបានចូលមក ដើម្បីនឹងសង្កេតមើលស្រុកនេះ នោះស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅបង្គាប់រ៉ាហាបថា ចូរនាំមនុស្សដែលចូលមកស្នាក់នៅផ្ទះឯងនោះចេញមក ដ្បិតគេបានមក ដើម្បីនឹងដើរសង្កេតមើលពេញក្នុងស្រុកនេះ តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ លុះជិតដល់ពេលបិទទ្វារក្រុង កាលងងឹតហើយ នោះស្រាប់តែគេចេញបាត់ទៅ ខ្ញុំឥតបានដឹងជាគេទៅឯណាទេ ដូច្នេះចូរដេញតាមគេជាប្រញាប់ទៅ ដ្បិតមុខជានឹងតាមគេទាន់ តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ ដូច្នេះគេក៏ដេញតាមរកអ្នកទាំង២តាមផ្លូវទៅឯទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង កាលពួកអ្នកដែលដេញតាម បានចេញទៅផុតហើយ នោះក៏បិទទ្វារក្រុង។ រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុន ហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង ដូច្នេះ ខ្ញុំសូមអង្វរអ្នក សូមស្បថនឹងខ្ញុំឥឡូវ ដោយនូវព្រះយេហូវ៉ាថា អ្នករាល់គ្នានឹងអាណិតមេត្តាដល់ពួកគ្រួឪពុកខ្ញុំ ដូចជាខ្ញុំបានអាណិតមេត្តាដល់អ្នកដែរ សូមប្រាប់ទីសំគាល់ដ៏ប្រាកដច្បាស់មកខ្ញុំផង ឲ្យខ្ញុំដឹងថា អ្នករាល់គ្នានឹងទុកជីវិតដល់ឪពុកម្តាយ នឹងបងប្អូនរបស់ខ្ញុំ ព្រមទាំងវង្សាគាត់ដែរ ដោយជួយដោះយើងខ្ញុំឲ្យរួចពីស្លាប់ រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើងនឹងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។ នាងក៏សំរូតគេដោយខ្សែចុះតាមបង្អួចទៅ ដ្បិតផ្ទះនាងជាប់នឹងកំផែងទីក្រុង ហើយនាងនៅចំពីលើកំផែងនោះ ដោយប្រាប់ថា ចូរអ្នកកាត់ដំរង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ អ្នកទាំង២ក៏ប្រាប់នាងថា យើងនឹងបានរួចពីសេចក្ដីសម្បថនេះ ដែលនាងបានចាប់ឲ្យយើងស្បថហើយ គឺកាលណាយើងចូលមកក្នុងស្រុកនេះ នោះនាងត្រូវចងខ្សែក្រហមនេះនៅត្រង់បង្អួច ដែលនាងបានសំរូតយើងចុះមកនេះ ហើយត្រូវប្រមូលឪពុកម្តាយ នឹងបងប្អូននាង ព្រមទាំងពួកគ្រួឪពុកនាងទាំងអស់មកនៅជាមួយគ្នា បើមានអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះនាង នោះឈាមរបស់គេនឹងនៅតែលើក្បាលគេវិញ ឯយើងគ្មានទោសទេ តែអ្នកណានៅក្នុងផ្ទះជាមួយនឹងនាង បើសិនជាមានអ្នកណាពាល់គេ នោះឈាមគេនឹងធ្លាក់មកលើយើងវិញ ម្យ៉ាងទៀតបើនាងបំបែកការនេះពីរឿងយើង នោះយើងក៏រួចពីសម្បថនេះដែរ នាងឆ្លើយតបថា សូមសំរេចដូចជាពាក្យអ្នកចុះ ដូច្នេះនាងក៏ឲ្យគេទៅ ហើយគេចេញបាត់ទៅ រួចនាងចងខ្សែក្រហមនោះនៅជាប់នឹងបង្អួច។