យ៉ូស្វេ 2:1-13

យ៉ូស្វេ 2:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា៖ «មើល៍ នៅ​យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​សង្កេត​មើល​ស្រុក​នេះ»។ ពេល​នោះ ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជួប​នាង​រ៉ាហាប ប្រាប់​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​មក​ឯ​នាង គឺ​អ្នក​ដែល​ចូល​មក​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​បាន​មក​សង្កេត​មើល​ស្រុក​នេះទាំង​មូល»។ ប៉ុន្ដែ ស្ត្រី​នោះ​បាន​នាំបុរស​ពីរ​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា៖ «មាន​មនុស្ស​មក​ឯនាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​បាន​ដឹងថា​គេ​មក​ពី​ណា​ទេ។ លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង​នៅ​ពេល​ព្រលប់ បុរស​នោះ​បាន​ចេញទៅ​បាត់។ នាង​ខ្ញុំមិន​ដឹង​ថា​បុរស​នោះ​ទៅទីណា​ទេ។ សូម​ដេញ​តាម​គេ​ឲ្យ​លឿន​ទៅ ដ្បិត​អស់​លោក​នឹង​ដេញ​តាម​គេ​ទាន់មិន​ខាន»។ ប៉ុន្ដែ នាង​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ហើយ​លាក់​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល។ ដូច្នេះ បុរស​ទាំង​នោះ​ក៏​ដេញ​តាម​អ្នក​ទាំង​ពីរ តាម​ផ្លូវ​ទៅ​កាន់​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង។ កាល​ពួក​អ្នក​ដេញ​តាម​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​គេ​ក៏​បិទ​ទ្វារ​ក្រុង។ កាល​អ្នក​ទាំង​ពីរ​មិន​ទាន់​ដេក​នៅ​ឡើយ នាង​ក៏​ឡើង​ទៅ​ជួប​គេ​នៅ​លើ​ដំបូល ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។ ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​ពួក​លោក ពេល​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ការ​ដែល​ពួក​លោក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​អង្គ​របស់​សាសន៍​អាម៉ូរី នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ដល់​ព្រះ​បាទ​ស៊ីហុន និង​ព្រះ​បាទ​អុក ដែល​ពួក​លោក​បាន​បំផ្លាញ​ទាំង​ស្រុង។ កាល​យើង​ខ្ញុំ​បាន​ឮភ្លាម ចិត្ត​យើង​ខ្ញុំ​បាន​រលាយ​អស់ ហើយ​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​គ្មាន​ព្រលឹង​ទេ ដោយ​ព្រោះ​តែ​ពួក​លោក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​គង់​នៅ​ស្ថាន​សួគ៌​ខាង​លើ ហើយ​ក៏​គង់​នៅ​លើ​ផែន‌ដី​ខាង​ក្រោមដែរ។ ដូច្នេះ សូម​ស្បថ​ឲ្យ​នាង​ខ្ញុំ​ឥឡូវ ដោយ​យក​ព្រះ‌យេហូវ៉ា​ជាសាក្សី​ថា ពួក​លោក​នឹង​អាណិត​មេត្តា​ដល់​ក្រុម​គ្រួសារ​ឪពុក​នាង​ខ្ញុំ ដូច​នាង​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​ពួក​លោក​ដែរ ហើយ​សូម​ទុក​សញ្ញា​មួយ​ឲ្យ​ប្រាកដ​ដល់​នាង​ខ្ញុំ​ផង ថា​ពួក​លោក​នឹង​ទុក​ជីវិត​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​ខ្ញុំ បង​ប្អូន​ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់ ហើយ​ជួយ​ជីវិត​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់​ផង»។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ជំរំ​ស៊ីទីម ទៅ​ស៊ើប‌ការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប។ មាន​គេ​ទូល​ស្ដេច​ក្រុង​យេរីខូ​ថា៖ «យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ចូល​មក​ក្នុង​ទីក្រុង ដើម្បី​ស៊ើប‌ការណ៍»។ ស្ដេច​ក្រុង​យេរីខូ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នាង​រ៉ាហាប​ថា៖ «ចូរ​នាំ​ពួក​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​ទាំង​មូល»។ ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់ រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។ លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ‌ខាន!»។ តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។ អ្នក​ទាំង​នោះ​ដេញ​តាម​រក​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ គេ​ក៏​បិទ​ទ្វារ​ទីក្រុង។ នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើប‌ការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​ឲ្យ​យើង​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លស់​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ព្រះអង្គ​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។ ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ​ឲ្យ​នាង​ខ្ញុំ ដោយ​យក​ព្រះ‌អម្ចាស់​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ពួក​លោក​នឹង​អនុ‌គ្រោះ​ដល់​ជីវិត​ឪពុក​ម្ដាយ បងប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​ឲ្យ​បាន​រួច​ជីវិត​ផង»។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប ខណៈ​នោះ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា មើល នៅ​យប់​នេះ មាន​មនុស្ស​សាសន៍​អ៊ីស្រាអែល​ខ្លះ​បាន​ចូល​មក ដើម្បី​នឹង​សង្កេត​មើល​ស្រុក​នេះ នោះ​ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​បង្គាប់​រ៉ាហាប​ថា ចូរ​នាំ​មនុស្ស​ដែល​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ឯង​នោះ​ចេញ​មក ដ្បិត​គេ​បាន​មក ដើម្បី​នឹង​ដើរ​សង្កេត​មើល​ពេញ​ក្នុង​ស្រុក​នេះ តែ​នាង​បាន​នាំ​យក​មនុស្ស​២​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា មាន​មនុស្ស​មក​ឯ​ខ្ញុំ​មែន តែ​ខ្ញុំ​ឥត​បាន​ដឹង​ជា​មក​ពី​ណា​ទេ លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ​ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់ តែ​នាង​បាន​នាំ​យក​អ្នក​ទាំង​២​នោះ​ឡើង​ទៅ​ឯ​លើ​ដំបូល​ផ្ទះ​វិញ ហើយ​លាក់​ទុក​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល​នោះ ដូច្នេះ​គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។ រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល និយាយ​ថា ខ្ញុំ​ដឹង​ថា​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង ដូច្នេះ ខ្ញុំ​សូម​អង្វរ​អ្នក សូម​ស្បថ​នឹង​ខ្ញុំ​ឥឡូវ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អ្នក​រាល់​គ្នា​នឹង​អាណិត​មេត្តា​ដល់​ពួក​គ្រួ​ឪពុក​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​អ្នក​ដែរ សូម​ប្រាប់​ទី​សំគាល់​ដ៏​ប្រាកដ​ច្បាស់​មក​ខ្ញុំ​ផង ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទុក​ជីវិត​ដល់​ឪពុក​ម្តាយ នឹង​បង​ប្អូន​របស់​ខ្ញុំ ព្រម​ទាំង​វង្សា​គាត់​ដែរ ដោយ​ជួយ​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់

ចែក​រំលែក
អាន យ៉ូស្វេ 2