យ៉ូស្វេ 17:3-6
យ៉ូស្វេ 17:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯស្លូផិហាតជាកូនរបស់ហេភើរ ដែលហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនរបស់ម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ហើយកូនស្រីទាំងនោះឈ្មោះ ម៉ាឡា ណូហា ហុកឡា មីលកា និងធើសា ។ នាងទាំងនោះបានមកជួបសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងអស់លោកដែលជាមេដឹកនាំ ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ឲ្យប្រគល់មត៌កមកពួកនាងខ្ញុំ ដូចពួកបងប្អូនប្រុសៗរបស់ពួកនាងខ្ញុំដែរ»។ ដូច្នេះ លោកក៏ចែកមត៌កឲ្យពួកនាង ក្នុងចំណោមញាតិសន្តានប្រុសៗរបស់ឪពុកនាង តាមបង្គាប់ព្រះយេហូវ៉ា។ ដូច្នេះ មានទឹកដីដប់ចំណែកដែលត្រូវបានទៅពួកម៉ាណាសេ ក្រៅពីស្រុកកាឡាដ និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់ ព្រោះកូនចៅស្រីៗរបស់ម៉ាណាសេបានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ ស្រុកកាឡាដជាចំណែករបស់កូនចៅប្រុសៗឯទៀតរបស់ម៉ាណាសេ។
យ៉ូស្វេ 17:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្លូផិហាត ជាកូនរបស់លោកហេភើរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូហា នាងហុកឡា នាងមីលកា និងធើសា។ នាងទាំងនោះបានទៅជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេដឹកនាំប្រជាជន ជម្រាបថា “ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេឲ្យប្រគល់ទឹកដីមកពួកនាងខ្ញុំ ទុកជាមត៌ក ក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ពួកនាងខ្ញុំដែរ”។ គេក៏ប្រគល់ទឹកដីឲ្យពួកនាងទុកជាមត៌កក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ឪពុកនាង ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់។ ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀតថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់ ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដបានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។
យ៉ូស្វេ 17:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្លូផិហាតជាកូនហេភើរ ដែលហេភើរជាកូនកាឡាតៗជាកូនម៉ាគារ ម៉ាគារជាកូនម៉ាន៉ាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ឈ្មោះរបស់កូនស្រីទាំងប៉ុន្មាននោះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ នាងទាំងនោះក៏មកឯអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេជាកូននុន ហើយនឹងពួកអ្នកជាកំពូលទាំងប៉ុន្មានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ឲ្យចែកមរដកមកយើងខ្ញុំ នៅកណ្តាលពួកបងប្អូនយើងខ្ញុំដែរ ដូច្នេះលោកក៏ចែកមរដកឲ្យគេ គឺនៅកណ្តាលពួកបងប្អូនឪពុកគេ តាមបង្គាប់ព្រះយេហូវ៉ា មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត នឹងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់ ពីព្រោះកូនចៅស្រីរបស់ម៉ាន៉ាសេនោះ បានទទួលមរដកនៅកណ្តាលពួកកូនចៅប្រុសៗដែរ ហើយស្រុកកាឡាតបានចែកដល់ពួកកូនចៅប្រុសរបស់ម៉ាន៉ាសេឯទៀតនោះហើយ។