យ៉ូស្វេ 15:13-19
យ៉ូស្វេ 15:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់) លោកកាលែបបានបណ្តេញកូនរបស់អ័ណាក់ទាំងបីចេញ គឺសេសាយអ័ហ៊ីម៉ាន និងតាលម៉ាយ ដែលជាពូជពង្សរបស់អ័ណាក់។ លោកបានឡើងពីទីនោះ ទៅទាស់នឹងពួកអ្នកស្រុកដេបៀរ រីឯក្រុងដេបៀរនោះ ពីដើមមានឈ្មោះថា គារយ៉ាត់-សេភើរ។ លោកកាលែបមានប្រសាសន៍ថា៖ «បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកអាកសា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ ដូច្នេះ អូធ្នាលជាកូនកេណាស ដែលកេណាសជាប្អូនលោកកាលែប ក៏វាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសា កូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ កាលនាងបានមកដល់គាត់ នាងក៏បបួលគាត់ឲ្យសុំដីមួយកន្លែងពីឪពុកនាង។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនចង់បានអ្វី?»។ នាងឆ្លើយតបថា៖ «សូមលោកឪពុកចែកឲ្យកូនមួយចំណែកផង ដ្បិតលោកឪពុកបានឲ្យកូនមានដីខាងត្បូងហើយ ដូច្នេះ សូមឲ្យកូនមានក្បាលទឹកដែរ»។ លោកកាលែបក៏ចែកក្បាលទឹកខាងលើ និងខាងក្រោមឲ្យនាង។
យ៉ូស្វេ 15:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនលោក ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។ ទឹកដីនោះគឺក្រុងហេប្រូន ដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។ លោកកាលែបបានដណ្ដើមយកទឹកដីនោះពីពូជពង្សទាំងបីរបស់លោកអណាក់ គឺអំបូរសេសាយអំបូរអហ៊ីម៉ាន និងអំបូរតាលម៉ាយ។ បន្ទាប់មក លោកបានឡើងពីទីនោះទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះមានឈ្មោះថាគារយ៉ាត-សេភើរ។ លោកកាលែបមានប្រសាសន៍ថា៖ «អ្នកណាវាយយកក្រុងគារយ៉ាត-សេភើរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ កាលនាងបានចូលមករួមរស់ជាមួយលោកអូធ្នាលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូននៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។
យ៉ូស្វេ 15:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេក៏ចែកឲ្យដល់កាលែប ជាកូនយេភូនេ មាន១ចំណែកជាមួយនឹងពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (ឯអើបានោះជាឪពុកអ័ណាក់) កាលែបក៏បណ្តេញកូនរបស់អ័ណាក់៣នាក់ចេញ គឺសេសាយ១ អ័ហ៊ីម៉ាន១ នឹងតាលម៉ាយ១ សុទ្ធតែជាកូនអ័ណាក់ ពីទីនោះគាត់ក៏ឡើងទៅទាស់នឹងពួកអ្នកស្រុកដេបៀរ រីឯក្រុងដេបៀរនោះ កាលពីដើមមានឈ្មោះជាគារយ៉ាត់-សេភើរ កាលែបក៏សន្យាថា បើអ្នកណានឹងវាយយកគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ទៅធ្វើជាប្រពន្ធអ្នកនោះ ដូច្នេះអូធ្នាល ជាកូនកេណាសដែលកេណាសជាប្អូនកាលែប គាត់ក៏វាយយកបាន នោះកាលែបក៏ឲ្យនាងអាកសា ជាកូនខ្លួន ទៅធ្វើជាប្រពន្ធគាត់ទៅ កាលនាងបានមកដល់គាត់ហើយ នោះក៏បបួលឲ្យសូមដីពីឪពុកនាង ដូច្នេះ នាងចុះពីលើសត្វជំនិះ កាលែបក៏សួរថា ហេតុអ្វីហ្នឹង នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។