យ៉ូស្វេ 14:6-9
យ៉ូស្វេ 14:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។ កាលលោកម៉ូសេជាអ្នកបម្រើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក ខ្ញុំមានអាយុសែសិបឆ្នាំ ហើយខ្ញុំបានត្រឡប់មកវិញ រាយការណ៍ជូនលោកដោយស្មោះត្រង់។ ប៉ុន្តែ បងប្អូនដែលឡើងទៅជាមួយខ្ញុំ បានធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត តែខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ នៅថ្ងៃនោះ លោកម៉ូសេបានស្បថថា "ដីដែលជើងរបស់អ្នកបានជាន់ នោះនឹងត្រូវបានជាមត៌ករបស់អ្នក និងកូនចៅរបស់អ្នករហូតតទៅ ព្រោះអ្នកបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត"។
យ៉ូស្វេ 14:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស្វេ នៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបស្រាប់ហើយនូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារនា ស្ដីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។ កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចាត់ខ្ញុំពីកាដេស-បារនាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្ដីរាយការណ៍ជូនទៅលោកវិញ ដោយស្មោះត្រង់។ បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ នៅថ្ងៃនោះ លោកម៉ូសេបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ករហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
យ៉ូស្វេ 14:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ នឹងលោក នៅត្រង់កាដេស-បារនាហើយ កាលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជំរាបលោកតាមគំនិតខ្ញុំ ប៉ុន្តែពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំគ្រប់ជំពូក ហើយនៅថ្ងៃនោះឯង លោកម៉ូសេក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង នឹងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ាជាព្រះនៃអញគ្រប់ជំពូក