យ៉ូស្វេ 13:1-14
យ៉ូស្វេ 13:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ ហើយនៅសល់ស្រុកច្រើនណាស់ដែលត្រូវចាប់យក។ នេះជាស្រុកដែលនៅសល់ គឺស្រុកទាំងប៉ុន្មានរបស់សាសន៍ភីលីស្ទីន និងស្រុកទាំងប៉ុន្មានរបស់សាសន៍កេស៊ូរី (ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង ស្រុកទាំងប៉ុន្មានរបស់សាសន៍កាណាន និងស្រុកមារ៉ា ដែលជាកម្មសិទ្ធិរបស់ពួកសាសន៍ស៊ីដូន រហូតដល់ក្រុងអាផែក និងដល់ព្រំប្រទល់ស្រុករបស់សាសន៍អាម៉ូរី ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាល-កាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត ស្រុកទាំងប៉ុន្មានរបស់ពួកអ្នកស្រុក ដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់ក្រុងមីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកសាសន៍ស៊ីដូនទាំងអស់។ យើងនឹងបណ្ដេញសាសន៍ទាំងនោះចេញពីមុខប្រជាជនអ៊ីស្រាអែល ចូរគ្រាន់តែបែងចែកស្រុកទាំងនោះ ដល់ពួកអ៊ីស្រាអែលទុកជាមត៌ក ដូចយើងបានបង្គាប់អ្នកចុះ។ ដូច្នេះ ចូរបែងចែកស្រុកនេះដល់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាមត៌កទៅ»។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងទៀត បានទទួលមត៌ករបស់គេ ដែលលោកម៉ូសេបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានចែកដល់គេ ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបមេឌីបាទាំងអស់ រហូតដល់ក្រុងឌីបូន និងអស់ទាំងទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំប្រទល់ស្រុករបស់ពួកកូនចៅអាំម៉ូន ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា គឺនគររបស់ព្រះបាទអុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជាម្នាក់ក្នុងចំណោមអ្នកដែលសល់ពីសាសន៍រេផែម) ដ្បិតលោកម៉ូសេបានវាយបណ្តេញពួកទាំងនោះចេញ។ ក៏ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលមិនបានបណ្ដេញសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី រស់នៅកណ្ដាលពួកអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។ មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះ ដែលលោកម៉ូសេមិនបានចែកមត៌កឲ្យ ដ្បិតតង្វាយដុតថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។
យ៉ូស្វេ 13:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ រីឯទឹកដីដែលត្រូវវាយយក ក៏នៅសល់ច្រើនណាស់ដែរ។ ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូរីទាំងមូល ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះ មាននគរប្រាំរបស់ជនជាតិភីលីស្ទីន ដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។ នៅខាងត្បូង មានស្រុកកាណានទាំងមូល និងក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន រហូតទៅដល់ក្រុងអាផែក និងព្រំប្រទល់ស្រុកអាម៉ូរី ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។ ក្នុងនោះក៏មានទឹកដីទាំងប៉ុន្មានរបស់ជនជាតិស៊ីដូន ដែលរស់នៅតាមតំបន់ភ្នំ គឺចាប់តាំងពីភ្នំលីបង់រហូតដល់ក្រុងមីសរិផូត-ម៉ែមដែរ។ យើងនឹងបណ្ដេញជនជាតិទាំងនោះ ចេញពីមុខជនជាតិអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនោះដល់ជនជាតិអ៊ីស្រាអែល ដូចយើងបានបង្គាប់ដល់អ្នកស្រាប់ហើយ។ ឥឡូវនេះ ចូរបែងចែកទឹកដីកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាមត៌កទៅ»។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។ ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន។ ទឹកដីនោះលាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា ពោលគឺអាណាចក្រទាំងមូលរបស់ព្រះបាទអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ លោកម៉ូសេបានវាយយកទឹកដីពីស្ដេចទាំងនោះ។ ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានបណ្ដេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និងជនជាតិម៉ាកាធី រស់នៅជាមួយជនជាតិអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។ មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុត ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ នេះហើយជាមត៌ករបស់ពួកគេ ដូចព្រះអង្គបានបង្គាប់មកពួកគេ។
យ៉ូស្វេ 13:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូស្វេ លោកចាស់ អាយុក៏ច្រើនណាស់ហើយ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងលោកថា ឯងចាស់ហើយ អាយុក៏ច្រើនណាស់ផង ហើយមានសល់នៅស្រុកដែលត្រូវចាប់យកសន្ធឹកណាស់ទៀត នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន នឹងស្រុករបស់សាសន៍កេស៊ូរីទាំងអស់ ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ ព្រមទាំងស្រុករបស់សាសន៍កាណានទាំងមូល នឹងស្រុកមារ៉ា ដែលជារបស់ផងក្រុងស៊ីដូន រហូតដល់អាផែក នឹងដល់ព្រំស្រុករបស់សាសន៍អាម៉ូរី ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត អស់ទាំងស្រុករបស់ពួកផ្សេងៗដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់មីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកក្រុងស៊ីដូនទាំងអស់ អញនឹងដេញពួកសាសន៍ទាំងនោះចេញពីមុខពួកកូនចៅអ៊ីស្រាអែលទៅ ចូរឲ្យឯងចែកស្រុកទាំងនោះដល់ពួកអ៊ីស្រាអែលទុកជាមរដកចុះ ដូចជាអញបានបង្គាប់ហើយ គឺត្រូវឲ្យចែកស្រុកទាំងនោះដល់ពូជអំបូរទាំង៩ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាមរដក។ ឯពួករូបេន នឹងពួកកាឌ់ ព្រមទាំងពូជអំបូរម៉ាន៉ាសេ១ចំហៀងឯទៀត នោះបានទទួលមរដករបស់គេ ដែលម៉ូសេបានចែកឲ្យនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកដល់គេ ចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ គឺស្រុកវាលមេឌីបាទាំងអស់រហូតដល់ក្រុងឌីបូន នឹងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន នឹងស្រុកកាឡាត ហើយព្រំដែនស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា គឺនគររបស់អុកនៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែលដរាបដែលសព្វថ្ងៃនេះ មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។