យ៉ូស្វេ 11:1-23

យ៉ូស្វេ 11:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ​បាទ​យ៉ាប៊ីន​ជា​ស្តេច​ក្រុង​ហាសោរ​បាន​ឮ​ពី​ហេតុការណ៍​ទាំង​នេះ ស្ដេច​ក៏​ផ្ញើ​សារ​ទៅ​ព្រះ​បាទ​យ៉ូបាប់​ជា​ស្តេច​ក្រុង​ម៉ាដូន ទៅ​ស្តេច​ក្រុង​ស៊ីមរ៉ុន និង​ទៅ​ស្តេច​ក្រុង​អាកសាប ព្រម​ទាំងទៅ​កាន់​ពួក​ស្តេច​នៅ​ស្រុក​ភ្នំភាគ​ខាង​ជើង នៅ​តំបន់​អារ៉ាបា ខាង​ត្បូង​គីណា​រ៉ូត នៅតំបន់​វាល​ទំនាប និង​នៅ​តំបន់​ឌ័រដែល​នៅ​ខាង​លិច ទៅ​សាសន៍​កាណាន ដែល​នៅ​ខាង​កើត ខាង​លិច និង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ និង​សាសន៍​ហេវី​នៅ​ស្រុក​មីស‌ប៉ា នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរម៉ូន។ ស្ដេច​ទាំង​នោះ​នាំ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់ខ្លួន​ចេញ​មក មាន​គ្នា​សន្ធឹក​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ មាន​ទាំង​សេះ និង​រទេះ​ចម្បាំង​យ៉ាង​ច្រើន​អនេក។ ស្តេច​ទាំង​នោះ​បានប្រ​មូលផ្ដុំ​កម្លាំង ហើយ​មក​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ុម ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ យើង​នឹង​ប្រគល់​គេ​ទាំង​អស់មកឲ្យ​ស្លាប់ នៅ​មុខ​អ៊ីស្រា‌អែល។ អ្នក​ត្រូវ​កាប់​សរសៃ​ក​ជើង​សេះ​របស់​គេ ហើយយក​ភ្លើង​ដុត​រទេះ​ចម្បាំង​របស់​គេចោល​ទៅ»។ ដូច្នេះ លោក​យ៉ូស្វេ និង​ពួក​អ្នក​ច្បាំង​ទាំង​ប៉ុន្មានក៏​ឡើង​ទៅ​ទាស់​នឹង​គេ នៅ​ត្រង់​ជ្រោះ​មេរ៉ុម ហើយ​សង្គ្រប់​គេ​មិន​ឲ្យ​ដឹង​ខ្លួន។ ព្រះ‌យេហូវ៉ាបាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​វាយ​ប្រហារ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន ជា​ទី​ក្រុង​ដ៏​ធំ និង​ដល់​ក្រុង​មីសរិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីស‌ប៉ា ដែល​នៅ​ខាង​កើត គឺ​វាយប្រហារ​គេ​រហូត​ទាល់​តែ​គ្មាន​សល់អ្នក​ណា​ម្នាក់​ឡើយ។ លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះគេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ លោក​បាន​កាប់​សរសៃ​ក​ជើង​សេះ ហើយយក​ភ្លើង​ដុត​រទេះ​ចម្បាំង​របស់​គេ​ចោល។ ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​របស់​ក្រុង​នោះ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម​ជា​រាជធានី​នៃ​នគរ​ទាំង​នោះ។ ពួក​អ៊ីស្រា‌អែល​ប្រហារ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​គេទាំង​ស្រុង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយក៏​បាន​យកភ្លើង​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ។ ឯ​ទី​ក្រុង​ទាំង​អស់​របស់​ស្តេច​ទាំង​នោះ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ លោក​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​ប្រហារ​គេ​ដោយ​មុខ​ដាវ ដោយ​បំផ្លាញ​គេ​ទាំង​ស្រុង ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ ប៉ុន្ដែ ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​តំបន់​ខ្ពង់​រាប ពួក​អ៊ីស្រា‌អែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​មួយប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានរឹបអូស​យក​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ និង​ហ្វូង​សត្វ ទុក​ជា​ជ័យ‌ភណ្ឌ​សម្រាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន ពួក​គេ​បាន​ប្រហារ​ដោយ​មុខ​ដាវ​វិញ រហូត​ទាល់​តែ​បាន​បំផ្លាញ​អស់ ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ។ ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​លោក​យ៉ូស្វេ​យ៉ាង​នោះ ហើយលោក​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះដែរ គឺ​មិន​បាន​រំលង​ចោល​អ្វី​មួយ​ក្នុង​ចំណោម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ​ឡើយ។ ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ តំបន់​ណេ​កិប​ទាំង​អស់ ស្រុក​កូសែន​ទាំង​អស់ តំបន់​វាល​ទំនាប តំបន់អារ៉ាបា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ក្រុង​បាល-កាដ ដែល​នៅ​ក្នុង​ជ្រលង​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើរ​ម៉ូន។ លោក​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សម្លាប់​ស្ដេច​ទាំង​នោះ​ចោល។ លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជាមួយ​ស្តេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ គ្មាន​ទី​ក្រុង​ណា​មួយ​បាន​ចង​ស្ពាន​មេត្រី​ជាមួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឡើយ លើក​លែង​តែ​សាសន៍​ហេវី​ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​យក​បាន​ដោយ​ច្បាំង។ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ចិត្ត​គេ​ឲ្យ​រឹង​ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ​ទាំង​អស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់ ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​លោក​បាន​បំផ្លាញ​គេ និង​ទី​ក្រុង​របស់​គេ​ទាំង​ស្រុង។ ពួក​សាសន៍​អ័ណាក់​គ្មាន​ណា​មួយ​នៅ​សល់​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ។ ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មត៌ក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀង​ខ្លួន ហើយ​ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។

ចែក​រំលែក
អាន យ៉ូស្វេ 11

យ៉ូស្វេ 11:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីម‌រ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប ព្រម​ទាំង​ស្ដេច​នានា​នៅ​ខាង​ជើង​ក្នុង​តំបន់​ភ្នំ តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គី‌ណា‌រ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។ ស្ដេច​ក៏​បាន​ផ្ញើ​រាជ‌សារ​ទៅ​ជន‌ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់ ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន‌ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន ក្នុង​ស្រុក​មីសប៉ា។ ស្ដេច​ទាំង​នោះ​បាន​លើក​រេហ៍៍‌ពល​ចេញ​មក​ផ្ដុំ​គ្នា ជា​កង‌ទ័ព​មួយ​យ៉ាង​ធំ មាន​គ្នា​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ក៏​មាន​ទ័ព​សេះ និង​រទេះ​ចម្បាំង​យ៉ាង​ច្រើន​អនេក​ដែរ។ ស្ដេច​ទាំង​នោះ​បាន​ព្រម​ព្រៀង​ពួត‌ដៃ​គ្នា ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ូម ដើម្បី​វាយ​លុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នៅ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​ឲ្យ​មក​ស្លាប់ ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីស្រា‌អែល។ ចូរ​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចម្បាំង​របស់​គេ​ចោល​ទៅ»។ លោក​យ៉ូស្វេ និង​ពល​ទាហាន​ទាំង​ប៉ុន្មាន​របស់​លោក បាន​វាយ​ឆ្មក់​សត្រូវ​នៅ​ក្បែរ​ជ្រោះ​មេរ៉ូម។ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីស‌រិផូត-‌ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចម្បាំង​របស់​ពួក​គេ​ចោល។ ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហា‌សោរ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហា‌សោរ​ជា​រាជ​ធានី​នៃ​អាណា‌ចក្រ​ទាំង​នោះ។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​អស់​អ្នក​នៅ​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌ជាម្ចាស់ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ ហើយ​ក៏​បាន​ដុត​ក្រុង​ហា‌សោរ​ចោល​ដែរ។ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌ជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើក‌លែង​តែ​ក្រុង​ហា‌សោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ ទុក​ជា​ជយ‌ភណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បាន​បង្គាប់​មក​លោក​យ៉ូស្វេ​យ៉ាង​នោះ​ដែរ ហើយ​លោក​យ៉ូស្វេ​ធ្វើ​តាម គឺ​លោក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ធ្វេស‌ប្រហែស​ត្រង់​ណា​ឡើយ។ លោក​យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប​ទាំង​មូល ស្រុក​កូសែន​ទាំង​មូល តំបន់​វាល​ទំនាប តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។ លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាល‌កាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន។ លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជា​មួយ​ស្ដេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ គ្មាន​ក្រុង​ណា​មួយ​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ លើក‌លែង​តែ​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​នោះ មាន​ចិត្ត​រឹង‌រូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​ឲ្យ​វិនាស​សូន្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ នៅ​គ្រា​ដដែល​នោះ លោក​យ៉ូស្វេ​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អា‌ណាក់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​នៅ​ក្រុង​ហេប្រូន ក្រុង​ដេបៀរ ក្រុង​អាណាប់ ព្រម​ទាំង​នៅ​តាម​តំបន់​ភ្នំ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ លោក​យ៉ូស្វេ​បំផ្លាញ​ពួក​គេ និង​ក្រុង​របស់​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គ្មាន​សេស‌សល់​ជន‌ជាតិ​អា‌ណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាស‌ដូឌ​ប៉ុណ្ណោះ។ លោក​យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស្វេ​យក​ទឹក​ដី​នោះ​មក​ចែក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

ចែក​រំលែក
អាន យ៉ូស្វេ 11

យ៉ូស្វេ 11:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ បាន​ឮ​ពី​ការ​ទាំង​នោះ​ហើយ នោះ​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន នឹង​ស្តេច​ក្រុង​ស៊ីមរ៉ុន ស្តេច​ក្រុង​អាកសាប ហើយ​នឹង​ពួក​ស្តេច​ដែល​នៅ​ខាង​ជើង គឺ​ក្នុង​ស្រុក​ភ្នំ នៅ​ស្រុក​វាល ជា​ខាង​ត្បូង​សមុទ្រ​គេនេ‌សារ៉ែត នៅ​ស្រុក​ទំនាប ហើយ​នៅ​ស្រុក​ទំនួល​នៃ​ក្រុង​ដោរ​ខាង​លិច ទៅ​ឯ​សាសន៍​កាណាន​ដែល​នៅ​ខាង​កើត ខាង​លិច នឹង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន គេ​ក៏​នាំ​ពួក​ពល​របស់​គេ​ទាំង​ប៉ុន្មាន​ចេញ​មក មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ មាន​ទាំង​សេះ នឹង​រទេះ​ចំបាំង​ជា​ច្រើន​ណាស់ ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ទឹក​មេរ៉ុម ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់​នៅ​មុខ​អ៊ីស្រាអែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចំបាំង​ដោយ​ភ្លើង​ផង ដូច្នេះ​យ៉ូស្វេ នឹង​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ក៏​ទៅ​ទាស់​នឹង​គេ ត្រង់​ទឹក​មេរ៉ុម ឥត​គេ​ដឹង​ខ្លួន​សោះ ហើយ​ស្ទុះ​ចូល​ទៅ​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​បាន​វាយ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ នឹង​ដល់​ក្រុង​មីស‌រិផូត-ម៉ែម ហើយ​នឹង​ដល់​វាល​ច្រក​ភ្នំ​មីសប៉ា​ខាង​កើត គឺ​វាយ​គេ​ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ យ៉ូស្វេ​បាន​ប្រព្រឹត្ត​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក គឺ​បាន​កាប់​សរសៃ​ក​ជើង​សេះ ព្រម​ទាំង​ដុត​រទេះ​ចំបាំង​របស់​គេ​ផង។ គ្រា​នោះ យ៉ូស្វេ​ក៏​បត់​មក​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​គេ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម ជា​ក្រុង​ធំ ត្រួត​លើ​នគរ​ទាំង​នោះ ពួក​អ៊ីស្រាអែល​ក៏​កាប់​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​គេ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយ​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ ឯ​ទី​ក្រុង​របស់​ស្តេច​ទាំង​នោះ ព្រម​ទាំង​ស្តេច​គេ​ផង នោះ​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ ទាំង​បំផ្លាញ​គេ​អស់​រលីង ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក តែ​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ទី​ទំនួល នោះ​ពួក​អ៊ីស្រាអែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​១ ដែល​យ៉ូស្វេ​បាន​ដុត​ប៉ុណ្ណោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​យក​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ នឹង​ហ្វូង​សត្វ ទុក​ជា​របឹប​សំរាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន នោះ​បាន​កាប់​ដោយ​មុខ​ដាវ​វិញ ទាល់​តែ​បាន​បំផ្លាញ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ដែរ ហើយ​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ លោក​មិន​បាន​វៀរ​បង់​ចំពោះ​អ្វីៗ​ក្នុង​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ឡើយ។ ដូច្នេះ យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​កូសែន​ទាំង​អស់ ស្រុក​ទំនាប ហើយ​ស្រុក​វាល ព្រម​ទាំង​ស្រុក​ភ្នំ ទាំង​ស្រុក​ទំនាប​របស់​ស្រុក​អ៊ីស្រាអែល​ផង ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​បាល-កាឌ់ ដែល​នៅ​ក្នុង​វាល​ច្រក​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើម៉ូន លោក​ក៏​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សំឡាប់​ចោល​ទៅ យ៉ូស្វេ​បាន​ច្បាំង​នឹង​ស្តេច​ទាំង​នោះ​ជា​យូរ គ្មាន​ទី​ក្រុង​ណា​មួយ​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ លើក​តែ​សាសន៍​ហេវី​ដែល​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ចាប់​យក​ទាំង​អស់​បាន​ដោយ​ច្បាំង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​រឹង‌ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់​ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា នឹង​ស្រុក​ភ្នំ​របស់​អ៊ីស្រាអែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​អស់​រលីង គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ នឹង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មរដក ដល់​សាសន៍​អ៊ីស្រាអែល តាម​ពួក​ក្នុង​ពូជ​អំបូរ​គេ​រៀង​ខ្លួន ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 11