យ៉ូស្វេ 10:12-15

យ៉ូស្វេ 10:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។ ពេល​នោះ ព្រះ​អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ​ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ពួក​អ៊ី​ស្រាអែល​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​របស់​គេ។ តើ​ហេតុការណ៍​នេះមិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ទេ​ឬ? គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​កណ្ដាល​មេឃ ហើយ​មិន​បានប្រញាប់​ប្រញាល់នឹង​លិច អស់​រយៈ​ពេល​ប្រមាណ​មួយ​ថ្ងៃពេញ។ ទោះ​ពី​មុន​មក ឬ​ក្រោយ​មក​ទៀត មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ ដែល​ព្រះ‌យេហូវ៉ា​ស្តាប់​តាម​សំឡេងរបស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ដែល​នៅ​ជាមួយ​លោក ក៏​វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 10

យ៉ូស្វេ 10:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។ ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។ តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះ‌អម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 10

យ៉ូស្វេ 10:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ នោះ​ថ្ងៃ​ក៏​ឈប់​ទ្រឹង ហើយ​ខែ​ក៏​នឹង​នៅ​ទាល់​តែ​ពួក​គេ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ហើយ ការ​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ហើយ ថ្ងៃ​ក៏​ឈប់​នឹង​នៅ​កណ្តាល​មេឃ ហើយ​មិន​បាន​ចុះ ដោយ​ឆាប់​រហ័ស​អស់​ពេញ​១​ថ្ងៃ មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ ទោះ​មុខ​ឬ​ក្រោយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម​មនុស្ស​ដូច្នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រាអែល រួច​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ឯ​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 10