យ៉ូស្វេ 10:1-27
យ៉ូស្វេ 10:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិមបានឮថា លោកយ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់គ្មានសល់ ដោយប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ ហើយថា អ្នកក្រុងគីបៀនបានចងស្ពានមេត្រីជាមួយពួកអ៊ីស្រាអែល ក៏នៅក្នុងចំណោមពួកគេ ស្ដេច ភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀនជាក្រុងមួយធំ ដូចជារាជធានីមួយ ក៏ធំជាងក្រុងអៃយទៅទៀត ហើយមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែទៀតផង។ ដូច្នេះ ព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិម ក៏ផ្ញើសារទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន និងព្រះបាទពារ៉ាមជាស្តេចក្រុងយ៉ារមុត ព្រះបាទយ៉ាភាជាស្តេចក្រុងឡាគីស ហើយព្រះបាទដេបៀរ ជាស្តេចក្រុងអេក្លុនថា៖ «សូមឡើងមកជួយទូលបង្គំផង ហើយសូមយើងនាំគ្នាវាយក្រុងគីបៀន ដ្បិតគេបានចងស្ពានមេត្រីជាមួយលោកយ៉ូស្វេ និងជាមួយប្រជាជនអ៊ីស្រាអែលហើយ»។ ពេលនោះ ស្តេចសាសន៍អាម៉ូរីទាំងប្រាំអង្គ គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន បានប្រមូលកម្លាំងទ័ពរបស់ខ្លួនទាំងអស់ ឡើងទៅបោះទ័ពទាស់នឹងក្រុងគីបៀន ហើយច្បាំងនឹងក្រុងនោះ។ អ្នកក្រុងគីបៀនក៏ចាត់គេឲ្យមកជួបលោកយ៉ូស្វេនៅជំរំគីលកាល ជម្រាបថា៖ «សូមកុំបោះបង់អ្នកបម្រើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ហើយជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ បានប្រមូលគ្នាទាស់នឹងយើងខ្ញុំហើយ»។ ដូច្នេះ លោកយ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកអ្នកខ្លាំងពូកែដ៏អង់អាច ទៅជាមួយផង។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ ក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់អាចឈរនៅមុខអ្នកបានឡើយ»។ លោកយ៉ូស្វេធ្វើដំណើរពេញមួយយប់ ចេញពីគីលកាល ហើយវាយប្រហារពួកគេភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន។ ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។ ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។ នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍អាម៉ូរីមកក្នុងកណ្ដាប់ដៃពួកកូនចៅអ៊ីស្រាអែល លោកយ៉ូស្វេទូលព្រះយេហូវ៉ានៅមុខពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ ហើយព្រះច័ន្ទក៏ដែរ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។ ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែពួកអ៊ីស្រាអែលបានសងសឹកនឹងខ្មាំងសត្រូវរបស់គេ។ តើហេតុការណ៍នេះមិនបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរទេឬ? គឺព្រះអាទិត្យឈប់ស្ងៀមនៅកណ្ដាលមេឃ ហើយមិនបានប្រញាប់ប្រញាល់នឹងលិច អស់រយៈពេលប្រមាណមួយថ្ងៃពេញ។ ទោះពីមុនមក ឬក្រោយមកទៀត មិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ ដែលព្រះយេហូវ៉ាស្តាប់តាមសំឡេងរបស់មនុស្សម្នាក់ ដ្បិតព្រះយេហូវ៉ាច្បាំងជំនួសសាសន៍អ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោក ក៏វិលត្រឡប់មកជំរំនៅគីលកាលវិញ។ ស្តេចទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងថ្មនៅម៉ាកេដា ហើយមានគេមកជម្រាបលោកយ៉ូស្វេថា៖ «គេឃើញស្តេចទាំងប្រាំអង្គនោះពួននៅក្នុងរូងថ្មនៅម៉ាកេដា»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលថ្មយ៉ាងធំៗសន្ធប់មាត់រូង ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះផង តែឯអ្នករាល់គ្នាវិញ កុំនៅទីនោះ ត្រូវដេញតាមខ្មាំងសត្រូវទៅ ត្រូវវាយទ័ពជួរក្រោយរបស់គេ កុំឲ្យគេចូលទៅក្នុងក្រុងរបស់គេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ» កាលលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសម្លាប់គេ ដោយការប្រហារជីវិតយ៉ាងសម្បើម រហូតទាល់តែគេវិនាសអស់ ហើយកាលពួកអ្នកនៅសេសសល់ បានចូលទៅក្នុងទីក្រុងមានកំផែងការពាររួចហើយ ពេលនោះ ប្រជាជនទាំងអស់ក៏ត្រឡប់វិលមកជួបលោកយ៉ូស្វេវិញ នៅជំរំម៉ាកេដាដោយសុខសាន្ត គ្មានអ្នកណាហ៊ានហើបមាត់ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាម្នាក់ឡើយ។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។ គេក៏បើកមាត់រូង នាំស្តេចទាំងប្រាំអង្គនោះចេញមកជួបលោក គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន។ កាលគេបាននាំស្តេចទាំងនោះចេញជួបលោកយ៉ូស្វេហើយ លោកយ៉ូស្វេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅកាន់ពួកមេទ័ព ដែលបានរួមប្រយុទ្ធជាមួយលោកថា៖ «ចូលឲ្យជិតមក៍ ហើយយកជើងជាន់កស្តេចទាំងនេះទៅ»។ ដូច្នេះ គេក៏ចូលមក ហើយជាន់កស្តេចទាំងនោះ។ លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» ក្រោយមក លោកយ៉ូស្វេក៏ប្រហារជីវិតស្តេចទាំងនោះ រួចព្យួរនៅដើមឈើប្រាំដើម រហូតដល់ល្ងាច។ លុះពេលថ្ងៃហៀបនឹងលិច លោកយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់សាកសពទាំងនោះចុះពីដើមឈើ យកទៅបោះចោលក្នុងរូងដែលស្ដេចទាំងនោះបានពួន រួចគេដាក់ថ្មធំៗសន្ធប់មាត់រូង ហើយផ្ទាំងថ្មទាំងនោះនៅរហូតមកដល់ថ្ងៃ។
យ៉ូស្វេ 10:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។ ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។ ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្ដេចក្រុងហេប្រូន ព្រះបាទពារ៉ាម ជាស្ដេចក្រុងយ៉ារមូត ព្រះបាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះបាទដេបៀរ ជាស្ដេចក្រុងអេក្លូនថា៖ «សូមស្ដេចយាងមក ហើយជួយទូលបង្គំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។ ស្ដេចរបស់ជនជាតិអាម៉ូរីទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងគីបៀន ហើយវាយក្រុងនោះ។ អ្នកស្រុកគីបៀនចាត់គេឲ្យទៅជម្រាបលោកយ៉ូស្វេ នៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំប្របាទឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។ លោកយ៉ូស្វេក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។ លោកយ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសម្រុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។ នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។ ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ ខ្មាំងសត្រូវរបស់ខ្លួន។ ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។ តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។ ស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។ មានគេទៅរាយការណ៍ជូនលោកយ៉ូស្វេថា ស្ដេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។ រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់ឲ្យសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកឲ្យពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួច ចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកជំរំ ដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមក គ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ គេក៏បើកមាត់រូង ហើយនាំស្ដេចទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន ចេញមកជួបលោក។ កាលគេនាំស្ដេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស្វេហើយ លោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោក ឲ្យចូលមកជិត និងយកជើងជាន់កស្ដេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្ដេចទាំងនោះ។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរ-កនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។ ពេលថ្ងៃលិច លោកយ៉ូស្វេបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្ដេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
យ៉ូស្វេ 10:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ នឹងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូរ នឹងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង នោះគេកើតមានសេចក្ដីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះសុទ្ធតែខ្លាំងពូកែផង ដូច្នេះ អ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម ក៏ចាត់សារឲ្យទៅឯហូហាំ ជាស្តេចនៃក្រុងហេប្រុន នឹងពារ៉ាម ជាស្តេចក្រុងយ៉ារមុត យ៉ាភា ជាស្តេចក្រុងឡាគីស ហើយដេបៀរ ជាស្តេចក្រុងអេក្លុនថា សូមឡើងមកជួយខ្ញុំផង យើងរាល់គ្នានឹងវាយគីបៀន ដ្បិតគេបានចងស្ពានមេត្រីនឹងយ៉ូស្វេ ហើយនឹងពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះស្តេចសាសន៍អាម៉ូរីទាំង៥អង្គ គឺស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ នឹងស្តេចក្រុងអេក្លុន១ ក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀន។ នោះពួកក្រុងគីបៀនក៏ចាត់គេមកឯយ៉ូស្វេ នៅទីដំឡើងត្រសាលត្រង់គីលកាល ជំរាបថា សូមកុំបង្អង់ដល់ពួកអ្នកបំរើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកស្ដេចសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ គេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយ ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង នឹងពួកខ្លាំងពូកែស្ទាត់ជំនាញទៅជាមួយផង នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ យ៉ូស្វេក៏ឡើងពីគីលកាលទៅអស់១យប់ ស្រាប់តែមកដល់ភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសំឡាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសំបើម ក៏ដេញគេតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវទៅទៀត។ រីឯនៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ ការនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរហើយ ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។ ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ លុះយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។ រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ នឹងស្តេចក្រុងអេក្លុន១ កាលគេបាននាំស្តេចទាំងនោះចេញមកដល់យ៉ូស្វេហើយ នោះយ៉ូស្វេក៏ហៅប្រជុំពួកអ៊ីស្រាអែលទាំងអស់គ្នាមក រួចបង្គាប់ដល់ពួកមេទ័ពដែលបានទៅជាមួយនឹងលោកថា ចូរអ្នករាល់គ្នាមកជាន់កស្តេចទាំងនេះទៅ ដូច្នេះគេក៏មកជាន់កស្តេចទាំងនោះ ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង នឹងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ ក្រោយមក យ៉ូស្វេក៏វាយសំឡាប់ស្តេចទាំងនោះ រួចព្យួរនៅដើមឈើ៥ដើម ទាល់តែដល់ថ្ងៃល្ងាច លុះដល់ពេលថ្ងៃហៀបលិចហើយ នោះយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់ខ្មោចទាំងនោះចុះពីដើមឈើមក យកទៅបោះចោលក្នុងរអាងដែលបានពួននោះ រួចគេដាក់ថ្មយ៉ាងធំសន្ធប់នៅមាត់រអាង នៅរហូតមកដល់ថ្ងៃនេះ។