យ៉ូស្វេ 1:3-9
យ៉ូស្វេ 1:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់ទាំងទីកន្លែងណាដែលអ្នកដាក់ជើងជាន់ យើងបានប្រគល់ឲ្យអ្នក ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ ។ ទឹកដីរបស់អ្នករាល់គ្នា ត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ។ គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។ ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតអ្នកនឹងនាំឲ្យប្រជាជននេះបានគ្រងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់គេ។ ចូរគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងក្រឹត្យវិន័យ ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់អ្នក។ កុំងាកបែរចេញទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ ដើម្បីឲ្យអ្នកមានជោគជ័យគ្រប់ទីកន្លែងដែលអ្នកទៅ។ មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។ តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
យ៉ូស្វេ 1:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាឈានជើងជាន់កន្លែងណា យើងប្រគល់ឲ្យទាំងអស់ ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ហើយ។ ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់តាំងពីវាលរហោស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជនជាតិហេតទាំងមូល។ ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមក្រឹត្យវិន័យ*ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីក្រឹត្យវិន័យនេះ ដោយងាកទៅស្ដាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជម្នះគ្រប់ទីកន្លែងដែលអ្នកទៅ។ ត្រូវទន្ទេញគម្ពីរនៃក្រឹត្យវិន័យនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចម្រុងចម្រើន និងទទួលជោគជ័យ។ តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
យ៉ូស្វេ 1:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងទីកន្លែងណាដែលឯងដាក់ជើងជាន់ នោះអញនឹងឲ្យដល់ឯងរាល់គ្នា ដូចជាអញបានប្រាប់ម៉ូសេហើយ ឯព្រំប្រទល់របស់ឯងរាល់គ្នា នោះត្រូវចាប់តាំងពីទីរហោស្ថាន នឹងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះ កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។