យ៉ូណាស 4:6-11
យ៉ូណាស 4:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះដ៏ជាព្រះយេហូវ៉ាក៏ឲ្យមានដើមវល្លិដុះឡើងគ្របបាំងហោរាយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ដើម្បីកុំឲ្យលោកតប់ប្រមល់។ ហោរាយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមវល្លិនោះ។ ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។ ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។ ព្រះទ្រង់មានព្រះបន្ទូលទៅយ៉ូណាសថា៖ «ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ?» លោកតបថា៖ «ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុងមួយយប់ ហើយបានវិនាសទៅ ក្នុងមួយយប់ដូចគ្នានោះ។ ដូច្នេះ តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?»។:៚
យ៉ូណាស 4:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះជាអម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើលោកយ៉ូណាស ធ្វើជាម្លប់ដល់លោក ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។ នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះជាម្ចាស់បញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ លោកទូលព្រះអង្គវិញថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។
យ៉ូណាស 4:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ក៏បំរុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ប្រយោជន៍ឲ្យលោកបានរួចពីសេចក្ដីតប់ប្រមល់ទៅ ដូច្នេះយ៉ូណាសមានសេចក្ដីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ ប៉ុន្តែដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បំរុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បំរុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ នោះព្រះទ្រង់មានបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុង១យប់ ហើយបានវិនាសទៅ ក្នុង១យប់ដូចគ្នានោះ ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី។:៚