យ៉ូណាស 3:1-6
យ៉ូណាស 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាសម្តងទៀតថា៖ «ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប្រកាសប្រាប់គេ តាមសេចក្ដីដែលយើងបង្គាប់»។ ដូច្នេះ ហោរាយ៉ូណាសក៏ក្រោកឡើងទៅក្រុងនីនីវេតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំ ដែលដើរអស់រយៈពេលបីថ្ងៃ ទើបបានសព្វ។ កាលហោរាយ៉ូណាសបានចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់មួយថ្ងៃហើយ នោះលោកប្រកាសថា «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!»។ ពួកបណ្ដាជននៅក្រុងនីនីវេក៏ជឿព្រះអង្គ។ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ។ ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ ស្ដេចក៏យាងចុះពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ។
យ៉ូណាស 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖ «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។ លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។
យ៉ូណាស 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាសម្តងទៀតថា ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្ដីដែលអញនឹងបង្គាប់ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ កាលយ៉ូណាសបានចាប់តាំងដើរចូលក្នុងទីក្រុងនោះ ចំងាយដើរអស់១ថ្ងៃហើយ នោះលោកប៉ាវប្រកាសថា នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ។ ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ