យ៉ូណាស 3:1-10
យ៉ូណាស 3:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាសម្តងទៀតថា៖ «ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប្រកាសប្រាប់គេ តាមសេចក្ដីដែលយើងបង្គាប់»។ ដូច្នេះ ហោរាយ៉ូណាសក៏ក្រោកឡើងទៅក្រុងនីនីវេតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំ ដែលដើរអស់រយៈពេលបីថ្ងៃ ទើបបានសព្វ។ កាលហោរាយ៉ូណាសបានចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់មួយថ្ងៃហើយ នោះលោកប្រកាសថា «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!»។ ពួកបណ្ដាជននៅក្រុងនីនីវេក៏ជឿព្រះអង្គ។ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ។ ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ ស្ដេចក៏យាងចុះពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ។ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច និងពួករដ្ឋមន្ត្រីថា៖ «មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ទាំងអស់គ្នាត្រូវឃ្លុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស និងសត្វផង ហើយគ្រប់គ្នាត្រូវអំពាវនាវយ៉ាងខ្លាំងដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង។ ប្រហែលជាព្រះនឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង»។ ពេលព្រះទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ ព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលព្រះអង្គបានគំរាមថា នឹងធ្វើដល់គេ ហើយព្រះអង្គលែងធ្វើទៅ។
យ៉ូណាស 3:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖ «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។ លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។ ព្រះរាជាចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។ ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។ ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសម្រេចកាលពីមុននោះទេ ព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។
យ៉ូណាស 3:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាសម្តងទៀតថា ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្ដីដែលអញនឹងបង្គាប់ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ កាលយ៉ូណាសបានចាប់តាំងដើរចូលក្នុងទីក្រុងនោះ ចំងាយដើរអស់១ថ្ងៃហើយ នោះលោកប៉ាវប្រកាសថា នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ។ ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច នឹងពួករដ្ឋមន្ត្រីថា មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់គ្រលុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស នឹងសត្វផង ហើយត្រូវឲ្យគ្រប់គ្នាអំពាវនាវយ៉ាងខ្លាំងដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង ប្រហែលជាព្រះ ទ្រង់នឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។