យ៉ូណាស 2:4-10 - Compare All Versions
យ៉ូណាស 2:4-10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯ ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិត ទីជម្រៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ។ ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។ កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានទៅព្រះអង្គ គឺចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។ ពួកអ្នកដែលមើលរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួន។ ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»។ ពេលនោះ ព្រះយេហូវ៉ាបង្គាប់ត្រី ហើយវាក៏ក្អែហោរាយ៉ូណាសចេញនៅលើដីគោក។
យ៉ូណាស 2:4-10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។ ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើទូលបង្គំដែរ។ ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។ ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ ហើយប្រទានឲ្យទូលបង្គំមានជីវិត។ ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ហើយពាក្យអង្វររបស់ទូលបង្គំ ក៏បានឮទៅដល់ព្រះអង្គ ឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ លែងគោរពបម្រើព្រះទាំងនោះទៅ! រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជា មកថ្វាយព្រះអង្គ ទាំងច្រៀងអរព្រះគុណព្រះអង្គផង។ ទូលបង្គំនឹងថ្វាយតង្វាយ ស្របតាមពាក្យដែលទូលបង្គំបានបន់ ដ្បិតមានតែព្រះអម្ចាស់ទេ ដែលសង្គ្រោះទូលបង្គំ»។
យ៉ូណាស 2:4-10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដ្បិតទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន នឹងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ នោះទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទូលបង្គំនឹងមើលទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ទៀត ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បាននាំទូលបង្គំឡើងចេញពីរណ្តៅមកទាំងរស់ កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់ ពួកអ្នកដែលមើលទៅឯរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួនចេញ តែទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ទ្រង់ ដោយសំឡេងនៃពាក្យអរដល់ព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ។