យ៉ូណាស 2:3-7
យ៉ូណាស 2:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះអង្គបានបោះទូលបង្គំទៅក្នុងទីជម្រៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ព្រះអង្គបានហូរពីលើទូលបង្គំ។ ទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯ ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិត ទីជម្រៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ។ ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។ កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានទៅព្រះអង្គ គឺចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
យ៉ូណាស 2:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពោលថា៖ «ពេលទូលបង្គំមានអាសន្ន ទូលបង្គំអង្វររកព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។ នៅក្នុងស្ថានមច្ចុរាជ ទូលបង្គំស្រែកហៅព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។ ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។ ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើទូលបង្គំដែរ។ ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។ ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ ហើយប្រទានឲ្យទូលបង្គំមានជីវិត។
យ៉ូណាស 2:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ ដ្បិតទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន នឹងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ នោះទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទូលបង្គំនឹងមើលទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ទៀត ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បាននាំទូលបង្គំឡើងចេញពីរណ្តៅមកទាំងរស់