យ៉ូអែល 3:9-17
យ៉ូអែល 3:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រកាសប្រាប់ក្នុងចំណោមសាសន៍ទាំងឡាយដូច្នេះថា ចូរត្រៀមខ្លួនចូលច្បាំង ចូរដាស់មនុស្សខ្លាំងពូកែឡើង ត្រូវឲ្យពួកទាហានទាំងប៉ុន្មានចូលមកជិត ត្រូវឲ្យគេនាំគ្នាឡើងមក។ ចូរដំដែកផាលនង្គ័លរបស់អ្នករាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់អ្នករាល់គ្នាធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា "ខ្ញុំជាមនុស្សខ្លាំងពូកែ"។ ម្នាលសាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នា ឱព្រះយេហូវ៉ាអើយ សូមឲ្យពួកខ្លាំងពូកែរបស់ព្រះអង្គចុះមក។ ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯជ្រលងភ្នំយេហូសាផាត ដ្បិតនៅទីនោះ យើងនឹងអង្គុយជំនុំជម្រះ សាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ។ ចូរលូកកណ្តៀវទៅ ដ្បិតចម្រូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងបញ្ជាន់ផ្លែពេញហើយ ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់។ មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅជ្រលងភ្នំនៃការសម្រេចទោស! ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសម្រេចទោស! ព្រះអាទិត្យ និងព្រះចន្ទងងឹតសូន្យ ហើយផ្កាយទាំងប៉ុន្មានក៏លែងភ្លឺដែរ។ ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។ យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។
យ៉ូអែល 3:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ: ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក! ចូរប្រមូលទាហានដ៏ពូកែ! ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ! ចូរយកផាលនង្គ័លមកដំធ្វើដាវ ចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង! ចូរឲ្យអ្នកទន់ខ្សោយពោលថា “ខ្ញុំជាមនុស្សខ្លាំងពូកែ!”។ ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយ ចូរប្រញាប់ប្រញាល់នាំគ្នាមក ចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ! ព្រះអម្ចាស់អើយ សូមឲ្យកងពលរបស់ព្រះអង្គចុះមក!។ «ចូរឲ្យប្រជាជាតិនានាក្រោកឡើង ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។ ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត! ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ ចូរនាំគ្នាមកជាន់! ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ! ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។ មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ ជ្រលងភ្នំវិនិច្ឆ័យទោស ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ! ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។ ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។ «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
យ៉ូអែល 3:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រកាសប្រាប់សេចក្ដីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា ខ្ញុំមានកំឡាំងដែរ ម្នាល សាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះ អញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ ចូរលូកកណ្តៀវទៅ ដ្បិតចំរូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងសំរាប់ជាន់ បានពោរពេញ ធុងរងទឹកទាំងប៉ុន្មាន ក៏ពេញហៀរហើយ ពីព្រោះអំពើអាក្រក់របស់គេសំបើមណាស់។ មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសំរេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសំរេចទោស ព្រះអាទិត្យនឹងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដី នឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល យ៉ាងនោះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។