យ៉ូអែល 3:1-4 - Compare All Versions
យ៉ូអែល 3:1-4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដ្បិតមើល៍ នៅគ្រានោះ និងនៅវេលានោះ កាលយើងបានស្ដារស្រុកយូដា និងក្រុងយេរូសាឡិម ដូចដើមឡើងវិញ នោះយើងនឹងប្រមូលសាសន៍ទាំងអស់ ហើយនាំគេចុះទៅក្នុងជ្រលងភ្នំយេហូសាផាត នៅទីនោះយើងនឹងវិនិច្ឆ័យទោសពួកគេ ដោយព្រោះប្រជារាស្ត្ររបស់យើង គឺអ៊ីស្រាអែល ជាមត៌ករបស់យើង ដែលគេកម្ចាត់កម្ចាយទៅនៅអស់ទាំងសាសន៍ ហើយគេបានបែងចែកទឹកដីរបស់យើង។ គេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នា គេដោះដូរក្មេងប្រុសយកស្រីពេស្យា ហើយគេលក់ក្មេងស្រី ដើម្បីទិញស្រាផឹក ហើយក៏ស្រវឹងដោយស្រានោះ។ ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់នានាទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ តើអ្នកមានការអ្វីនឹងយើង តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាសងយើង នោះយើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច។
យ៉ូអែល 3:1-4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «នៅគ្រានោះ គឺនៅពេលដែលយើង ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម ដូចដើមឡើងវិញ យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រាអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។ ពួកគេយកប្រជារាស្ត្ររបស់យើង ទៅចាប់ឆ្នោតចែកគ្នា ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។ រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន នៃស្រុកភីលីស្ទីន តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង? តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ ហើយយ៉ាងឆាប់រហ័ស តាមអំពើដែលអ្នករាល់គ្នា ប្រព្រឹត្តប្រឆាំងនឹងយើង។
យ៉ូអែល 3:1-4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយមកវិញ នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង គេបានបោះឆ្នោតឲ្យបានរាស្ត្រអញ គេបានដូរកូនប្រុស១ឲ្យបានស្រីសំផឹងវិញ ហើយបានលក់កូនស្រី១ឲ្យបានស្រាទំពាំងបាយជូរសំរាប់ផឹក ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន នឹងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទំលាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច