យ៉ូអែល 2:18-27
យ៉ូអែល 2:18-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេហូវ៉ាប្រចណ្ឌ ចំពោះស្រុករបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះយេហូវ៉ាឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានស្កប់ចិត្ត យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានទៀតឡើយ។ យើងនឹងដកយកកងទ័ពនៅទិសខាងជើង ចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងបណ្តេញគេទៅស្រុកមួយដែលហួតហែង ហើយស្ងាត់ច្រៀប ក៏បោះទ័ពជួរមុខរបស់គេទៅក្នុងសមុទ្រខាងកើត ហើយទ័ពជួរក្រោយ ទៅក្នុងសមុទ្រខាងលិច ឯក្លិនស្អុយអសោចរបស់គេនឹងសាយឡើង ដ្បិតគេបានធ្វើការយ៉ាងសម្បើម! ឱទឹកដីអើយ កុំភ័យខ្លាច ចូរត្រេកអរ ហើយសប្បាយរីករាយឡើង ដ្បិតព្រះយេហូវ៉ាបានធ្វើការយ៉ាងសម្បើម! ម្នាលសត្វទាំងឡាយនៅទីវាលអើយ កុំភ័យខ្លាច ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលាស់ខៀវខ្ចី ហើយដើមឈើទាំងប៉ុន្មានក៏មានផ្លែ ឯដើមល្វា និងដើមទំពាំងបាយជូរ ក៏ចេញផ្លែជាបរិបូរដែរ។ ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។ អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេង។ យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់ រួចសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។ អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
យ៉ូអែល 2:18-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុក របស់ព្រះអង្គខ្លាំងណាស់ ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។ ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលមកពួកគេថា: «មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។ យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុក ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងកម្ចាត់ពួកគេឲ្យទៅនៅ វាលរហោស្ថានដ៏ស្ងួតហួតហែង។ យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ ទៅក្នុងសមុទ្រខាងកើត ហើយជួរទ័ពដែលនៅខាងក្រោយ ទៅក្នុងសមុទ្រខាងលិច។ សាកសពរបស់ពួកគេនឹងចោលក្លិនអសោច ក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរ ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។ ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី ចូរត្រេកអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត! សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។ អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។ លានបោកស្រូវនឹងមានពោរពេញ ដោយស្រូវឡើងវិញ ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី និងប្រេង ពេញហូរហៀរឡើងវិញដែរ។ រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។ អ្នករាល់គ្នានឹងមានអាហារបរិភោគ យ៉ាងឆ្អែតបរិបូណ៌ រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រោះព្រះអង្គបានធ្វើការអស្ចារ្យ សម្រាប់អ្នករាល់គ្នា។ ពេលនោះ ប្រជារាស្ត្ររបស់យើង នឹងលែងអាម៉ាស់មុខទៀតហើយ។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។
យ៉ូអែល 2:18-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីប្រចណ្ឌចំពោះស្រុករបស់ទ្រង់ ក៏មានសេចក្ដីអាណិតមេត្តាដល់រាស្ត្រទ្រង់ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបនឹងរាស្ត្រទ្រង់ថា នែ អញនឹងផ្ញើស្រូវ ទឹកទំពាំងបាយជូរថ្មី នឹងប្រេងដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានស្កប់ចិត្ត អញនឹងមិនធ្វើឲ្យឯងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍ទៀតឡើយ គឺអញនឹងកំចាត់ពលទ័ពពីទិសខាងជើងឲ្យឆ្ងាយចេញពីឯងទៅ ហើយបណ្តេញគេទៅឯស្រុក១ដែលហួតហែង ហើយស្ងាត់ច្រៀប មានក្បាលទ័ពបែរទៅឯសមុទ្រខាងកើត ហើយកន្ទុយទ័ពនៅឯសមុទ្រខាងលិច ហើយក្លិនស្អុយរបស់គេ នឹងសាយឡើង ព្រមទាំងក្លិនគំរង់ផង ពីព្រោះគេបានធ្វើការយ៉ាងសំបើម។ ឱស្រុកអើយ កុំឲ្យភ័យឡើយ ចូរមានសេចក្ដីត្រេកអរ ហើយរីករាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងសំបើមដែរ ម្នាលសត្វនៅផែនដីទាំងឡាយ កុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វា នឹងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្តិវា ដូច្នេះពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម នឹងភ្លៀងចុងរដូវ ដូចកាលមុន អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ នឹងប្រេង អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ នឹងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង ក៏នឹងសរសើរដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់បានប្រព្រឹត្តនឹងឯងយ៉ាងអស្ចារ្យ រួចរាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។