យ៉ូអែល 2:12-17
យ៉ូអែល 2:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។ ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង ព្រមទាំងកូនដែលនៅបៅដោះមកផង។ ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។ ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?
យ៉ូអែល 2:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គលែង ដាក់ទោសអ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក! ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់! ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់ នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ព្រះអង្គផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើព្រះរបស់ពួកគេនៅឯណា”?
យ៉ូអែល 2:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ ឯទ្រង់ ប្រហែលនឹងបែរជាមានព្រះហឫទ័យស្តាយក្នុងគ្រានេះទេដឹង ហើយខាងក្រោយទ្រង់នឹងមានព្រះពរដែរ គឺឲ្យមានដង្វាយម្សៅ នឹងដង្វាយច្រួច សំរាប់ថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាផង។ ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសំរាប់តមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំចុះ ត្រូវឲ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូនក្មេង នឹងកូនដែលនៅបៅដោះ ត្រូវឲ្យប្ដីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននដែរ ត្រូវឲ្យពួកសង្ឃ ជាពួកអ្នកធ្វើការងារថ្វាយព្រះយេហូវ៉ា បានយំនៅត្រង់កណ្តាលបាំងសាច នឹងអាសនា ត្រូវឲ្យគេទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រណីដល់រាស្ត្រទ្រង់ផង សូមកុំប្រគល់មរដករបស់ទ្រង់ទៅ ឲ្យត្រូវគេត្មះតិះដៀល ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ តើមានទំនងអ្វីឲ្យគេបាននៅកណ្តាលអស់ទាំងសាសន៍ថា តើព្រះរបស់គេនៅឯណា។