យ៉ូអែល 2:12-13,23-27
យ៉ូអែល 2:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
យ៉ូអែល 2:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដូចកាលពីមុន។ អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេង។ យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់ រួចសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។ អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
យ៉ូអែល 2:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។
យ៉ូអែល 2:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។ លានបោកស្រូវនឹងមានពោរពេញ ដោយស្រូវឡើងវិញ ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី និងប្រេង ពេញហូរហៀរឡើងវិញដែរ។ រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។ អ្នករាល់គ្នានឹងមានអាហារបរិភោគ យ៉ាងឆ្អែតបរិបូណ៌ រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រោះព្រះអង្គបានធ្វើការអស្ចារ្យ សម្រាប់អ្នករាល់គ្នា។ ពេលនោះ ប្រជារាស្ត្ររបស់យើង នឹងលែងអាម៉ាស់មុខទៀតហើយ។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។
យ៉ូអែល 2:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ
យ៉ូអែល 2:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម នឹងភ្លៀងចុងរដូវ ដូចកាលមុន អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ នឹងប្រេង អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ នឹងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង ក៏នឹងសរសើរដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់បានប្រព្រឹត្តនឹងឯងយ៉ាងអស្ចារ្យ រួចរាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។