យ៉ូអែល 2:1-17
យ៉ូអែល 2:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់! មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ ក៏មិនមានទៀតដែរ។ មានភ្លើងឆេះបន្សុសនៅពីមុខគេ ហើយខាងក្រោយគេក៏មានអណ្ដាតភ្លើងឆេះដែរ។ នៅមុខគេ ផែនដីប្រៀបដូចជាសួនអេដែន តែខាងក្រោយគេ ប្រៀបដូចជាទីរហោស្ថានសោះកក្រោះ គ្មានអ្វីគេចផុតពីគេឡើយ។ រូបរាងរបស់គេមើលទៅដូចជាសេះ ហើយគេរត់ដូចជាសេះចម្បាំង។ គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលប្រុងប្រៀបនឹងចូលច្បាំង។ សាសន៍នានាមានសេចក្ដីថប់ព្រួយនៅមុខគេ មុខមនុស្សទាំងអស់ទៅជាស្លេកស្លាំង។ គេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង ម្នាក់ៗសម្រុកទៅមុខ ឥតងាកចេញពី ផ្លូវរបស់ខ្លួនឡើយ។ គេមិនរុញគ្នាទៅវិញទៅមកទេ គឺម្នាក់ៗដើរតាមជួររៀងខ្លួន គេទម្លុះទម្លាយឧបសគ្គ ឥតរុញរាឡើយ។ គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ។ ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។ ព្រះយេហូវ៉ាបញ្ចេញព្រះសូរសៀង នៅមុខកងទ័ពរបស់ព្រះអង្គ ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់ អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ នោះមានច្រើនឥតគណនា ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជាថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចធន់នៅបាន? ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។ ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង ព្រមទាំងកូនដែលនៅបៅដោះមកផង។ ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។ ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?
យ៉ូអែល 2:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់ព្រះជាម្ចាស់! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើសលុប ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។ នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។ ពួកវាប្រៀបបីដូចជាទ័ពសេះ ពួកវាបោលទៅមុខដូចកងពលសេះ សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចម្បាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តម្រៀបគ្នាចូលប្រយុទ្ធ។ ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។ ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចម្បាំងដ៏ពូកែ ម្នាក់ៗសម្រុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។ គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ គឺម្នាក់ៗសម្រុកទៅមុខយ៉ាងត្រង់ ពួកវាលោតឆ្លងឧបសគ្គទាំងឡាយ ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។ ពួកវាសម្រុកចូលទៅក្នុងទីក្រុង រត់នៅលើកំពែងក្រុង ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា ដូចចោរចូលលួច។ ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។ ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គ ដែលមានចំនួនច្រើនលើសលុប និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។ «ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គលែង ដាក់ទោសអ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក! ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់! ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់ នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ព្រះអង្គផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើព្រះរបស់ពួកគេនៅឯណា”?
យ៉ូអែល 2:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ហើយធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់អញ ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ពីព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក ក៏ជិតដល់ហើយ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។ ភាពរូបរបស់គេមើលទៅដូចជាសេះ គេក៏រត់ដូចជាសេះចំបាំងដែរ គេកញ្ឆលឮសន្ធឹក ដូចជារទេះចំបាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្តាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលតំរៀបគ្នាប្រុងចូលច្បាំង អស់ទាំងសាសន៍មានសេចក្ដីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ នឹងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។ ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ ឯទ្រង់ ប្រហែលនឹងបែរជាមានព្រះហឫទ័យស្តាយក្នុងគ្រានេះទេដឹង ហើយខាងក្រោយទ្រង់នឹងមានព្រះពរដែរ គឺឲ្យមានដង្វាយម្សៅ នឹងដង្វាយច្រួច សំរាប់ថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាផង។ ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសំរាប់តមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំចុះ ត្រូវឲ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូនក្មេង នឹងកូនដែលនៅបៅដោះ ត្រូវឲ្យប្ដីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននដែរ ត្រូវឲ្យពួកសង្ឃ ជាពួកអ្នកធ្វើការងារថ្វាយព្រះយេហូវ៉ា បានយំនៅត្រង់កណ្តាលបាំងសាច នឹងអាសនា ត្រូវឲ្យគេទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រណីដល់រាស្ត្រទ្រង់ផង សូមកុំប្រគល់មរដករបស់ទ្រង់ទៅ ឲ្យត្រូវគេត្មះតិះដៀល ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ តើមានទំនងអ្វីឲ្យគេបាននៅកណ្តាលអស់ទាំងសាសន៍ថា តើព្រះរបស់គេនៅឯណា។