យ៉ូអែល 1:1-15

យ៉ូអែល 1:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូ‌អែល។ ឱ​ពួក​ចាស់​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់សេចក្ដី​នេះ ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! តើ​ហេតុ‌ការណ៍​បែប​នេះ​ដែល​កើត​មាន ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​ដូន​តា​អ្នក​រាល់​គ្នា​ឬ? ចូរ​ប្រាប់​ហេតុ‌ការណ៍​នេះ​ដល់​កូន​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ជំនាន់​ក្រោយៗ​ត​ទៅ​ទៀត។ អ្វី​ៗ​ដែល​នៅ​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី អ្វី​ៗ​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វីៗ​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។ ម្នាល​ពួក​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ ព្រោះ​តែ​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម​នោះ​ទៅ ដ្បិត​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ។ ដ្បិត​សាសន៍​មួយ​បាន​ឡើង​មក ទាស់​នឹង​ស្រុក​របស់​យើង ជា​សាសន៍​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា វា​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ ក៏​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។ វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង ក៏​បាន​ស៊ី​កម្ទេច​ដើម​ល្វា​របស់​យើង វា​ហែក​សម្បក ហើយ​គ្រវែង​ចោល វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ស។ ចូរ​ទួញ​សោក ដូច​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ យំ​កាន់​ទុក្ខ​នឹង​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។ ឯ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេនាំ​គ្នា​យំ​សោក។ ស្រែ​ចម្ការ​ត្រូវ​ខូច‌បង់ ហើយ​ស្រុក​កំពុង​សោយ‌សោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ ហើយ​ស្រា​ទំពាំង‌បាយ​ជូរ​ថ្មី​ក៏​រីង​ហួត ឯ​ប្រេង​ក៏​ខះ​ទៅដែរ។ ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ​អើយ ចូរ​ស្រ​ងាក​ចិត្ត​ទៅ ឱ​ពួក​អ្នក​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ​សាលី និង​ស្រូវ​ឱក ដ្បិត​ចម្រូត​នៅ​ស្រែ​ចម្ការ​ខូច​អស់​ហើយ។ ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​ក្រៀម ដើម​ល្វា​រោយ‌រៀវ ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ ក៏​ស្វិត​ក្រៀម​ទៅ អើ អំណរ​ក៏​ស្ងួត​ពី​មនុស្ស​លោក​ដែរ។ ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ញែក​ពិធី​តម​អាហារ​ឲ្យ​បាន​បរិសុទ្ធ ចូរ​ប្រកាស​ឲ្យ​មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក ត្រូវ​ប្រមូល​ពួក​ចាស់ទុំ និង​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ទៅ។ វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។

ចែក​រំលែក
អាន យ៉ូអែល 1

យ៉ូអែល 1:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេធូ‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់! អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា ឬ​នៅ​ជំនាន់​ដូនតា​របស់​អ្នក​រាល់​គ្នា? ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះ ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។ អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ចង្រិត​ស៊ី​បង្ហិន ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ក្រា​ស៊ី​បង្ហិន។ មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​នាំ​គ្នា​យំ​សោក! អស់​អ្នក​ចំណូល​ស្រា​អើយ ចូរ​សោក​សង្រេង​ទៅ! អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។ មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ មក​ប្រហារ​ស្រុក​របស់​យើង ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។ ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់ បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។ ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។ គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។ ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។ អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។ ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់ ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់ រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ ក៏​ងាប់​អស់​ដែរ ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។ ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។ ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ! ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។

ចែក​រំលែក
អាន យ៉ូអែល 1

យ៉ូអែល 1:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូ‌អែល។ ឱ​ពួក​ចាស់​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ការ​យ៉ាង​នេះ​ដែល​កើត​មាន​ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​នៃ​ឪពុក​អ្នក​រាល់​គ្នា​ដែរ​ឬ ចូរ​ប្រាប់​ដល់​កូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ឲ្យ​កូន​ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត​តៗ​ទៅ គឺ​ថា របស់​អ្វី​ដែល​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី ហើយ​អ្វី​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វី​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។ ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​នឹក​ស្តាយ​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម ដ្បិត​ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ ជា​ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា​វា​មាន​ធ្មេញ​ដូច​ជា​ធ្មេញ​សិង្ហ មាន​ថ្គាម​ជា​របស់​សិង្ហ​ញី វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​អញ ក៏​បាន​ស៊ី​សំបក​ដើម​ល្វា​របស់​អញ ព្រម​ទាំង​ឲ្យ​នៅ​រលីង​ផង គឺ​បាន​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ទៅ​ជា​ស​ទទេ។ ចូរ​សោក​ពិលាប ដូច​ជា​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ​កាន់​ទុក្ខ​ប្ដី​ដែល​ដណ្តឹង​នាង​ពី​កាល​នៅ​ក្មេង ឯ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​យំ​សោក ស្រែ​ចំការ​ត្រូវ​ខូច​បង់ ហើយ​ស្រុក​កំពុង​សោយ‌សោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី​បាន​ហួត​រីង ឯ​ប្រេង​ក៏​ខះ​ទៅ ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចំការ​អើយ ចូរ​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​អ្នក​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ‌សាលី នឹង​ស្រូវ​ឱក ដ្បិត​ចំរូត​នៅ​ស្រែ​ចំការ​ខូច​អស់​ហើយ ដើម​ទំពាំង‌បាយ‌ជូរ​បាន​ស្វិត​ក្រៀម ហើយ​ដើម​ល្វា​ក៏​រោយ‌រៀវ​ចុះ ឯ​ដើម​ទទឹម ដើម​លម៉ើ នឹង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ បាន​ស្វិត​ក្រៀម​ទៅ អើ សេចក្ដី​អំណរ​ក៏​បាន​រៀវ​បាត់​ពី​មនុស្ស​លោក​ដែរ។ ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង ហើយ​ទួញ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ចំពោះ​អាសនា​អើយ ចូរ​ទ្រហោ‌យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ​នៃ​ខ្ញុំ​អើយ ចូរ​មក​ដេក​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​អស់​១​យប់​ចុះ ដ្បិត​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច ត្រូវ​ឃាំង​នៅ មិន​ឲ្យ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​ញែក​ពេល​ចេញ ដើម្បី​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ ត្រូវ​ឲ្យ​ប្រមូល​ពួក​ចាស់ៗ នឹង​ពួក​អ្នក​ស្រុក​ទាំង​អស់​ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទៅ។ វរ‌ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

ចែក​រំលែក
អាន យ៉ូអែល 1