យ៉ូប 9:1-35

យ៉ូប 9:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ដឹង​ប្រាកដ​ថា​យ៉ាង​នោះ​ហើយ ប៉ុន្តែ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត នៅ​ចំពោះ​ព្រះ​បាន? បើ​គេ​ចង់​តវ៉ា​ជា‌មួយ​ព្រះ‌អង្គ ក្នុង​មួយ​ពាន់​សំណួរ គេ​រក​ឆ្លើយ​តែ​មួយ​ក៏​មិន​បាន​ផង។ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ? ព្រះ‌អង្គ​លើក​ភ្នំ​ឲ្យ​ឃ្លាត​ចាក​ទី​ទៅ​ឥត​ឲ្យ​ដឹង​ផង ព្រះ‌អង្គ​ក៏​ផ្កាប់​វា​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ ព្រះ‌អង្គ​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ព្រះ‌អង្គ​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ឯង​ដែល​លាត​ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង ព្រះ‌អង្គ​ធ្វើ​ការ​យ៉ាង​ធំ​ក្រៃ‌លែង ដែល​រក​យល់​មិន​បាន និង​ការ​អស្ចារ្យ​ឥត​គណនា។ មើល៍! ព្រះ‌អង្គ​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ព្រះ‌អង្គ​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ។ បើ​ព្រះ‌អង្គ​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ព្រះ‌អង្គ​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ថា "តើ​ព្រះ‌អង្គ​ធ្វើ​អ្វី​នោះ"។ ព្រះ​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដែល​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ព្រះ‌អង្គ។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ទូល​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ដល់​ព្រះ‌អង្គ? ទោះ​បើ​ខ្ញុំ​សុចរិត ក៏​ខ្ញុំ​មិនអាច​ទូល​ឆ្លើយ​នឹង​ព្រះ‌អង្គ​បាន​ដែរ គឺ​ខ្ញុំ​ត្រូវ​តែ​អង្វរ​សូម​សេចក្ដី​មេត្តា ពី​ចៅ‌ក្រម​របស់​ខ្ញុំ​វិញ ។ ប្រសិន‌បើ​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ព្រះ‌អង្គ​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​បាន​ទទួល​ស្ដាប់​សំឡេង​របស់​ខ្ញុំ​ដែរ។ ដ្បិត​ព្រះ‌អង្គ​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​ច្រើន​ឡើង​ដោយ​ឥត​ហេតុ ព្រះ‌អង្គ​មិន​ឲ្យ​ខ្ញុំ​ដក​ដង្ហើម​សោះ គឺ​ព្រះ‌អង្គ​ចម្អែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង។ ប្រសិន‌បើ​គិត​ពី​កម្លាំង មើល៍! ព្រះ‌អង្គ​ជា​ព្រះ​ដែល​មា​ន​ឫទ្ធា​នុភាព ប្រសិន‌បើ​គិត​ពី​រឿង​យុត្តិធម៌ តើ​អ្នក​ណា​អាច​កោះ​ហៅ​ព្រះ‌អង្គ បាន? បើ​ខ្ញុំ​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ។ ទោះ​បើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍ គង់​តែ​មិន​ពឹង​ដល់​ខ្លួន​ឯង​ទេ ខ្ញុំ​ស្អប់​ជីវិត​ខ្ញុំ​ណាស់។ សេចក្ដី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ព្រះ‌អង្គ​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ និង​មនុស្ស​អាក្រក់​ផង។ ប្រសិន‌បើ​សេចក្ដី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម ព្រះ‌អង្គ​នឹង​សើច​ឡក ដល់​សេចក្ដី​ល្បង​ល របស់​មនុស្ស​ឥត​ទោស។ ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់​ហើយ ព្រះ‌អង្គ​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ព្រះ‌អង្គ​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ? ឯ​ថ្ងៃ​ទាំង‌ឡាយ​នៃ​អាយុ​ខ្ញុំ នោះ​លឿន​ជាង​អ្នក​រត់​សំបុត្រ ក៏​រត់​បាត់​ទៅ ឥត​ដែល​ឃើញ​សេចក្ដី​ល្អ​អ្វី​ឡើយ។ ពេល​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា។ ប្រសិន‌បើ​ខ្ញុំ​ថា "ខ្ញុំ​នឹង​បំភ្លេច​តម្អូញ​របស់​ខ្ញុំ ក៏​នឹង​ធ្វើ​ទឹក​មុខ​រីក​រាយ ហើយ​ខំ​ប្រឹង សើច​សប្បាយ​ឡើង​វិញ" នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ។ ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះ ខ្ញុំ​នឹង​នឿយ​ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី? ប្រសិន‌បើ​ខ្ញុំ​នឹង​សម្អាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ គង់​តែ​អ្នក​នឹង​បោះ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ភក់‌ជ្រាំ​វិញ នោះ​ទាំង​សម្លៀក‌បំពាក់​ខ្ញុំ​នឹង​ខ្ពើម​ខ្ញុំ។ ដ្បិត​ព្រះ​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ព្រះ‌អង្គ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ។ គ្មាន​អាជ្ញា​កណ្ដាល ណា ដែល​អាច​វិនិច្ឆ័យរវាង​យើង​ទាំង​ពីរបាន​ឡើយ។ ឲ្យ​ព្រះ‌អង្គ​ដក​ដំបង​ចេញ​ពី​ខ្ញុំ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មក​បំភ័យ​ខ្ញុំ​ទៀត។ នោះ​ខ្ញុំ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ឥត​ភ័យ​ខ្លាច ដ្បិត​ខ្ញុំ​មិន​មែន​ដូច​ជា​ពាក្យ ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ឡើយ។

ចែក​រំលែក
អាន យ៉ូប 9

យ៉ូប 9:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​មាន​ប្រសាសន៍​តប​វិញ​ថា៖ ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើត មាន​ដូច្នោះ​មែន។ មនុស្ស​មិន​អាច​តវ៉ា​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា​ខ្លួន​សុចរិត​បាន​ឡើយ។ បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះអង្គ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង។ ព្រះអង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​មហិទ្ធិ‌ឫទ្ធិ អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ មិន​អាច​រួច​ខ្លួន​បាន​ទេ។ ព្រះអង្គ​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួន ព្រះអង្គ​រម្លើង​ភ្នំ ដោយ‌សារ​ព្រះ‌ពិរោធ របស់​ព្រះអង្គ។ ព្រះអង្គ​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​លើ​គ្រឹះ​របស់​វា ហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃ នោះ​ថ្ងៃ​មិន​រះ​ទេ ព្រះអង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ។ ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​គ្មាន​នរណា​ជួយ ព្រះអង្គ​យាង​នៅ​លើ​រលក​សមុទ្រ។ ព្រះអង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។ ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ ដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។ ព្រះអង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះអង្គ​មិន​ឃើញ ព្រះអង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។ ពេល​ព្រះអង្គ​ដក​យក​អ្វី​ទៅ​ហើយ គ្មាន​នរណា​អាច​ឃាត់​ព្រះអង្គ​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះអង្គ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ដូច្នេះ” ដែរ។ ពេល​ព្រះអង្គ​ព្រះ‌ពិរោធ​ហើយ ព្រះអង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេ ព្រះអង្គ​បង្ក្រាប​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។ ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះអង្គ ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះអង្គ? ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះអង្គ​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។ ទោះ​បី​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះអង្គ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។ ព្រះអង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើន ដោយ​ឥត​ហេតុ​ផល។ ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា ពន់​ប្រមាណ។ ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​ជាង ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌ តើ​នរណា​ហៅ​ព្រះអង្គ​មក​កាត់​ក្ដី? ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំ ទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដី ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។ តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ? ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ! ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។ ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ! ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា “ព្រះអង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ ទាំង​មនុស្ស​អាក្រក់”។ ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាល ឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះ ព្រះអង្គ​សើច​ចំអក​ឲ្យ​គេ នៅ​ពេល​ដែល​គេ​វេទនា។ ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ បើ​ព្រះអង្គ​មិន​ធ្វើ​បែប​នេះ​ទេ តើ​នរណា​ជា​អ្នក​ធ្វើ? ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខ លឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀត គឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខ ដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។ ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខ លឿន​ជាង​នាវា ឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។ ប្រសិន​បើ​ខ្ញុំ​ពោល​ថា: “ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ” នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះអង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​គ្មាន​ទោស​ឡើយ។ ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោស ដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះ‌សា​ខ្លួន​បាន​ការ​អ្វី? ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួន ទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ ក៏​ព្រះអង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូលបង្គំ ក៏​ខ្ពើម​ទូលបង្គំ​ដែរ។ ព្រះអង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។ គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល សម្រុះ‌សម្រួល​រឿងរ៉ាវ​រវាង ព្រះអង្គ​នឹង​ខ្ញុំ​បាន​ទេ។ សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្ដី​បាន ដោយ​លែង​ភិត‌ភ័យ។ ប៉ុន្តែ តាម​ពិត ខ្ញុំ​នៅ​តែ​ម្នាក់​ឯង!

ចែក​រំលែក
អាន យ៉ូប 9

យ៉ូប 9:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា ខ្ញុំ​ដឹង​ប្រាកដ​ថា​ជា​យ៉ាង​នោះ​ហើយ ប៉ុន្តែធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន បើ​គេ​ចង់​តវ៉ា​នឹង​ទ្រង់ នោះ​ក្នុង​១​ពាន់ គេ​រក​ឆ្លើយ​តែ​១​ក៏​មិន​បាន​ផង ទ្រង់​មាន​ព្រះ‌ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដ៏​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង‌ទទឹង​នឹង​ទ្រង់ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ ទ្រង់​លើក​ភ្នំ​ឲ្យ​ឃ្លាត​ចាក​ទី​ទៅ​ឥត​ឲ្យ​ដឹង​ផង ទ្រង់​ក៏​ផ្កាប់​វា​ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ទ្រង់​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ ទ្រង់​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ទ្រង់​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង គឺ​ទ្រង់​តែ​១​អង្គ​ឯង​ដែល​លាត‌ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ ទ្រង់​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ​ក្រៃ‌លែង ដែល​រក​យល់​មិន​បាន នឹង​ការ​អស្ចារ្យ​ឥត​គណនា មើល ទ្រង់​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ទ្រង់​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។ ព្រះ‌ទ្រង់​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់ ចំណង់​បើ​ខ្ញុំ តើ​នឹង​ទូល​ឆ្លើយ​ដល់​ទ្រង់​តិច​ជាង​គេ​អំបាល‌ម៉ាន​ទៅ​ទៀត ទោះ​បើ​ខំ​រើស​ពាក្យ​ទូល​នឹង​ទ្រង់​ក៏​ដោយ ឯ​ខ្ញុំ សូម្បី​បើ​ខ្ញុំ​បាន​សុចរិត គង់​តែ​មិន​ហ៊ាន​ទូល​ឆ្លើយ​ដល់​ទ្រង់​ផង ខ្ញុំ​នឹង​អង្វរ​ដល់​ចៅ‌ក្រម​នៃ​ខ្ញុំ​វិញ បើ​សិន​ជា​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ទ្រង់​បាន​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​បាន​ទទួល​ស្តាប់​សំឡេង​របស់​ខ្ញុំ​ដែរ ដ្បិត​ទ្រង់​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ចំរើន​របួស​ខ្ញុំ​ឲ្យ​ច្រើន​ឡើង​ដោយ​ឥត​ហេតុ ទ្រង់​មិន​បើក​ឲ្យ​ខ្ញុំ​ដក​ទាំង​ដង្ហើម​ផង គឺ​ទ្រង់​ចំអែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង​វិញ បើ​នឹង​គិត​ប្រើ​កំឡាំង នោះ​មើល ទ្រង់​ក៏​ខ្លាំង​ជាង​ទៅ​ទៀត ឬ​បើ​គិត​ពី​សេចក្ដី​ជំនុំ​ជំរះ នោះ​ទ្រង់​មាន​បន្ទូល​មក​ថា តើ​អ្នក​ណា​នឹង​កោះ​ហៅ​អញ បើ​ខ្ញុំ​នឹង​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ ទោះ​បើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍ គង់​តែ​មិន​ពឹង​ដល់​ខ្លួន​ឯង​ទេ ខ្ញុំ​ស្អប់​ជីវិត​នៃ​ខ្ញុំ សេចក្ដី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ទ្រង់​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ នឹង​មនុស្ស​អាក្រក់​ផង បើ​សិន​ជា​សេចក្ដី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម នោះ​ទ្រង់​នឹង​សើច​ឡក ដល់​សេចក្ដី​ល្បង​ល​របស់​មនុស្ស​ឥត​ទោស ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។ ឯ​ថ្ងៃ​ទាំង‌ឡាយ​នៃ​អាយុ​ខ្ញុំ នោះ​លឿន​ជាង​អ្នក​រត់​សំបុត្រ ក៏​រត់​បាត់​ទៅ ឥត​ដែល​ឃើញ​សេចក្ដី​ល្អ​អ្វី​ឡើយ ក៏​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា បើ​សិន​ជា​ខ្ញុំ​ថា ខ្ញុំ​នឹង​បំភ្លេច​សេចក្ដី​ដំអូញ​របស់​ខ្ញុំ ក៏​នឹង​បំផ្លាស់​បំប្រែ​ទឹក​មុខ​ព្រួយ​ចេញ ហើយ​នឹង​មាន​ចិត្ត​ធូរ​ឡើង​វិញ នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះខ្ញុំ​នឹង​នឿយ‌ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី បើ​សិន​ជា​ខ្ញុំ​នឹង​សំអាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ គង់​តែ​អ្នក​នឹង​បោះ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ភក់‌ជ្រាំ​វិញ នោះ​ទាំង​សំលៀក‌បំពាក់​ខ្ញុំ​នឹង​ខ្ពើម​ខ្ញុំ​ផង ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ គ្មាន​អ្នក​ណា​ជា​អ្នក​កណ្តាល ដែល​នឹង​ដាក់​ដៃ​លើ​យើង​ទាំង​២​សង្រួប‌សង្រួម​ឡើយ ឲ្យ​ទ្រង់​ដក​ដំបង​ពី​ខ្ញុំ​ចេញ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​មក​បំភ័យ​ខ្ញុំ​ទៀត នោះ​ខ្ញុំ​នឹង​ទូល​ដល់​ទ្រង់​ឥត​ភ័យ​ខ្លាច ដ្បិត​ដែល​ខ្លួន​ខ្ញុំ​នៅ​តែ​យ៉ាង​នេះ នោះ​ខ្ញុំ​មិន​ហ៊ាន​ទេ។

ចែក​រំលែក
អាន យ៉ូប 9