យ៉ូប 8:1-22
យ៉ូប 8:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៊ីលដាឌ ជាសាសន៍ស៊ូអា ឆ្លើយឡើងថា៖ «តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណា ហើយបព្ចោញវាចាដូចជាខ្យល់ព្យុះ ដល់កាលណាទៀត? តើព្រះបង្ខូចយុត្តិធម៌ឬ? តើព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គដែលបង្ខូចសេចក្ដីសុចរិតដែរឬ? ប្រសិនបើកូនៗរបស់អ្នក បានធ្វើបាបទាស់នឹងព្រះអង្គ ព្រះអង្គបានប្រគល់គេ ទៅក្នុងអំណាច នៃសេចក្ដីកំហុសរបស់គេ។ បើអ្នកស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា បើខ្លួនអ្នកបរិសុទ្ធ ហើយទៀងត្រង់ នោះប្រាកដជាព្រះអង្គនឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានចម្រើនឡើងវិញ។ យ៉ាងនោះ ទោះបើខាងដើមនៃអ្នក បានតូចទាបក៏ដោយ គង់តែដល់ចុងបំផុត អ្នកនឹងបានចម្រើនជាធំឡើង។ ចូរស៊ើបសួររកពីតំណមនុស្សដែលកន្លងទៅ ហើយត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្ដី ដែលបុព្វបុរសគេបានស្វែងរកឲ្យចេះចុះ ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមក ពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬ? តើដើមកក់ដុះដោយឥតភក់បានឬ? ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ? កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត។ ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡល្មើស នឹងត្រូវវិនាសទៅដែរ។ ជាពួកមនុស្សដែលទីពឹងរបស់គេ នឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមង នៃពីងពាងប៉ុណ្ណោះ។ អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ។ អ្នកនោះចម្រើនលូតលាស់នៅក្រោមពន្លឺថ្ងៃ ហើយបែកមែកសាខាក្នុងសួនច្បារ។ ឯឫសចាក់ស្រេះទៅក្នុងថ្ម ក៏រករហូតដល់បានប្រទះនឹងដុំថ្ម។ បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា យើងមិនបានឃើញឯងទេ។ មើល៍ នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង។ មើល៍ ព្រះមិនដែលលះបង់ មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។ ដល់ចុងបំផុត ព្រះអង្គនឹងឲ្យមាត់អ្នក បានពេញដោយសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើង ដោយអំណរវិញ។ ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ»។
យ៉ូប 8:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា មានប្រសាសន៍ថា៖ «តើលោកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើលោកបញ្ចេញពាក្យសម្ដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ? ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។ ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន ព្រះអង្គមុខជាជួយលោក ហើយស្ដារស្ថានភាពរបស់លោក ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។ អ្វីៗដែលលោកធ្លាប់មានពីមុន ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ មានចំនួនច្រើនលើសនោះទៅទៀត។ ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធ ដែលដូនតារបស់លោករកឃើញ ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល។ សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះ ចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាប នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។ តើដើមត្រែងអាចដុះនៅក្រៅត្រពាំង ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ? បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី ទោះបីគ្មាននរណាកាត់ក៏ដោយ ក៏វាក្រៀមស្ងួត មុនតិណជាតិទាំងប៉ុន្មានទៅទៀត។ រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ នឹងរលាយសូន្យ។ បង្អែករបស់គេត្រូវបាក់ អ្វីៗដែលគេទុកចិត្ត ប្រៀបដូចជាសំបុកពីងពាង។ គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ គេខំប្រឹងតោងផ្ទះ តែផ្ទះមិននៅស្ថិតស្ថេរឡើយ។ គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ ព្រោះសម្បូណ៌កម្ដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។ ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម ហើយរុកទៅដល់ផ្ទាំងសិលា។ ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ! មនុស្សទមិឡរមែងទទួលផលបែបនេះ ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។ ព្រះជាម្ចាស់មិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។ បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក សើចសប្បាយឡើងវិញ ហើយឲ្យលោកបន្លឺសំឡេងដោយអំណរ។ អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង រលាយសូន្យ»។
យ៉ូប 8:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ តើព្រះទ្រង់ដែលបង្វែរសេចក្ដីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្ដីសុចរិតដែរឬ បើសិនជាកូនទាំងឡាយរបស់អ្នកបានធ្វើបាបនឹងទ្រង់ ហើយទ្រង់បានប្រគល់វា ទៅក្នុងអំណាចនៃសេចក្ដីកំហុសរបស់វា បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្ដីចំរើនផង យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។ ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្ដី ដែលពួកឰយុកោគេបានស្វែងរកឲ្យចេះចុះ ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬអី តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទមិលល្មើសនឹងត្រូវវិនាសទៅដែរ ជាពួកមនុស្សដែលទីពឹងរបស់គេនឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមងនៃពីងពាងប៉ុណ្ណោះ អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ អ្នកនោះខៀវខ្ចី នៅក្រោមពន្លឺថ្ងៃ ក៏បែកមែកលូតទៅក្នុងសួនច្បារ ឯឫសចាក់ស្រេះទៅក្នុងថ្ម ក៏រករហូតដល់បានប្រទះនឹងដុំថ្ម បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា អញមិនបានឃើញឯងទេ មើល នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង មើល ព្រះទ្រង់មិនដែលលះបង់មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ ដល់ចុងបំផុត ទ្រង់នឹងឲ្យមាត់អ្នកបានពេញដោយសេចក្ដីសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើង ដោយអំណរវិញ ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។