យ៉ូប 7:1-6
យ៉ូប 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ? តើជីវិតគេមិនមែនដូចជាជីវិត របស់អ្នកស៊ីឈ្នួលទេឬ? ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល ខ្ញុំក៏ទទួលរងទុក្ខវេទនាជាច្រើនខែ ហើយក៏នឿយហត់រាល់តែយប់ដូច្នោះដែរ។ កាលណាខ្ញុំទៅដេក ខ្ញុំតែងតែនឹកថា តើកាលណាខ្ញុំនឹងក្រោកឡើង? ប៉ុន្តែ ពេលយប់ពន្យាកាន់តែយូរ ខ្ញុំក៏ចេះតែប្រះខ្លួនទៅមកដរាបដល់ភ្លឺ។ សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយគួរខ្ពើម។ អាយុជីវិតរបស់ខ្ញុំ លឿនជាងត្រល់តម្បាញទៅទៀត ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹម។
យ៉ូប 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ យ៉ាងនោះដែរ។ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។ អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
យ៉ូប 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្ដីនឿយហត់រាល់តែយប់ កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ នឹងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។