យ៉ូប 6:1-30

យ៉ូប 6:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖ «ឱ​បើ​សេចក្ដី​មួម៉ៅ​របស់​ខ្ញុំ​បាន​ថ្លឹង​មើល ដោយ​ដាក់​លើ​ជញ្ជីង ជា‌មួយ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​នោះ។ ដ្បិត​នឹង​ធ្ងន់​ជាង​ខ្សាច់​សមុទ្រ​ទៅ​ទៀត គឺ​ហេតុ​នោះ​បាន​ជា​ពាក្យ​ខ្ញុំ បាន​ជ្រួស‌ហួស​ទៅ។ ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ បាន​តម្រៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ។ បើ​លា​ព្រៃ​មាន​ស្មៅ​ស៊ី តើ​វា​ស្រែក​ដែរ​ឬ? តើ​គោ‌រោទ៍​កំពុង​ដែល​ស៊ី​ចំបើង​ឬ? របស់​ដែល​គ្មាន​រស​ជាតិ តើ​នឹង​បរិ‌ភោគ​ឥត​អំបិល​បាន​ឬ? តើ​ស​របស់​ពង​មាន​រស​ឬ? សេចក្ដី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះ‌ពាល់ នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។ ឱ​ប្រសិន‌បើ​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​នោះ។ គឺ​សូម​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កម្ទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ។ យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ​ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល របស់​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ។ តើ​កម្លាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត? តើ​ចុង​បំផុត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់? តើ​កម្លាំង​របស់​ខ្ញុំ​ដូច​ជា​កម្លាំង​ថ្ម​ឬ? តើ​សាច់​របស់​ខ្ញុំ​ជា​លង្ហិន​ដែរ​ឬ? តាម​ពិត ក្នុង​ខ្លួន​ខ្ញុំ គ្មាន​ទី​ពឹង​ទៀត​ទេ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។ អ្នក​ដែល​មិន​សម្ដែង សេចក្ដី​អាណិត​អាសូរ​ដល់​មិត្ត​ភក្ដិ អ្នក​នោះ​លែង​កោត​ខ្លាច ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ។ ឯ​បង‌ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ ជា​ទឹក​ដែល​មើល​ទៅ​ខ្មៅៗ ដោយ​ព្រោះ​កក​ហើយ ក៏​មាន​ហិមៈ​នៅ​កប់​ក្នុង​នោះ​ដែរ លុះ​មាន​ពេល​ក្តៅ​ក៏​រលាយ​ទៅ រួច​ដល់​រដូវ​ក្តៅ ទឹក​នោះ​រីង​បាត់ ពី​កន្លែង​អស់​រលីង។ ពួក​ដំណើរ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ក៏​បែរ​ចេញ គេ​កប់​បាត់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ត្រូវ​វិនាស​សូន្យ​ទៅ។ ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ គេ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​បាន​ទុក​ចិត្ត គេ​បាន​ទៅ​ដល់​ទី​នោះ តែ​ត្រូវ​ទាល់​បើ​គិត។ គឺ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​វេទនា​របស់​ខ្ញុំ ហើយ​ក៏​ស្លុត​ក្នុង​ចិត្ត។ តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ? ឬ​ថា សូម​យក​ទ្រព្យ‌សម្បត្តិ​ខ្លះ​របស់​អ្នក ថ្វាយ​ជា​តង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ? តើ​បាន​ថា សូម​ជួយ​ឲ្យ​ខ្ញុំ រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ? ឬ​ថា សូម​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ នៃ​អ្នក​ដែល​សង្កត់‌សង្កិន​ឬ? សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស​ឆ្គង​អ្វី។ ពាក្យ​សម្ដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្ដាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ? ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សម្ដី​ឬ? អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្ត​សម្លាញ់​ខ្លួន​ផង។ ប៉ុន្តែ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ នឹង​អ្នក​រាល់​គ្នា​ទេ។ សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។ តើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​អណ្ដាត​ខ្ញុំ​ឬ? តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្ដី​ខូច​កាច​ទេ​ឬ។

ចែក​រំលែក
អាន យ៉ូប 6

យ៉ូប 6:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង គេ​នឹង​ឃើញ​វា​ធ្ងន់​ជាង​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។ ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ? ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ? តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ? តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ? ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។ សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។ គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ដ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ! ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។ ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹម ហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វី ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។ តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្ម ហើយ​រូប​កាយ​ដូច​លង្ហិន​ឬ? ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយ ហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។ អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួល ចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព កោតខ្លាច​ព្រះ‌ជាម្ចាស់។ បងប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត ដូច​ទឹក​ជ្រោះ​ដែល​រីង ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។ នៅ​ចុង​រដូវ​ត្រជាក់ ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករ ព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។ នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែង ព្រោះ​តែ​កម្ដៅ​ថ្ងៃ។ ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវ នាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ។ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ា នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ ហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។ នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរ អស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្ន ហើយ​បែរ​ជា​ភ័យ​ខ្លាច! ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោក យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ ឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។ សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា? បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួល តែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះ មិន​សម​ហេតុ​សម​ផល​ទេ។ ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ? អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។ ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា? ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។ តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?

ចែក​រំលែក
អាន យ៉ូប 6

យ៉ូប 6:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យ៉ូប​លោក​ឆ្លើយ​ឡើង​ថា ឱ​បើ​សេចក្ដី​មួម៉ៅ​របស់​ខ្ញុំ​បាន​ថ្លឹង​មើល ដោយ​ដាក់​នៅ​ជញ្ជីង ជា​មួយ​នឹង​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទៅ​អេះ នោះ​នឹង​បាន​ធ្ងន់​ជាង​ខ្សាច់​សមុទ្រ​ទៅ​ទៀត គឺ​ហេតុ​នោះ​បាន​ជា​ពាក្យ​ខ្ញុំ បាន​ជ្រួស‌ហួស​ទៅ ពី​ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ​ទៅ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ​បាន​ដំរៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ បើ​លា​ព្រៃ​មាន​ស្មៅ​ស៊ី តើ​វា​ស្រែក​ដែរ​ឬ តើ​គោ‌រោទ៍​កំពុង​ដែល​ស៊ី​ចំបើង​ឬ ឯ​របស់​ដែល​គ្មាន​រស‌ជាតិ តើ​នឹង​បរិភោគ​ឥត​អំបិល​បាន​ឬ​ទេ តើ​ស​របស់​ពង​មាន​រស​ឬ​ទេ សេចក្ដី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះ‌ពាល់ នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។ ឱ​បើ​សិន​ជា​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​ទៅ​អេះ គឺ​ឲ្យ​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិន​កំទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត​ទ្រង់ ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ‌ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ពី​ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ តើ​កំឡាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត តើ​ចុង​បំផុត​ខ្ញុំ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់ តើ​កំឡាំង​ខ្ញុំ​ជា​កំឡាំង​នៃ​ថ្ម​ឬ​អី ឯ​សាច់​ខ្ញុំ តើ​ជា​លង្ហិន​ដែរ​ឬ នេះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ទី​ពឹង​ក្នុង​ខ្លួន​ខ្ញុំ​ទេ​ឬ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ​ឬ។ ឯ​អ្នក​ណា​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា នោះ​គួរ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​សំដែង​សេចក្ដី​អាណិត‌អាសូរ​ដែរ ទោះ​បើ​ជា​អ្នក​ដែល​លែង​កោត‌ខ្លាច​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ដោយ ឯ​បង​ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ ជា​ទឹក​ដែល​មើល​ទៅ​ខ្មៅៗ ដោយ​ព្រោះ​កក​ហើយ ក៏​មាន​ហិមៈ​នៅ​កប់​ក្នុង​នោះ​ដែរ លុះ​មាន​ពេល​ក្តៅ​ក៏​រលាយ​ទៅ រួច​ដល់​រដូវ​ក្តៅ ទឹក​នោះ​រីង​បាត់​ពី​កន្លែង​អស់​រលីង ពួក​ដំណើរ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ក៏​បែរ​ចេញ គេ​កប់​បាត់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ត្រូវ​វិនាស​សូន្យ​ទៅ ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ គេ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​បាន​ទុក​ចិត្ត គេ​បាន​ទៅ​ដល់​ទី​នោះ តែ​ត្រូវ​ទាល់​បើ​គិត គឺ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​វេទនា​របស់​ខ្ញុំ ហើយ​ក៏​ស្លុត​ក្នុង​ចិត្ត តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ ឬ​ថា សូម​យក​ទ្រព្យ​សម្បត្តិ​ខ្លះ​របស់​អ្នក​ថ្វាយ​ជា​ដង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ​អី តើ​បាន​ថា សូម​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ឬ​ថា សូម​លោះ​ខ្ញុំ​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សង្កត់‌សង្កិន​ឬ​អី។ សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស‌ឆ្គង​អ្វី ពាក្យ​សំដី​ត្រឹម‌ត្រូវ នោះ​ពូកែ​បណ្តាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សំដី​ឬ​អី អើ អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្រ​សំឡាញ់​ខ្លួន​ផង ដូច្នេះ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ឲ្យ​ពេញ​ភ្នែក​ចុះ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ​នឹង​អ្នក​រាល់​គ្នា​ទេ សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ អើ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ តើ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​អណ្តាត​ខ្ញុំ​ឬ តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្ដី​ខូច​កាច​ទេ​ឬ​អី។

ចែក​រំលែក
អាន យ៉ូប 6