យ៉ូប 42:1-17
យ៉ូប 42:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកយ៉ូបទូលឆ្លើយប្រាប់ ព្រះយេហូវ៉ាថា៖ «ទូលបង្គំដឹងថាព្រះអង្គធ្វើទាំងអស់កើត ហើយឃាត់ព្រះតម្រិះព្រះអង្គណាមួយមិនបាន តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ "ចូរស្តាប់ចុះ យើងនឹងនិយាយសិន យើងនឹងសួរឯង ចូរឯងឆ្លើយប្រាប់យើង" កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែ ឮថ្លែងពីព្រះអង្គប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំ បានឃើញព្រះអង្គជាក់វិញ បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។ ក្រោយដែលព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះដល់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា៖ «យើងមានកំហឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំងពីរនេះដែរ ដ្បិតអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូប ជាអ្នកបម្រើយើងទេ។ ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។ ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា និងសូផារ សាសន៍ណាអាម៉ា ក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយព្រះអង្គក៏ទទួលព្រមតាមយ៉ូប។ កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។ គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយលោក គេសម្ដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកម្សាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់មួយដួង និងកងមាសមួយវង់ៗដល់លោក។ ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅពេលក្រោយនេះ លើសជាងមុនទៅទៀត លោកក៏មានចៀមមួយម៉ឺនបួនពាន់ អូដ្ឋប្រាំមួយពាន់ គោមួយពាន់នឹម និងលាញីមួយពាន់។ លោកក៏បង្កើតបានកូនប្រុសប្រាំពី កូនស្រីបីទៀត កូនស្រីទីមួយ ឈ្មោះយេមីម៉ា ទីពីរឈ្មោះកេស៊ីយ៉ា ហើយទីបីឈ្មោះកេរេន-ហាពូក។ នៅគ្រប់ស្រុកនោះ គ្មានស្ត្រីណាដែលមានរូបឆោមស្រស់ដូចជាកូនស្រីរបស់លោកយ៉ូបនោះទេ ហើយឪពុកក៏បែងចែកមត៌កដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ។ ក្រោយមក លោកយ៉ូបរស់នៅបានមួយរយសែសិបឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់បួនតំណ។ លោកយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតរបស់លោក។:៚
យ៉ូប 42:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះអង្គ ទាល់ព្រះតម្រិះឡើយ។ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។ ព្រះអង្គមានព្រះបន្ទូលទៀតថា “ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ” កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង។ ហេតុនេះ ទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។ ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូលអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។ លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។ នៅពេលដែលលោកយ៉ូបទូលអង្វរឲ្យមិត្តភក្ដិរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្តែងការអាណិតអាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបណ្ដាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។ ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមីម៉ា» កូនស្រីទីពីរ «កេស៊ីយ៉ា» និងកូនស្រីទីបី «កេរេន-ហាពូក»។ នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។ ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។ បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕
យ៉ូប 42:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះយ៉ូបក៏ទូលឆ្លើយដល់ព្រះយេហូវ៉ាថា ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត ហើយថា នឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ ទ្រង់មានបន្ទូលថា ចូរស្តាប់ចុះ អញនឹងនិយាយសិន អញនឹងសួរឯង ចូរឯងឆ្លើយប្រាប់អញ កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ។ ក្រោយដែលព្រះយេហូវ៉ាបានមានបន្ទូលពាក្យទាំងនេះដល់យ៉ូបហើយ នោះទ្រង់មានបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា អញមានសេចក្ដីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ ដូច្នេះ ចូរឯងរាល់គ្នាយកគោឈ្មោល៧ នឹងពពែឈ្មោល៧នាំទៅឯយ៉ូប ជាអ្នកបំរើអញឥឡូវ រួចថ្វាយដង្វាយដុតសំរាប់ខ្លួនទៅ នោះយ៉ូប ជាអ្នកបំរើអញនឹងអធិស្ឋានឲ្យឯងរាល់គ្នា ដ្បិតអញនឹងទទួលវា ក្រែងអញប្រព្រឹត្តនឹងឯងរាល់គ្នាតាមអំពើចំកួតរបស់ឯង ពីព្រោះឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា នឹងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។ កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក នឹងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសំដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ នឹងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។ ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត លោកក៏មានចៀម១ម៉ឺន៤ពាន់ អូដ្ឋ៦ពាន់ គោ១ពាន់នឹម នឹងលាញី១ពាន់ លោកក៏បង្កើតបានកូនប្រុស៧ កូនស្រី៣ទៀត កូនស្រីទី១ លោកឲ្យឈ្មោះយេមីម៉ា ទី២ឈ្មោះកេស៊ីយ៉ា ហើយទី៣ឈ្មោះកេរេន-ហាពូក រីឯនៅគ្រប់ក្នុងស្រុកនោះ គ្មានឃើញស្ត្រីណាដែលមានរូបឆោមពិសី ដូចជាកូនស្រីរបស់យ៉ូបនោះទេ ហើយឪពុកក៏បែងចែកមរដកដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ ក្រោយពីនោះមក យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់៤ដំណ នោះយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង។:៚