យ៉ូប 40:1-5
យ៉ូប 40:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ លោកយ៉ូបទៀតថា៖ «ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។ លោកយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖ «មើល៍! ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ព្រះអង្គដូចម្តេចបាន? ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ។ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ បាននិយាយពីរដងផង តែលែងពោលអ្វីទៀតហើយ»។
យ៉ូប 40:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបទៀតថា៖ «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។ លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ ដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
យ៉ូប 40:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់យ៉ូបទៀតថា ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។ នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។