យ៉ូប 4:1-8
យ៉ូប 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អេលីផាស ជាសាសន៍ថេម៉ាន បានឆ្លើយតបថា៖ «ប្រសិនបើយើងឆ្លើយតបនឹងអ្នក តើអ្នកអន់ចិត្តឬទេ? ប៉ុន្តែ តើអ្នកណាទ្រាំមិននិយាយបាន? មើល៍! អ្នកបានទូន្មានប្រដៅ ដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង ពាក្យសម្ដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចម្រើនកម្លាំងដល់ជង្គង់ខ្សោយ។ តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ប៉ះនឹងអ្នក ហើយអ្នកមានបែរជាស្រយុតចុះ។ អស់អ្នកដែលកោតខ្លាចព្រះ នោះហើយជាទីអាងរបស់អ្នក ហើយអ្នកដែលប្រព្រឹត្តទៀងត្រង់ នោះហើយជាទីសង្ឃឹមរបស់អ្នក។ ចូរអ្នកពិចារណាចុះ តើអ្នកឥតទោសដែលវិនាសឬ? តើមានកន្លែងណាដែលមនុស្សទៀងត្រង់ ត្រូវកាត់ចេញនោះ? តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
យ៉ូប 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖ «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត? លោកបានទូន្មានមនុស្សជាច្រើន ហើយលោកក៏បានជួយមនុស្សជាច្រើន ឲ្យមានកម្លាំងឡើងវិញដែរ។ ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ អាចឈរមាំមួនឡើងវិញដែរ។ ឥឡូវនេះ ដល់វេនលោក លោកបែរជាបាក់ទឹកចិត្ត ពេលហេតុការណ៍នេះកើតមានដល់លោក លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។ លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយរស់នៅដោយទៀងត្រង់ ដូច្នេះ ចូរមានសង្ឃឹម និងផ្ញើជីវិតលើព្រះអង្គចុះ។ សូមលោកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ? ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់ សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
យ៉ូប 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អេលីផាស ជាសាសន៍ថេម៉ាន គាត់ឆ្លើយតបថា បើសិនជាយើងស៊កឆ្លើយនឹងអ្នក នោះតើអ្នកនឹងអន់ចិត្តឬទេ តែតើអ្នកឯណានឹងទ្រាំមិននិយាយបាន មើលអ្នកបានទូន្មានប្រដៅដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកំឡាំងឡើង ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចំរើនកំឡាំងដល់ជង្គង់ខ្សោយ តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្ដីស្រយុតចុះ ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្ដីទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាចចុះ គេរមែងច្រូតបានសេចក្ដីនោះឯងវិញ