យ៉ូប 4:1-21

យ៉ូប 4:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អេលី‌ផាស ជា​សាសន៍​ថេម៉ាន បាន​ឆ្លើយ​តប​ថា៖ «ប្រសិន‌បើ​យើង​ឆ្លើយ​តប​នឹង​អ្នក តើ​អ្នក​អន់​ចិត្ត​ឬ​ទេ? ប៉ុន្តែ តើ​អ្នក​ណា​ទ្រាំ​មិន​និយាយ​បាន? មើល៍! អ្នក​បាន​ទូន្មាន​ប្រដៅ ដល់​មនុស្ស​ជា​ច្រើន ក៏​បាន​ធ្វើ​ឲ្យ​ដៃ​ខ្សោយ​មាន​កម្លាំង​ឡើង ពាក្យ​សម្ដី​របស់​អ្នក​បាន​ទប់‌ទល់​ពួក​អ្នក ដែល​កំពុង​តែ​ដួល ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដល់​ជង្គង់​ខ្សោយ។ តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​បែរជា​ស្រយុត​ចុះ។ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ នោះ​ហើយ​ជា​ទី​អាង​របស់​អ្នក ហើយ​អ្នក​ដែលប្រព្រឹត្ត​ទៀង​ត្រង់ នោះ​ហើយ​ជា​ទី​សង្ឃឹមរបស់​អ្នក។ ចូរ​អ្នកពិចារណា​ចុះ តើ​អ្នក​ឥត​ទោស​ដែល​វិនាស​ឬ? តើ​មាន​កន្លែង​ណា​ដែល​មនុស្ស​ទៀង​ត្រង់ ត្រូវ​កាត់​ចេញ​នោះ? តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក ដែល​ភ្ជួរ​បំផុល​អំពើ​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​វិញ។ គេ​ត្រូវ​វិនាស​ទៅ ដោយ​ខ្យល់​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​បញ្ឆេះ​គេ​អស់។ ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់។ សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​សិង្ហ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។ រីឯ​មាន​សេចក្ដី​មួយ​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សម្ងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ។ នៅ​វេលា​ដែល​ការ​ជាក់​ស្តែង កំពុង​តែ​បណ្ដាល​ឲ្យ​គំនិត​កម្រើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស កំពុង​ដេក​លក់​ស៊ប់ នោះ​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង។ មាន​វិញ្ញាណ​មួយ​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សម្គាល់​ថា មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​ពោល​មក​ថា "តើ​មនុស្ស​ដែល​តែង‌តែ​ស្លាប់ នឹង​បាន​សុចរិត​នៅ​ចំពោះ ព្រះ​ឬ? តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក​ឬ? សូម្បី​តែ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទុក​ចិត្ត​មិន​បាន ហើយ​ពួក​ទេវតា​របស់​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​ប្រកាន់​ថា​មាន​កំហុស​ដែរ តើ​នឹង​ទៅ​ជា​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ។ នៅ​រវាងពេល​ព្រឹក​នឹង​ល្ងាច នោះ​វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ។ ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង"។

ចែក​រំលែក
អាន យ៉ូប 4

យ៉ូប 4:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖ «ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់ តើ​លោក​ធុញ‌ទ្រាន់​នឹង​ស្ដាប់​ឬ​ទេ? ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត? លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើន ហើយ​លោក​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ដែរ។ ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ លោក​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ទន់​ជង្គង់ អាច​ឈរ​មាំ‌មួន​ឡើង​វិញ​ដែរ។ ឥឡូវ​នេះ ដល់​វេន​លោក លោក​បែរ​ជា​បាក់​ទឹក​ចិត្ត ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​លោក លោក​បែរ​ជា​វិល‌វល់​ក្នុង​ចិត្ត​ទៅ​វិញ។ លោក​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់ ដូច្នេះ ចូរ​មាន​សង្ឃឹម និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ។ សូម​លោក​គិត​មើល​ចុះ​ថា តើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យ ហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ? ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់ សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិត រមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជានិច្ច គឺ​ពួក​គេ​វិនាស​ដោយ‌សារ​ព្រះ‌ពិរោធ​របស់ ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។ ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា តែ​ព្រះ‌អម្ចាស់​នឹង​បំបិទ​មាត់ ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។ សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។ ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗ ហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ យ៉ាង​ស្រាលៗ។ ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។ ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់‌ញ័រ​សព្វ​សព៌ាង្គ‌កាយ គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ។ មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ខ្ញុំ តែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេ មាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា: “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​ព្រះ‌ជាម្ចាស់ តើ​គេ​បរិសុទ្ធ​ជាង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​ឬ? សូម្បី​តែ​ពួក​ទេវតា ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ក៏​ព្រះអង្គ​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយ ព្រោះ​ព្រះអង្គ​ទត​ឃើញ​គេ​មាន​កំហុស នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋ កើត​មក​ពី​ធូលី​ដី ហើយ​ដែល​គេ​អាច​ជាន់​កម្ទេច​ដូច​ដង្កូវ​នេះ តើ​ឲ្យ​ព្រះអង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន? ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។ ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់ គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។

ចែក​រំលែក
អាន យ៉ូប 4

យ៉ូប 4:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អេលី‌ផាស ជា​សាសន៍​ថេម៉ាន គាត់​ឆ្លើយ​តប​ថា បើ​សិន​ជា​យើង​ស៊ក​ឆ្លើយ​នឹង​អ្នក នោះ​តើ​អ្នក​នឹង​អន់​ចិត្ត​ឬ​ទេ តែ​តើ​អ្នក​ឯ​ណា​នឹង​ទ្រាំ​មិន​និយាយ​បាន មើល​អ្នក​បាន​ទូន្មាន​ប្រដៅ​ដល់​មនុស្ស​ជា​ច្រើន ក៏​បាន​ធ្វើ​ឲ្យ​ដៃ​ខ្សោយ​មាន​កំឡាំង​ឡើង ពាក្យ​សំដី​របស់​អ្នក​បាន​ទប់‌ទល់​ពួក​អ្នក ដែល​កំពុង​តែ​ដួល ហើយ​អ្នក​បាន​ចំរើន​កំឡាំង​ដល់​ជង្គង់​ខ្សោយ តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ពាល់​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​សេចក្ដី​ស្រយុត​ចុះ ដែល​អ្នក​កោត‌ខ្លាច​ដល់​ព្រះ នោះ​តើ​មិន​មែន​ជា​ទី​អាង​របស់​អ្នក ហើយ​ដែល​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​សុទ្ធ​តែ​ទៀង​ត្រង់ នោះ​តើ​មិន​មែន​ជា​ទី​សង្ឃឹម​ដល់​អ្នក​ទេ​ឬ​អី ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក​ដែល​ភ្ជួរ​បំផុល​សេចក្ដី​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច​ចុះ គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​ឯង​វិញ គេ​ត្រូវ​វិនាស​ទៅ ដោយ​អស្សាសៈ​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បញ្ឆេះ​គេ​អស់​ទៅ ឯ​សូរ​គ្រហឹម​របស់​សិង្ហ នឹង​សំឡេង​របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់ ឯ​សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​មេ​សិង្ហ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ។ រីឯ​មាន​សេចក្ដី​១​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សំងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ នៅ​វេលា​ដែល​ការ​ជាក់​ស្តែង កំពុង​តែ​បណ្តាល​ឲ្យ​គំនិត​កំរើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​កំពុង​ដេក​លក់​ស៊ប់ នោះ​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង រួច​មាន​វិញ្ញាណ​១​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សំគាល់​ថា​ជា​មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​រសាវៗ​ពោល​មក​ថា មនុស្ស​ដែល​តែង‌តែ​ស្លាប់ តើ​នឹង​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ឬ តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក​ឬ​អី មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិវារ​ទ្រង់​ទេ ឯ​ពួក​ទេវតា​ទ្រង់ នោះ​ក៏​ប្រកាន់​ថា​មាន​សេចក្ដី​អួត​អាង​ដែរ ចំណង់​បើ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ នោះ​តើ​យ៉ាង​ណា​ទៅ ពី​ព្រឹក​ដល់​ល្ងាចវា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់‌កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង។

ចែក​រំលែក
អាន យ៉ូប 4