យ៉ូប 39:1-30

យ៉ូប 39:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​ឯង​ដឹង​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន ឬ​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ? តើ​ឯង​កំណត់​ដឹង​ថា​វា​ត្រូវ​មាន​ទម្ងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ? ដឹង​ពេល​វា​ចំកោង​ខ្លួន​សម្រាល​កូន​មក រួច​ផុត​ពី​សេចក្ដី​ឈឺ​ចាប់​របស់​វា​ឬទេ? កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។ តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ ឲ្យ​មាន​សេរី‌ភាព ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​របស់​វា ដែល​យើង​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា? វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សម្រែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ។ ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។ តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ? តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ? ឯង​អាច​នឹង​ចង​គោ​ព្រៃ ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ? តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ? តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កម្លាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ? តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ? ឯ​ស្លាប​សត្វ​អូទ្រុស​ញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង និង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ? វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់ ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​ឡើយ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី។ វា​តែង​នៅ​ជា​មួយ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង ព្រោះ​ព្រះ​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ។ វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល​ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។ តើ​ឯង​ឬ ដែល​ឲ្យ​សេះ​មាន​កម្លាំង? តើ​ឯង​ឬ ដែល​តាក់​តែងឲ្យ​សេះ​មាន​សក់ ដែល​រលាស់​ដោយ​ខ្យល់? តើ​ឯង​ឬ ដែល​ធ្វើ​ឲ្យ​វា អាច​លោត​ដូច​ជា​កណ្តូប? ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កម្លាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ។ វា​មើល​ងាយ​សេចក្ដី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ។ បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ​ផ្លេកៗ និង​ដែក​ពួយ​ផង។ វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ។ វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា "ហេះ‌ហេ" វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។ តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ? តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ? វា​នៅ​តាម​ក្រហែង​ថ្ម ក៏​ធ្វើ​សម្បុក​នៅ​ទី​នោះ គឺ​នៅ​តាមក្រហែង​ថ្ម​ភ្នំ​ជា​ទី​មាំ‌មួន។ ពី​ទី​នោះ វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ។ កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សម្លាប់​គ្នា ក៏​មាន​វា​នៅ​ទី​នោះ»។

ចែក​រំលែក
អាន យ៉ូប 39

យ៉ូប 39:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពពែ​ព្រៃ​មាន​កូន​នៅ​ពេល​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​អ្នក​ដែល​សង្កេត​ឃើញ ក្ដាន់​ញី​បង្កើត​កូន​ឬ​ទេ? តើ​អ្នក​បាន​រាប់​ចំនួន​ខែ​ដែល​វា​ផើម ហើយ​ដឹង​ពេល​ដែល​វា​ត្រូវ​បង្កើត​កូន​ឬ​ទេ? វា​ក្រាប​ចុះ រួច​បង្កើត​កូន​ចេញ​មក ហើយ​បាត់​ការ​ឈឺ​ចាប់។ កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួន ហើយ​ចម្រើន​ធំ​ឡើង​នៅ​តាម​ទី​វាល រួច​ចាក​ចេញ​ពី​មេ​វា​ទៅ ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។ តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​លា​ព្រៃ ដោយ​ស្រាយ​ចំណង​របស់​វា? យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ ដី​ដែល​មាន​ជាតិ​ប្រៃ​ជា​លំនៅ​របស់​វា។ វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។ វា​រក​ស៊ី​នៅ​តាម​ដង​ភ្នំ វា​ស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។ តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នក ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ? តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ បង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ? តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នក នៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ? តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា ហើយ​ចង់​ឲ្យ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន របស់​អ្នក​ឬ​ទេ? តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ? សត្វ​អូទ្រុសទទះ​ស្លាប​យ៉ាង​សង្ហា ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ? វា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ខ្សាច់ ដោយ​ពុំ​នឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កម្ទេច​ឡើយ។ វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មាន​គំនិត​យោបល់។ ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខ នោះ​សេះ និង​អ្នក​ជិះ​សេះ ពុំ​អាច​ដេញ​តាម​វា​ទាន់​ឡើយ។ តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​សេះ? តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​សក់​ដ៏​វែង​អន្លាយ ដុះ​នៅ​លើ​កញ្ចឹង‌ក​របស់​វា? តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប និង​មាន​សម្រែក​គួរ​ឲ្យ​ញាប់‌ញ័រ? វា​បោល​នៅ​តាម​ជ្រលង​ភ្នំ ហើយ​បញ្ចេញ​កម្លាំង សម្រុក​ទៅ​រក​សមរ‌ភូមិ។ វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត ហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​ឡើយ។ សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង និង​ស្ន លាន់​ឮ​នៅ​លើ​ខ្លួន​វា។ វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែង វា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។ កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើង វា​ស្រង់​ក្លិន​ចម្បាំង​ពី​ចម្ងាយ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ព និង​សម្រែក​ប្រកាស​សឹក​ដែរ។ តើ​សត្វ​ប្រមង់​សំកាំង​ស្លាប តម្រង់​ទៅ​ទិស​ខាង​ត្បូង ដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មី ដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ? តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើ ហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗ តាម​បញ្ជា​របស់​អ្នក​ឬ? នៅ​ពេល​យប់ វា​ស្នាក់​នៅ​តាម​ថ្ម វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។ ពី​ទី​ខ្ពស់​នោះ វា​សម្លឹង​ចាំ​ចាប់​រំពា វា​អាច​មើល​ឃើញ​ពី​ចម្ងាយ។ កូន​របស់​វា​ជញ្ជក់​ឈាម ទី​ណា​មាន​សាក‌សព វា​ស្ថិត​នៅ​ទី​នោះ»។

ចែក​រំលែក
អាន យ៉ូប 39

យ៉ូប 39:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​ឯង​ដឹង​ជា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សំរាល​កូន ឬ​នឹង​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទំលាក់​កូន​ឬ​ទេ តើ​ឯង​នឹង​កំណត់​ដឹង​ជា​វា​ត្រូវ​មាន​ទំងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ វា​ចំកោង​ខ្លួន​សំរាល​កូន​មក រួច​ផុត​ពី​សេចក្ដី​ឈឺ‌ចាប់​របស់​វា កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។ តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ ឲ្យ​មាន​សេរី‌ភាព ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​លា​ផ្លាង ដែល​អញ​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សំរែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។ តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ ឯង​អាច​នឹង​ចង​គោ​ព្រៃ​ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កំឡាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ។ ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់ ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​បង់ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី​ទៅ​ទេ វា​ទុរជន​ចំពោះ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង ពី​ព្រោះ​ព្រះ‌ទ្រង់​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល‌ងាយ​ដល់​ទាំង​សេះ នឹង​អ្នក​ជិះ​ផង។ តើ​ឯង​ឬ​អី ដែល​ឲ្យ​សេះ​មាន​កំឡាំង តើ​ឯង​ឬ​អី​ដែល​តាក់‌តែង ឲ្យ​សេះ​មាន​សក់​ដែល​រលាស់ ដោយ​ខ្យល់ តើ​ឯង​ឬ​អី ដែល​ធ្វើ​ឲ្យ​វា​អាច​លោត ដូច​ជា​កណ្តូប ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កំឡាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ វា​មើល‌ងាយ​សេចក្ដី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ‌ផ្លេកៗ នឹង​ដែក​ពួយ​ផង វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា ហេះ‌ហេ វា​ស្រង​ក្លិន​ចំបាំង​ពី​ចំងាយ ក៏​ស្គាល់​សំរែក​នៃ​ពួក​មេ‌ទ័ព នឹង​សូរ​ទ្រហឹង​អឺង‌អាប់។ តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ​អី វា​នៅ​លើ​ទី​ចំហុង​ភ្នំ ក៏​ធ្វើ​សំបុក​នៅ​ទី​នោះ គឺ​នៅ​ទី​បំផុត​នៃ​ញក​ភ្នំ​ជា​ទី​មាំ‌មួន ពី​ទី​នោះ​វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សំឡាប់​គ្នា នោះ​វា​ក៏​មាន​នៅ​ទី​នោះ។

ចែក​រំលែក
អាន យ៉ូប 39