យ៉ូប 39:1-12
យ៉ូប 39:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើឯងដឹងវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ? តើឯងកំណត់ដឹងថាវាត្រូវមានទម្ងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ? ដឹងពេលវាចំកោងខ្លួនសម្រាលកូនមក រួចផុតពីសេចក្ដីឈឺចាប់របស់វាឬទេ? កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។ តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងរបស់វា ដែលយើងបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា? វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសម្រែកនៃអ្នកបញ្ចេរវាឡើយ។ ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។ តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ? តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ? ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ? តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ? តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ?
យ៉ូប 39:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពពែព្រៃមានកូននៅពេលណា តើអ្នកដឹងឬទេ? តើអ្នកដែលសង្កេតឃើញ ក្ដាន់ញីបង្កើតកូនឬទេ? តើអ្នកបានរាប់ចំនួនខែដែលវាផើម ហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ? វាក្រាបចុះ រួចបង្កើតកូនចេញមក ហើយបាត់ការឈឺចាប់។ កូនរបស់វាក៏មានកម្លាំងមាំមួន ហើយចម្រើនធំឡើងនៅតាមទីវាល រួចចាកចេញពីមេវាទៅ ឥតវិលត្រឡប់មកវិញឡើយ។ តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃ ដោយស្រាយចំណងរបស់វា? យើងបានឲ្យវារស់នៅតាមព្រៃល្បោះ ដីដែលមានជាតិប្រៃជាលំនៅរបស់វា។ វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ វារកស៊ីនៅតាមដងភ្នំ វាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។ តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក ហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ? តើអ្នកអាចយកខ្សែមកចងគោព្រៃ បង្ខំវាឲ្យភ្ជួរស្រែបានឬទេ? តើវាសុខចិត្តអូសរនាស់ឲ្យអ្នក នៅតាមជ្រលងភ្នំឬទេ? តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ? តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ យកទៅលានបោកបែន ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
យ៉ូប 39:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើឯងដឹងជាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសំរាលកូន ឬនឹងចំណាំបានពេលដែលក្តាន់ញីទំលាក់កូនឬទេ តើឯងនឹងកំណត់ដឹងជាវាត្រូវមានទំងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ វាចំកោងខ្លួនសំរាលកូនមក រួចផុតពីសេចក្ដីឈឺចាប់របស់វា កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។ តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងលាផ្លាង ដែលអញបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។ តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកំឡាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ។