យ៉ូប 38:1-41

យ៉ូប 38:1-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​នឹង​លោក​យ៉ូប​ថា៖ «តើ​អ្នក​ណា​ដែល​បង្អាប់​ព្រះ​តម្រិះ ដោយ‌សារ​ពាក្យ​សម្ដី​ឥត​ប្រាជ្ញា​ដូច្នេះ? ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ យើង​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​យើង។ តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី? ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។ បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី? តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់? តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី ឬ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ក្នុង​ពេល​ផ្កាយ​ព្រឹក​ច្រៀង​ជា‌មួយ​គ្នា និង​អស់​ទាំងពួក​ស្ថានសួគ៌ ស្រែក​ហ៊ោ​ដោយ​អំណរ? តើ​អ្នក​ណា​បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក នៅ​ពេល​ដែល​ធ្លាយ​ចេញ​មក ដូច​ជា​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ? គឺ​ក្នុង​កាល​ដែល​យើង​បាន​ហ៊ុម​ដោយ​ពពក ទុក​ដូច​ជា​អាវ ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្ដី​ងងឹត​ជា​យ៉ាង​ក្រាស់ ទុក​ជា​កន្សែង ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ ហើយ​ក៏​ដាក់​រនុក និង​ទ្វារ​ផង ដោយ​ពាក្យ​ថា "ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ នឹង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ"។ តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់ ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ? ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ។ ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។ តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជម្រៅ នៃ​បាត​សមុទ្រ​ឬ​ទេ? ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សម្ដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ? តើ​ឯង​បាន​ពិចារ‌ណា​ឃើញ ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ? ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្ដី​ទាំង​អស់​នេះ​ហើយ។ តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ? ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ ឯង​បាន​កើត​មក​ហើយ ឯ​អាយុ​ឯង​ក៏​វែង​យូរ​ណាស់​ផង តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល ដែល​យើង​បាន​បម្រុង​ទុក សម្រាប់​គ្រា​អន្តរាយ​ឬ? គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា? តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នៅ ប្រយោជន៍​នឹង​ចម្អែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ ស្មៅ​ពន្លក​ដុះ​ឡើង​នោះ? តើ​ភ្លៀង​មាន​ឪពុក​ឬ? តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម? តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា? តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក ដែល​មក​ពី​លើ​មេឃ? ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជម្រៅ នោះ​ទឹក​បាន​កក​ហើយ។ តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ? តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន ចេញ​តាម​រដូវ​បាន ឬ​តម្រង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ? តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ? តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ លើ​ផែនដី​បាន​ដែរ​ឬ? តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ? តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ ដោយ​ឆ្លើយ​មក​ឯង​ថា "បាទ" បាន​ឬ​ទេ? តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ? តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក ដើម្បី​ឲ្យ​ធូលី​បាន​ហូរ​ប្រសព្វ​គ្នា ហើយ​ឲ្យ​ដុំ​ដី​បាន​រលាយ​ជាប់​គ្នា​វិញ? តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី ឬ​ចម្អែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ? តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ?

ចែក​រំលែក
អាន យ៉ូប 38

យ៉ូប 38:1-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ? ចូរ​ប្រុង​ប្រៀប​ខ្លួន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដី នោះ​តើ​អ្នក​នៅ​ឯ​ណា? ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ ចូរ​ថ្លែង​មក​ចុះ។ នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដី តើ​អ្នក​ដឹង​ឬ​ទេ? តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី? តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់ ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ? តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល ទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី? គឺ​យើង​ហើយ ដែល​យក​ពពក​បិទ‌បាំង​សមុទ្រ ទុក​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រ យើង​បាន​ទប់​សមុទ្រ​ជាប់ ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។ យើង​បញ្ជា​ទៅ​សមុទ្រ​ថា “ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ! ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ!”។ តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា ឲ្យ​មាន​ពេល​ព្រឹក ហើយ​កំណត់​ពេល​វេលា​ឲ្យ​ថ្ងៃ​រះ​ឡើង បំភ្លឺ​ជាយ​ផែនដី និង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ? ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង ដូច​ដី​ឥដ្ឋ​ដែល​គេ​កំពុង​ចាក់​ពុម្ព ហើយ​ធម្ម‌ជាតិ​ក៏​បញ្ចេញ​សម្រស់​ដ៏​ល្អ​ប្រណីត។ រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេ ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។ តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រ ហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហា‌សាគរ​ឬ​ទេ? តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញ ទ្វារ​ស្ថាន​មច្ចុរាជ ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ? តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា? បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ! តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា? តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា? បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វា ហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។ អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយ រីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ! តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ? យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែក សម្រាប់​គ្រា​មហន្ត‌រាយ និង​សម្រាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។ ពន្លឺ​ចាំង​ចែង​មក​តាម​ផ្លូវ​ណា ហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង មក​លើ​ផែនដី​តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀង ហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់ រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ និង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែង និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង? តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ? នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម? តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក ព្រម​ទាំង​សម្រាល​ចេញ​ជា​សន្សើម​កក ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ? ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម ហើយ​មហា‌សាគរ​ក៏​កក​ដែរ។ តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នា ឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ? តើ​អ្នក​អាច​ធ្វើ​ឲ្យ​ចក្រ‌រាសី​លេច​ចេញ​មក តាម​ពេល​កំណត់​របស់​វា និង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ? តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃ ហើយ​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើ ផែនដី​បាន​ឬ​ទេ? ពេល​អ្នក​ស្រែក​បញ្ជា​ទៅ​ពពក តើ​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ឬ​ទេ? ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ​រស្មី តើ​វា​យល់​ព្រម​ទៅ​ឬ​ទេ? តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន ថា​ដល់​ពេល​ទឹក​ឡើង ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់? តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពក ព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃ ឲ្យ​បង្ហូរ​ទឹក​ចុះ​មក ដើម្បី​ស្រោច​ស្រព​ធូលី​ដី​ឲ្យ​នៅ​ផ្គុំ​គ្នា ហើយ​ធ្វើ​ឲ្យ​ដី​បែក​ក្រហែង មក​នៅ​ជាប់​គ្នា​វិញ។ តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញី និង​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​កូន​សិង្ហ​បាត់​ឃ្លាន នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូង ឬ​សម្ងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ? តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​ឲ្យ​សត្វ​ក្អែក នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះ‌ជាម្ចាស់ ហើយ​ហើរ​ចុះ​ហើរ​ឡើង ព្រោះ​អត់​អាហារ?

ចែក​រំលែក
អាន យ៉ូប 38

យ៉ូប 38:1-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ខ្យល់​កួច​តប​នឹង​យ៉ូប​ថា តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ ដោយ‌សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់ បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់ តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។ តើ​អ្នក​ណា​បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក ក្នុង​កាល​ដែល​ធ្លាយ​ចេញ​មក បែប​ដូច​ជា​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ គឺ​ក្នុង​កាល​ដែល​អញ​បាន​ហ៊ុម​ដោយ​ពពក ទុក​ដូច​ជា​អាវ ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្ដី​ងងឹត​ជា​យ៉ាង​ក្រាស់ ទុក​ជា​កន្សែង ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ ហើយ​ក៏​ដាក់​រនុក នឹង​ទ្វារ​ផង ដោយ​ពាក្យ​ថា ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ នឹង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ។ តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់ ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា​ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។ តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជំរៅ​នៃ​បាត​សមុទ្រ​ឬ​ទេ ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ តើ​ឯង​បាន​ពិចារណា​ឃើញ​ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្ដី​ទាំង​អស់​នេះ​ហើយ។ តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ ឯង​បាន​កើត​មក​ហើយ ឯ​អាយុ​ឯង ក៏​វែង​យូរ​ណាស់​ផង តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រិល ដែល​អញ​បាន​បំរុង​ទុក​សំរាប់​គ្រា​អន្តរាយ​ឬ គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចំបាំង តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា។ តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ ប្រយោជន៍​តែ​នឹង​ចំអែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង នឹង​ធ្វើ​ឲ្យ​ស្មៅ​ពន្លក​ដុះ​ឡើង​នោះ តើ​ភ្លៀង​មាន​ឪពុក​ឬ តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជំរៅ នោះ​ទឹក​បាន​កក​ហើយ។ តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន​ចេញ​តាម​រដូវ​បាន ឬនឹង​ដំរង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ​លើ​ផែនដី​បាន​ដែរ​ឬ។ តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ ដោយ​ឆ្លើយ​មក​ឯង​ថា «បាទ» បាន​ឬ​ទេ តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​នឹង​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក ដើម្បី​ឲ្យ​ធូលី​បាន​ហូរ​ប្រសព្វ​គ្នា ហើយ​ឲ្យ​ដុំ​ដី​បាន​រលាយ​ជាប់​គ្នា​វិញ។ តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី ឬ​ចំអែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ម៉ប‌ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ។

ចែក​រំលែក
អាន យ៉ូប 38